កាលពីថ្ងៃទី10 ឧសភា ឆ្នាំ2024 គ្រួសារតារាកម្ពុជា ក្រោមការដឹកនាំរបស់លោក ផាត់ តារារដ្ឋ អតីតបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ កាលពីពេលបោះឆ្នោត បានគៀងគរសប្បុរសជន និង សិល្បករជាច្រើន ចុះជួយចែកអំណោយ ជាមួយនឹងសមាគមតន្ត្រីសំនៀងជនពិការ។ ពិធីនេះ បានចូលរួមដោយតំណាងថ្នាក់ដឹកនាំខេត្តស្វាយរៀង និងក្រោមអធិបតីយភាពលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាក្រសួងកិច្ចការនារី។

លោក ផាត់ តារារដ្ឋ ដែលបានដឹកនាំសិល្បករ អោយចូលរួម បានលើកឡើងថា ដោយសារតែមើលឃើញពីសកម្មភាពជាគំរូ របស់សមាគមតន្ត្រីសំនៀងជនពិការ ក្រោមកាដឹកនាំរបស់ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច និង អតីតយុទ្ធជន ដែលតែងតែគៀងគរសប្បុរសជន និង ដឹកនាំបងប្អូនជាជនមានពិការភាព រំលេចនូវសកម្មភាពចែកអំណោយនានា ទើបក្នុងនាមលោកគឺជាមេក្រុមសិល្បករមួយ ត្រូវតែចូលរួមបំផុស ដោយក្រៅពីដឹកនាំក្រុមសិល្បករអោយចូលរួម លោកក៏បានដឹកនាំក្រុមអ្នកសារព័ត៌មាន ផ្ទះតារា អោយថតផ្សព្វផ្សាយលើកទឹកចិត្ត ដល់សកម្មភាពរបស់សមាគមជនពិការ។ ក្នុងនោះលោកក៏បាន គៀងគរសប្បុរសជន រួមមាន លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុន ម៉ាហ៊ូ លោកស្រី ស្រី គង្គ និង ស្វាមី ប្រធានសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមកុមារ ដើម្បីអោយមានការបរិច្ចាគជាថវិកា ជាសម្ភារៈសិក្សា និង ជាស្បៀងអាហារផ្សេងៗ ជួយដល់សមាគមតន្ត្រីសំនៀងជនពិការ ក្នុងការរួមចំណែកចែកអំណោយនាថ្ងៃនោះ។ ក្រៅពីចូលរួម សិល្បករដែលដឹកនាំដោយគ្រួសារតារាកម្ពុជា រួមមាន លោកស្រី រ៉េតរ៉ូស តារាសម្ដែង. អ្នកនាង ភីយ៉ា តារាសម្ដែង. លោក រុន ណាកូ ពិធីករ. លោកជំទាវ រីយ៉ា សមាជិកក្រុម. លោក សុខ វិសាល តារាសម្ដែង. លោក វង សច្ចៈវិជ្ជា ពិធីករ. និង លោក ពៅពៅ សុទ្ធតែបានរួមគ្នាបរិច្ចាគជាសម្ភារៈ និង មានការចែកលុយដល់ផ្ទាល់ ជូនដល់ក្មេងៗផងដែរ។ គ្រួសារតារាកម្ពុជា ក៏បាននាំយកថវិកាពីបងប្អូនអ្នកសិល្បៈមួយចំនួនតូច ដែលបានបរិច្ចាគ យកមកទិញជាសម្ភារៈសិក្សា និង ជាអំណោយខ្លះៗ ប្រគល់ជូនដល់សមាគមតន្ត្រីសំនៀងជនពិការ។

ឯកឧត្តម ចាប តូ ដែលជាបង្កើតកម្មវិធី បានលើកឡើងថា ដោយសារតែសាលាបឋមសិក្សាព្រៃទប់ គឺជាកន្លែងដែលឯកឧត្តមធ្លាប់សិក្សា ហើយក៏មើលឃើញពីការខ្វះខាត និង ចង់លើកទឹកចិត្តដល់ប្អូនៗ ជាសិស្សពូកែ ទើបឯកឧត្តមគៀងគរបណ្ដាក្រុមហ៊ុន ជាសប្បុរសជន នាំយកអំណោយមកប្រគល់ជូន ដោយរួមមានទាំងសម្ភារៈសិក្សា ថវិកា និង កង់ជាដើម។ ឯកឧត្តម ក៏បានកោតសរសើរចំពោះបងប្អូនជាសិល្បករផងដែរ ដែលបានចូលរួមបំផុស ផ្សព្វផ្សាយ និង បានបរិច្ចាគជាសម្ភារៈផ្សេងៗ ជួយដល់សមាគម។

លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា នេះគឺជាគំរូមួយដ៏ល្អ ដែលបងប្អូនជាជនពិការ តែបានរួមចំណែកជាជួយដល់អ្នកមានកាយសម្បទាពេញលេញ ក្រោយពេលមានឱកាស។ លោកជំទាវថា ជនពិការពិតជាធនធានមួយដ៏មានតម្លៃនៅក្នុងសង្គម ដោយមិនមែនជាបន្ទុករបស់ជាតិនោះទេ ប៉ុន្តែគឺជាផ្នែកមួយដ៏សំខាន់ នៅពេលបងប្អូនជាជនពិការអាចមានលទ្ធភាព ជួយដល់អ្នកខ្សត់ខ្សោយដូចនេះវិញ។ លោកជំទាវក៏លើកទឹកចិត្តដល់សិស្សនុសិស្ស អោយខិតខំរៀនសូត្រ និង ខិតខំធ្វើអោយមានតម្លៃ ដើម្បីបានរួមចំណែកជួយដល់សង្គមដូចគ្នា ឯកឧត្តម ចាប តូ នាពេលនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here