តបតាមការអញ្ជើញរបស់លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី ដែលបានអញ្ជើញអោយក្រុមការងារ ផ្ទះតារា មកផ្ដិតយកព័ត៌មាន ដោយផ្ទាល់ នៅក្នុងប្រទេសកូរ៉េ ដើម្បីផលិតព័ត៌មានពីកូនខ្មែរ ដែលបានមកប្រលងតន្ត្រីនៅក្នុងប្រទេសកូរ៉េ ពេលនេះ បេសកកម្មរបស់ផ្ទះតារា ក្រោមការដឹកនាំដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ ជា MC បានបញ្ចប់យ៉ាងជោគជ័យ ដោយបានផ្សាយបំផុស និង លើកទឹកចិត្តកូនខ្មែរ ដែលបានឈ្នះពាន អោយស្រទាប់មហាជនមើលឃើញពីការប្រឹងប្រែង និង លទ្ធផលខិតខំដណ្ដើមបានពីអន្តរជាតិ គួរអោយសរសើរ។
ជាមួយនឹងបេសកម្មចុះយកព័ត៌មាននៅក្នុងប្រទេសកូរ៉េនេះ លោក ផាត់ តារារដ្ឋ និង ក្រុមការងារ ផ្ទះតារា ក៏ត្រូវបានអញ្ជើញអោយទស្សនកិច្ចក្នុងតំបន់សំខាន់ៗផងដែរ ដូចជាភូមិបុរាណ តំបន់ China Town ព្រះបរមរាជវាំង កន្លែងសម្ដែងសិល្បៈ និង កន្លែងកែច្នៃវត្ថុអនុស្សាវរីយ៍ជាដើម។ ក្នុងនោះ លោក និង ក្រុមការងារ ក៏បានគ្រងឈុតជាជនជាតិកូរ៉េ និង បានផលិតវីដេអូជាច្រើនឃ្លីប បង្ហាញពីសកម្មភាពសំខាន់ៗ នាដំណើរចុះយកព័ត៌មាន នោះផងដែរ។
ជាមួយគ្នានោះ លោក ក៏បង្ហាញនូវការកោតសរសើរចំពោះ លោក សូ ស្រណោះ ដែលបានដឹកនាំកូនខ្មែរ មកប្រកួតនៅក្នុងប្រទេសកូរ៉េ ហើយថែមទាំងបានជួយលើកមុខកម្ពុជា តាមរយៈឈ្នះពានជាច្រើន ដែលកូនសិស្សរបស់លោកដណ្ដើមបាន។ លោក ផាត់ តារារដ្ឋ ចាត់ទុកថា លោក សូ ស្រណោះ គឺជាកូនខ្មែរដ៏មានសក្កានុពលមួយ ដែលបានរួមចំណែកធ្វើអោយពិភពលោក ជាពិសេសប្រទេសកូរ៉េ ស្គាល់ពីវិស័យតន្ត្រីរបស់ខ្មែរ៕





























