បើកកិច្ចប្រជុំ កាលពីថ្ងៃទី10 ឧសភា ឆ្នាំ2024 របស់សមាគមសិល្បករខ្មែរ ក្រោមអធិបតីភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមទើបជាប់ឆ្នោតថ្មី លោកជំទាវអ្នកឧកញ៉ា បានទទូចអោយសិល្បករ សិល្បការិនី ដែលមានបទពិសោធន៍ក្នុងវិស័យសិល្បៈ ដោយរាប់បញ្ចូលទាំង អតីតបេក្ខភាព ដែលបានឈរឈ្មោះបោះឆ្នោត រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលទទួលបានសំលេងគាំទ្រលំដាប់លេខ2 និង លោក គួច ខេវិន ផលិតករទូរទស្សន៍ ដែលទទួលបានសំលេងគាំទ្រពីការបោះឆ្នោតលំដាប់លេខ3 អោយមានការចូលរួមជួយដល់សមាគម នៅក្នុងអណ្ណត្តិថ្មីនេះ អោយបានសស្រាក់សស្រាំ។ លោកជំទាវប្រធាន សំណូមពរអោយចូលរួមផ្ដល់ជាគំនិត និងបង្ហាញសកម្មភាព ជាមួយសមាគមអោយបានពេញលេញ ដើម្បីអោយសមាគមក្នុងអណ្ណត្តិក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា កាន់តែមានការរីកចំរើន និង បង្ហាញអោយឃើញពីកម្លាំងសាមគ្គី។

លោកជំទាវប្រធានថា អ្នកដែលបង្ហាញខ្លួនក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនេះ មិនថាភាគីខាងណា សូមបន្តសកម្មភាពជួយដល់សមាគម ហើយសមាគមនឹងមិនអាចដើរទៅបានដោយជោគជ័យបានទេ បើគ្មានការចូលរួមអោយបានពេញលេញពីគ្រប់ភាគី។ លោកជំទាវ ក៏នឹងអាចបង្កើតគណកម្មការ វាយតម្លៃ និង គ្រប់គ្រងតារាតាមជំនាញ ដើម្បីអោយ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងការដឹកនាំផងដែរ។ លោកជំទាវសំណូមពរអោយស្ម័គ្រចិត្តចូលរួម ហើយចូលរួមអោយបានគ្រប់លើកដែលសមាគមត្រូវការ ដើម្បីជួយចែករំលែកសមត្ថភាព និង ជួយអោយសមាគមសម្រេចការងារនីមួយៗបានជោគជ័យ។

លោកជំទាវអ្នកឧកញ៉ា ក៌បានយល់ស្របផងដែរ ចំពោះការលើកឡើងរបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអតីតបេក្ខភាពក្នុងពេលបោះឆ្នោត ដែលស្នើអោយសមាគមអណ្ណត្តិថ្មី មានចំណាត់ការសហការជាមួយម្ចាស់ក្រុមហ៊ុន និង ផលិតករផលិតកម្ម ដើម្បីអោយវិស័យទាំងនោះ ជ្រើសតែសិល្បករ អោយក្លាយជា BA ឬ ថតផ្សាយផ្សេងៗ តែសិល្បករណាដែលមានការទទួលស្គាល់ដោយសមាគម តាមរយៈក្លាយជាសមាជិក ឬ បានទទួលការបណ្ដុះបណ្ដាលវគ្គខ្លីណាមួយ ពីសមាគមរួចហើយ ដើម្បីអោយតារាអាជីព កាន់តែមានតម្លៃ និង មានទីផ្សារ ក្រោយបានរួមចំណែកជាមួយសមាគម។ លោកជំទាវ និង សមាសភាពចូលរួមប្រជុំ ក៏បានឯកភាពគ្នាលើមាគ៌ាមួយចំនួន ដើម្បីកំណត់ថា ស្ថិតក្នុងលក្ខន្តិកៈបែបណា ទើបអាចក្លាយជាតារាអាជីព ឬ ក្លាយជាសមាជិក ដោយលក្ខណ្ឌនោះ នឹងត្រូវប្រកាសផ្សាយជាសធារណៈ នាពេលខាងមុខ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអតីតបេក្ខភាព ក្នុងពេលឈរឈ្មោះ បានយល់ឃើញថាសកម្មភាពជួបប្រជុំគ្នា របស់សមាគមដែលផ្ដល់ឱកាសអោយគ្រប់ភាគី ជាពិសេសគឺមានតារារៀមច្បង បានចូលរួមបញ្ខេញមតិដ៏ធំមួយនេះ កាន់តែធ្វើអោយចំណាត់ការរបស់សមាគមនៅក្នុងអណ្ណត្តិថ្មីមានប្រសិទ្ធិភាពខ្ពស់ ក្នុងការគ្រប់គ្រងសិល្បករ។ លោកថា នេះក៏ជាការបង្រួបបង្រួមអ្នកដែលមានសមត្ថភាពៗនៅក្នុងសិល្បៈដោយមិនរើសអើងវិស័យ ដែលផ្ដល់ជាប្រយោជន៍សម្រាប់អ្នកសិល្បៈផងដែរ។ ក្នុងចំណោមសិល្បករសិល្បការិនី ដែលបានបញ្ចេញយោបបល់ លោកថា ខ្លួនពិតជាបានស្នើដល់សមាគម និង បានជជែកនៅក្រៅអង្គប្រជុំជាមួយ លោកជំទាវអ្នកឧកញ៉ាប្រធាន ដោយស្នើអោយលោកជំទាវ បង្កើនប្រសិទ្ធិក្នុងការលើកតម្កើងតម្លៃអ្នកសិល្បៈអាជីព ជាពិសេសគឺសមាជិក ដើម្បីអោយកាន់តែមានទីផ្សារប្រាកដមែន។ លោកថា ប្រសិនសមាគមមិនស្នើអោយបណ្ដាក្រុមហ៊ុន, Agency ឬ ម្ចាស់ផលិតផលនានា ចូលរួមលើកកម្ពស់ដល់សិល្បករ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ឬ ជាសមាជិក ដែលមានការទទួលស្គាល់ ដោយសមាគម នោះតារាមួយចំនួនដែលមិនបានឆ្លងកាត់សមាគម ពិតជាមិនអោយតម្លៃសមាគមនោះឡើយ។

ស្រួលមិនស្រួល តារាសិល្បៈ ដែលមិនមានការទទួលស្គាល់ដោយសមាគមទាំងនេះ អាចនឹងធ្វើរឿងមិនសមរម្យ បង្កអោយមានការរិះគន់ ឬ ធ្វើអោយប៉ះពាល់ដល់តម្លៃសីធម៌ នាំអោយអាប់អោនដល់អ្នកសិល្បៈដែលល្អៗនោះផង។ លោកសប្បាយចិត្ត ដែលលោកជំទាវប្រធាន បានចាត់ទុកថា ការលើកឡើងរបស់ខ្លួន គឺជាគំនិតដ៏ល្អ និងអះអាងថា សមាគមអាចនឹងបង្កើតនូវវគ្គបណ្ដុះបណ្ដាលណាមួយ ឬ រកលទ្ធភាពស្មើដល់បណ្ដាក្រុមហ៊ុន និង ក្រុមផលិតករទាំងអស់ អោយជួយផ្ដល់ឱកាសការងារ ចំពោះតារាដែលមានសមត្ថភាព និង បានទទួលស្គាល់ដោយសមាគមដូចការលើកឡើង ដើម្បីធ្វើអោយប្រាកដថា តារាអាជីពដែលជាសមាជិក ឬ ទទួលស្គាល់ដោយសមាគម កាន់តែមានតម្លៃ និង មានទីផ្សារ។

កិច្ចប្រជុំនៅក្នុងថ្ងៃនោះ ក៏បានពិភាក្សាលើបញ្ហាពាក់ព័ន្ធជាច្រើនផ្សេងទៀត ដើម្បីធានាអោយការប្រព្រឹត្តទៅរបស់សមាគម កាន់តែមានភាពល្អប្រសើរសំដៅលើកកម្ពស់កិត្យានុភាពនៃការវិស័យសិល្បៈវប្បធម៌ជាតិ ក៏ដូចជាការចូលរួមចំណែកគាំពារដល់សិល្បករផងដែរ ដែលបង្ហាញកាន់តែច្បាស់ថា លោកជំទាវប្រធានសមាគមថ្មី ពិតជាមានឆន្ទៈ កែទម្រង់ និង ធ្វើអោយវិស័យសិល្បៈ ល្អប្រសើរទ្វេរដង ក្នុងអណ្ណត្តិថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here