កាលពីរសៀលថ្ងៃទី 31 ខែ មិថុនា ឆ្នាំ 2024 មុននេះ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងថ្ងៃពិធី « អ្នកស្នងមរតក » រៀបចំឡើងដោយ សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ( ស្រីតូច ចំណាន ) ជាប្រធាន ក្រោមការចូលរួមយ៉ាងច្រើកុះករពីបណ្ដារអ្នកសិល្បៈ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករចាស់ជរា ទាំងក្នុង និង ក្រៅប្រព័ន្ធប្រមាណជាង 2000នាក់។

នាឱកាសដ៏មហាកិត្តិយសនេះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានក្រើនរម្លឹកដល់អ្នកសិល្បៈគ្រប់រូបតោងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការបង្កើតមាតិកាសម្ដែងដែលមានចរិតមិនល្អ ប៉ះពាល់ដល់សង្គមជាតិ និង វប្បធម៌ជាតិ។

សម្ដេចធិបតីបានស្នើសុំឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលសារអប់រំ និងលើកស្ទួយសីលធម៌សង្គមជាតិឱ្យបានល្អប្រសើរ ពាក់ព័ន្ធជាមួយនឹងការបង្កើតស្នាដៃថ្មី និង ការតែងនិពន្ធ ក្រៅពីការគិតគូរដល់ភាពប្លែកថ្មី សប្បាយ ទាក់ទាញ ដើម្បីឱ្យមានការចាប់អារម្មណ៍ និង ការគាំទ្រ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានក្លាយជាប្រធាន សមាគមសិល្បករខ្មែរ នាអាណត្តិទី៦នេះ តាមរយៈការទទួលបានសេចក្ដីទុកចិត្ត និង ទទួលបានសំទុះនៃការបោះឆ្នោតគាំទ្រឈានមុខគេ ជ្រើសរើសជាប្រធាន ហើយសម្ដេចក៏បាន អរគុណអតីតប្រធានសមាគមសិល្បករខ្មែរគ្រប់អាណត្តិ ដែលបានលះបង់កម្លាំងកាយចិត្ត វេលា ព្រមទាំងធនធាន ក្នុងការដឹកនាំសមាគម នាពេលកន្លងទៅប្រកបដោយជោគជ័យ និង ភាពរឹងមាំ ៕

មិនតែប៉ុណ្នោះសម្ដេចធិបតី និង លោកជំទាវបណ្ឌិត ក៏បានបរិច្ចាគនូវថវិការដ៏ថ្លៃថ្លាចំនួន 10ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពេញរយៈពេល 5ឆ្នាំ សម្រាប់ជាចំណែកជួយទ្រទ្រង់សកម្មភាពនៅក្នុងសមាគម។ ដែលនេះសបញ្ជាក់ឱ្យឃើញថា សម្តេច និង លោកជំទាវ ពិតជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនអ្នកសិល្បៈចាស់ក្មេង មិនមើលនឹងភ្នែកនោះឡើយ។

ផ្អែកលើគោលការនៃកម្មវិធី « អ្នកស្នងមរតក » ក្រោមទិសស្លោក ( រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី ) ក្នុងនោះផងដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក៏បានថ្លែងបញ្ជាក់ថា សម្រាប់អាណត្តុិទី៦នេះ សមាគមសិល្បករកម្ពុជា បានដាក់ចេញផែនការសកម្មភាពដើម្បី ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុងគោលបំណងផ្ដល់ឱកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និង អ្នកពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ព្រមជាមួយនឹងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង បង្កើន និង ពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និង បណ្ដុះការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ ថែមទាំងអាចចែករំលែកដល់ការគាំពារជួយទ្រទ្រង់សិល្បករចាស់ជរា និង អ្នកបាត់បង់សមត្ថភាព។
អ្នកឧកញ៉ាបន្ថែមទៀតថា សមាគមនឹងបញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្ដូរវប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងតំបន់តំបន់អាស៊ាន និង បណ្ដាប្រទេសដទៃទៀតក្នុងពិភពលោក។

ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី « អ្នកស្នងមរតក » ដែលរៀបចំយ៉ាងអធឹកអធមពីសំណាក់សមាគមសិល្បករខ្មែរនេះផងដែរសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ក៏បានជួបសំណេះសំណាល​ និង សាកសួរសុខទុក្ខ ដល់ព្រឹទ្ធាចារ្យវីរសិល្បករ​ សិល្បការីនី ដែលមានវ័យចំណាស់ ព្រមទាំងបានផ្តល់ជូនជាថវិកាឧបត្ថម្ភមួយចំនួនផងដែរ ព្រមទាំងពិសារអាហារសាមគ្គី និង ផ្ដល់មហាកិត្តិយសរាំលេងកម្សាន្តជាមួយនឹងបងប្អូនសិល្បករ បង្ហាញអំពីភាពស្និទស្នាល ការយកចិត្តទុកដាក់ និង ផ្ដល់ភាពកក់ក្ដៅដល់បងប្អូនសិល្បករ សិល្បការិនី។

LEAVE A REPLY

Please enter your comment!
Please enter your name here