(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី110យ៉ាងអធឹកអធម កាលពីថ្ងៃទី11 ខែមិថុនា ឆ្នាំ2024។ ថ្លែងក្នុងអង្គប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានថ្លែងការ​កោត​សរសើរដ៏ស្មោះ ជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការខិតខំប្រឹងប្រែង និង​កិច្ច​សហការ​ជាមួយ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជំរុញ និងចូលរួមអនុវត្តសេចក្តីជូន​ដំណឹង​លេខ ២១៣ សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កាគួរជាទីពេញចិត្ត។

ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព​កម្ម​វិធី​អេដស៍​ សម្រាប់​ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ផ្នែកនយោបាយ​យ៉ាង​មុត​មាំ​បន្ថែម​ទៀត​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្ត​បេសកកម្ម​ដ៏​ថ្លៃថ្លា​ពី​រាជ​រដ្ឋាភិបាល​នីតិកាលមុនៗ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន សម​ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

គោលនយោបាយជាតិបញ្ចប់អេដស៍ និង​ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានត្រូវរៀបចំ​ឡើង​ជា​ឧបករណ៍​ដ៏​មុត​ស្រួច ​ក្នុង​ការជំរុញការចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍​ជា​លក្ខណៈ​ពហុវិស័យ​ទាំង​នៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដោយឈរលើសសរស្តម្ភទាំងបីគឺ ទី១) ភាព​ជា​អ្នកដឹកនាំ ឬភាពជាម្ចាស់, ២)ភាពជាដៃគូ និង៣) ការវិនិយោគ រួមជាមួយគោលការណ៍បីមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ, ស្ថាប័នសម្របសម្រួលតែមួយ និង​ប្រព័ន្ធ​តាមដាន និងវាយតម្លៃតែមួយ។

លើសពីនេះ គោលនយោបាយជាតិក៏បានចង្អុលទិស ក្នុង​ការ​រៀបចំ​ផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យលុបបំបាត់ជំងឺអេដស៍ ដើម្បី​ធានា​នូវ​ការ​ឆ្លើយ​តបមួយឱ្យបានសមស្របទៅ នឹងសេចក្តីត្រូវ​ការ​ជាអា​ទិភាព​ក្នុង​ចំណោម​ក្រុម​គោលដៅ រួមជាមួយនឹងការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធផល និង​ប្រសិទ្ធ​ភាព​ឈា​ន​ទៅ​សម្រេច​បាន​នូវគោលដៅតាមកាលកំណត់។

អង្គប្រជុំទាំងមូល បានធ្វើការគោរពអបអរសាទរ រួមជាមួយនូវការថ្លែងនូវអំណរគុណ ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

LEAVE A REPLY

Please enter your comment!
Please enter your name here