មហាជនភាគច្រើនត្រឹមតែចាប់អារម្មណ៍ថា លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោង ពៅបូភ័ក្ត្រ ដ៏ល្បីនៅខេត្តសៀមរាប គឺជាម្ចាស់ជំនួញដែលជោគជ័យ និង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយសារតែលោកស្រី រមែងផលិតឃ្លីបផ្សេងៗបង្ហាញពីការសម្ដែងរបស់ខ្លួន ដូចជាថាថតរឿងខ្លី រឿងអប់រំ និង ថតMV អមដោយការសរសើរថា ជាតារាអនឡាញដែលស្រស់ស្អាត និង មានសមត្ថភាពទេពកោសល្យក្នុងសិល្បៈប៉ុណ្ណោះ តែមិនចាប់អារម្មណ៍ថា លោកស្រីគឺជាកូនស្រីរបស់ផលិតករលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលធ្លាប់កសាងស្នាដៃរាប់មិនអស់ក្នុងភាពយន្តខ្មែរនោះឡើយ។

លោកស្រី គឺជាឈាមជ័របង្កើតរបស់ លោក វិន សៃ ដែលជាផលិតករកុនដ៏ល្បីឈ្មោះ ដែលស្នាដៃរបស់លោកគឺមានរាប់មិនអស់ ជាក់ស្ដែងដូចជាភាពយន្តរឿង កូននាគឆ្លងព្រេងជាដើម គឺល្បីខ្ទរខ្ទាររហូតដល់នៅក្រៅប្រទេស។ យ៉ាងណាមិញលោកស្រីមិនបានចាប់អាជីពជាផលិតករដូចឪពុក ឬ ជាតារាសិល្បៈតាមលំនាំក្ដីស្រលាញ់ និង ការជំរុញរបស់លោកឪពុកនោះឡើយ ទើបអ្នកគាំទ្រភាពយន្តតិចណាស់ ចាប់អារម្មណ៍ថាលោកស្រីជាកូនស្រី របស់ផលិតករ លោក វិន សៃ។

លោកស្រីត្រូវបានគេស្គាល់ច្រើនជាង ថាជាម្ចាស់គម្រោង Pov Bopheak Kulen and Home ដែលជាគម្រោងសាងសង់បុរី ផ្ទះលម្ហែកាយ ផ្ទះអាជីវកម្ម និង ដីឡូតិ៍ទ្រង់ទ្រាយធំ នៅក្បែរភ្នំគូលែន ដែលជាគម្រោងអចលនទ្រព្យធំសម្បើម នៅខេត្តសៀមរាប។ លោលស្រីក៏ត្រូវគេស្គាល់ច្រើនតាមរយៈការផលិតឃ្លីបសម្ដែង និង បង្កើតមាតិកាដ៏ទាក់ទាញនៅលើបណ្ដាញសង្គម ដោយសារតែពូកែវោហាស័ព្ទផងដែរ ទើបគ្រាន់តែមានការប្រកាសថា ឪពុករបស់លោកស្រី គឺជាផលិតករដ៏ល្បី និង មានស្នាដៃនៅក្នុងភាពយន្តខ្មែរ គឺកាន់តែធ្វើអោយផ្ទុះការចាប់អារម្មណ៍ចំពោះលោកស្រីទ្វេរដង។

លោកស្រី វិន ច័ន្ទបូភ័ក្ត្រ បញ្ជាក់ថា លោកស្រីមិនបន្តអាជីពផលិតកុនដូចលោកឪពុកនោះទេ ដោយសារតែលោកស្រី និង ស្វាមី កំពុងក្ដោបក្ដាប់ជំនួញជាច្រើនក្នុងដៃ ជាពិសេសគឺគម្រោង ពៅបូភ័ក្ត្រ នៅជិតព្រលានថ្មី ជិតពិភពបាតសមុទ្រ និង ជាគម្រោងក្នុងតំបន់ទីក្រុងរុនតាឯក ដែលជាគម្រោងអភិវឌ្ឍន៍ខ្លាំង នៅខេត្តសៀមរាប ដែលមិនអាចអោយលោកស្រីដកឃ្លាបាន។ តែហេតុតែមាននិស្ស័យស្រលាញ់សិល្បៈតាមឪពុក លោកស្រីក៏តែងតែផលិតស្នាដៃភាពយន្ត និង រឿងអប់រំជាដើម ដើម្បីសម្ដែងខ្លួនឯង ឬ ជ្រើសតួសម្ដែង ដើម្បីចូលរួមលើកកម្ពស់សិល្បៈខ្មែរ ដូចគ្នានឹងលោកឪពុកខ្លះផងដែរ។ មកទល់ពេលនេះ លោក វិន សៃ ដែលជាឪពុករបស់លោកស្រី បានទទួលមរណភាពទៅហើយ តែក៏មានអ្នកសិល្បៈជំនាន់មុនច្រើនដែរ ដែលធ្លាប់លើកស្ទួយដោយលោកឪពុក នៅតែមានទំនាក់ទំនងល្អជាមួយលោកស្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here