ក្នុងសិក្ខាសាលាស្ដីពីចំណេះដឹងអេដស៍ ជាមួយតារាសិល្បៈប្រមាណជិត100នាក់ កាលពីព្រឹកថ្ងៃទី13 មិថុនា ឆ្នាំ2024 មុននេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ក្រោមការដឹកនាំរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានសម្រេចតែងតាំងបុគ្គលឆ្នើម2រូប ជាទូតសុឆន្ទៈថ្នាក់ជាតិ គឺ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីអោយអ្នកទាំងពីរក្លាយជាអ្នកផ្សព្វផ្សាយថ្នាក់ជាតិ ពីបញ្ហាអេដស៍នៅក្នុងស្រទាប់មហាជន ជាពិសេសគឺក្នុងរង្វង់អ្នកសិល្បៈ។ អ្នកទាំងពីរត្រូវបានតែងតាំងជាទូតសុឆន្ទៈថ្នាក់ជាតិ ពេញរយៈពេល2ឆ្នាំ ចាប់ពីឆ្នាំ2024នេះ រហូតដល់ឆ្នាំ2026 ដោយតំណែងរបស់អ្នកទាំងពីរ កាលពីមុន គឺជារបស់បុគ្គលល្បី3រូប គឺ លោកឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង ទេព បូព្រឹក្ស និង លោកឧកញ៉ា ឃ្លោក។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរសម្រេចតែងតាំងបុគ្គលទាំងពីរខាងលើ ដោយសារតែនាពេលបច្ចុប្បន្ន ទាំងលោកជំទាវឧកញ៉ា ម៉ៅ ចំណាន ទាំង លោក ផាត់ តារារដ្ឋ គឺសុទ្ធតែជាអ្នកដឹកនាំសិល្បៈ ដែលមានសក្កានុពល ដែលអាចជំរុញអោយមានការផ្សព្វផ្សាយពីបញ្ហាអេដស៍ នៅក្នុងចង្កោមតារា បានកាន់តែមានប្រសិទ្ធិភាព ស្របពេលដែលប្រធានសមាគមសិល្បករខ្មែរ និង ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏មានសកម្មភាពបង្កើតកម្មវិធីសិល្បៈធំៗ ដែលនឹងអាចផ្ញើសារអោយមសនការក្រើនរំលឹកដល់ពលរដ្ឋ និង ហ្វេនៗ បានយ៉ាងងាយស្រួល ដើម្បីអោយមហាជនយល់ដឹងពីការរីករាលដាល់របស់អេដស៍។
ក្នុងនោះឯកឧត្តម ក៏រំពឹងថា ក្រោយការតែងតាំង ទូតសុឆន្ទៈថ្នាក់ជាតិថ្មី ចំនួន2រូបនេះ នឹងធ្វើអោយមានការយកចិត្តទុកដាក់ផ្សព្វផ្សាយពីសំណាក់តារាសិល្បៈកាន់តែច្រើន ស្របពេលដែលតារាសិល្បៈ ដែលមានសក្កានុពលនៅក្នុងសង្គម ក៏ត្រូវបានគ្រួសារតារាកម្ពុជា ដឹកនាំអោយមានការជួយបំផុសពីបញ្ហាអេដស៍ និង ដឹកនាំអោយមកទទួលការសិក្សា ដើម្បីស្វែងយល់ពីចំណេះដឹងអេដស៍ ដូចដែលបានឃើញនេះ។