នៅថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2024 ខាងមុខនេះ យុទ្ធនាការ « រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together » ដែលជាក្មេងប្រុសកម្សត់មួយរូបកំពុងតែទទួលរងនូវឥទ្ធិពលជម្ងឺមហារីកដ៏កាចសាហាវនៅក្នុងវ័យទើបតែ 4ឆ្នាំ ដោយកម្មវិធីរៃអង្គាសថវិការនេះ នឹងប្រព្រឹត្តិឡើងនៅទីតាំង Factory Phnom Penh ចាប់ពីម៉ោង 5រសៀលតទៅ។
លោក ប្រាក់ សំណាង អ្នកផ្ដួចផ្ដើមយុទ្ធនាការនេះបានមានប្តសាសន៍ថា « ព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និង ការដើរបង្ហាញម៉ូតមួយនេះ ត្រូវបានលោក និង លោក ព្រហ្ម ពន្លឺ ដែលត្រូវជាឪពុកបង្កើតរបស់ប្អូន ឆលី បានមូលមតិគ្នារៀបចំឡើងក្នុងគោលបំណងដើម្បីរៃអង្គាសមូលនិធិសប្បុសធម៌ជួយសង្រ្គោះជីវិតឆាលី តាមរយៈការដេញថ្លៃលក់វត្ថុគំនូរសិល្ប: សម្លៀកបំពាក់ និង ប្រមូលថវិការមួយផ្នែកតាមរយៈការលក់សំបុត្រ។ »
លោកបន្តថា « នៅក្នុងថ្ងៃពិសេសនេះផងដែរ លោកក៏បានអញ្ជើញភ្ញៀវ ក៏ដូចជាតារាកិត្តិយស តារាម៉ូដែល ជាច្រើនរូបឱ្យចូលរួមសម្ដែងនៅក្នុងកម្មវិធី ដើម្បីជាភាពទាក់ទាញ និង ជាចលករដ៏ធំមួយផ្នែកដើម្បីជួយផ្សព្វផ្សាយកម្មបិធីឱ្យកាន់តែទូលំទូលាយទៅកាន់សប្បុរសជនទាំងក្នុង និង ក្រៅស្រុក។»
លោកបន្ថែមថា « ក្រៅពីអាចជួយសង្គ្រោះជីវិតក្មេងប្រុស ឆលី តាមរយៈរូបភាពនៃការប្រមូលថវិការនៅក្នុងកម្មវិធី ប៉ុន្តែលោកព្រមទាំងឪពុករបស់ក្មេងក៏បានក្លាយជាផ្នែកមួយនៅក្នុងការជួយលើកស្ទួយស្នាដៃសិល្បៈគំនូរខ្មែរ និង ផលិតផលក្នុងស្រុកផ្សេងៗទៀត ដូចជាសម្លៀកបំពាក់ ឬ វត្ថុអនុស្សាវរីយ៍ដែលផលិត និង បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលនឹងត្រៀមដាក់តាំងបង្ហាញដើម្បីលក់ជូនដល់បងប្អូនដែលបានអញ្ជើញចូលរួមនៅក្នុងថ្ងៃនោះ ជៀសជាងការប្រកាសសុំជំនួយទទេរៗពីសប្បុរសជន ហើយការចូលរួមរបស់អស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំចំពោះក្រុមគ្រួសាររបស់ក្មេងតូចឆលី។»
លោក ព្រហ្ម ពន្លឺ គឺជាសិល្បករគំនូសហសម័យមួយរូប និង ត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុស ឆលី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និង ក្រៅស្រុក ដែលកន្លងមកបានជួយជ្រោមជ្រែងជាថវិការ និង កំពុងបន្តជួយទំនុកបម្រុងកូនប្រុសរបស់លោកបន្ថែមទៀតមិនដាច់តាមរយៈការឧបត្ថម 1$ ក្ដី 2$ក្ដី ទៅតាមសទ្ធាជ្រះថ្លាខ្មែរជួយខ្មែរ។
លោកថា ប្រសិនបើគ្មានបងប្អូនសប្បុរសធម៌ជាច្រើនបានចូលរួមរំលែកបន្ទុកគ្រួសាររបស់លោក ប្រហែលជាកូនប្រុសរបស់លោកពុំអាចមើលឃើញពន្លឺនៃជីវិតជាថ្មីនោះឡើយ បើយោងតាមលទ្ធភាព និង ប្រាក់ចំណូលដែលលោករកបានពីអាជីវកម្មផ្ទាល់ខ្លួននោះឡើយ ដោយសារការវះកាត់ រួមទាំងការព្យាបាលគឺមានច្រើនដំណាក់កាល ហើយថវិការដែលត្រូវចំណាយក៏លោកអស់លទ្ធភាព។
លោកមានតែម្រាមដៃដប់ គោរពដឹងគុណចំពោះសប្បុរសជនដែលបានឧបត្ថមមកកាន់មូលនិធិជួយសង្គ្រោះ ឆលី កន្លងមក ហើយក៏សំណូមពរឱ្យបងប្អូនប្រជាជនខ្មែរ រួមទាំងសិល្បករ សិល្បការិនីនៅក្នុងប្រទេសកម្ពុជា ឱ្យចូលរួមនៅក្នុងកម្មវិធី ការដាក់ដេញថ្លៃសិល្បៈគំនូរ សប្បុរសធម៌ និង ការបង្ហាញម៉ូដ ឱ្យបានច្រើនកុះករ ដើម្បីជួយជាកម្លាំងចិត្ត និង បន្តជម្រុញការវះកាត់របស់ ឆលី ឱ្យបានជោគជ័យ។
គួររំឮកឡើងវិញថា ពិតថា ពន្លឺ វីរៈបុត្រ ហៅ ឆលី មានអាយុទើបតែ ៤ ឆ្នាំប៉ុណ្នោះ និង ត្រូវជាកូនប្រុសបង្កើតរបស់សិល្បករសហសម័យលោក ព្រហ្ម ពន្លឺ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ ហើយសព្វថ្ងៃក្មេងប្រុស ឆលី ក៏កំពុងតស៊ូនឹងជម្ងឺមហារីកដុំសាច់ក្នុងខួរក្បាល កម្រិតធ្ងន់ធ្ងរ ដែលកំពុងត្រូវការជំនួយសម្រាប់ការព្យាបាលជាច្រើនដំណាក់កាលពីបងប្អូនមហាជន។
បច្ចុប្បន្ននេះផងដែរ ក្រុមគ្រួសាររបស់ ឆលី កំពុងតែពុះពារធ្វើយ៉ាងណាឱ្យកូនជាទីស្រឡាញ់របស់ខ្លួន គេចផុតពីជម្ងឺដ៏កាចសាហាវមួយនេះ ដែលវាក៏បានកំពុងធ្វើបាបកុមារដទៃទៀតលើសកលលោកផងដែរ។
គួរបញ្ជាក់ផងដែរថាតម្លៃសំបុត្រដើម្បីចូលរួមទស្សនាការតាំងពិព័ណ៌ ដើម្បីប្រមូលថវិការចូលជាមូលនិធិសង្គ្រោះក្មេងប្រុស ឆលី កំពុងតែប្រកាសលក់ជាផ្លូវការ ដោយក្នុងនោះតម្លៃសំបុត្រមានបែងចែកចេញជាបីគឺ៖ VIP Ticket= 15$ , Special Ticket= 8$ និង Regular Ticket= 5$។ ចំពោះថវិកាដែលប្រមូលបានពីការលក់សំបុត្រ និង ថវិកាលក់បានពីការតាំងពិព័ណ៌ដេញថ្លៃស្នាដៃសិល្បៈនៅក្នុងកម្មវិធីទាំងស្រុង នឹងត្រូវបញ្ចូលនៅក្នុងមូលនិធិនេះ100% ដើម្បីបន្តសង្គ្រោះជីវិតក្មេងប្រុស ឆលី ។
សម្រាប់ព័ត៌មានទំនាក់ទំនងទិញសំបុត្រតាមរយៈលេខទូរស័ព្ទ ៖ 087 993 398 /០10 448 926 (ចំនួនមានកំណត់)