វ័យទើបតែ 17 ឆ្នាំ ប៉ុន្តែតារាសម្ដែងស្រីវ័យក្មេង សាមេនតា ហាក់កំពុងមានសន្ទុះទីផ្សាថតភាពយន្តបានច្រើនរឿងមិនធម្មតា ពិសេសតែងតែឃើញលេចមុខជារឿយៗនៅក្នុងភាពយន្តរបស់ផលិតកម្ម LD Entertainment ដែលជាផលិតកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។

សាមេនតា ហាក់មានយីអ៊ុនខ្លាំងនូវក្នុងការបង្ហាញវត្តមានសម្ដែងជាតួអង្គនៅក្នុងរឿងបែបភ័យរន្ធត់ពោលគឺប្រភេទរឿងខ្មោច ហើយភាពយន្តដែលផលិតកម្ម LD ទើបតែបើកសម្ភោធរឿង « ផ្ទះព្រាយកន្លង » កាលពីថ្ងៃទី 3 ខែ កញ្ញា ដែលជាវណ្ណកម្មទី6 ប្រចាំឆ្នាំ2024 ក៏កញ្ញាឆក់បានឱកាសក្លាយជាតួអង្គសំខាន់ធំមួយនៅក្នុងផ្ទៃរឿងទាំងមូលផងដែរ។

លោក លៀក លីណា ចាងហ្វាងផលិតកម្ម LD បានសម្ដែងនូវមោទនភាព និង កោតសរសើរចំពោះតួអង្គនៅក្នុងរឿង « ផ្ទះព្រាយកន្លង » ទាំងអស់ដែលបានសហការណ៍គ្នាយ៉ាងអស់ពីចិត្តពីថ្លើមរហូតធ្វើឱ្យរឿងនេះបញ្ចប់យ៉ាងជោគជ័យ និង បើកសម្ភោធដើម្បីបញ្ចាំងជាផ្លូវការ។

លោកថា មួយរឿងនេះត្បិតចំណាយពេលក្នុងការថតត្រឹមតែមួយរយៈពេលមិនយូរប៉ុន្មាន និង មិនត្រូវការទីតាំងថតច្រើនកន្លែង ប៉ុន្តែផលិតកម្មផ្ដោតសំខាន់ទៅលើការជ្រើសរើសតួអង្គ និង មានការ Casting តួយ៉ាងផ្ចិតផ្ចង់មុននឹងបញ្ចូលតួឱ្យចូលសម្ដែង ដើម្បីផលិតបាននូវសាច់រឿងដែលមានគុណភាព និង រសជាតិនៃរឿងមានការចាប់អារម្មណ៍ ព្រមទាំងពង្រឹងបច្ចេកទេសក្នុងការផលិតឱ្យកាន់តែឈានទៅមុខ មិនថារឿងខ្នាតតូច ឬ ខ្នាតធំនោះឡើយ។

ជាក់ស្ដែងដូចជាកញ្ញា សាមេនតា ដែលជាតួអង្គវ័យក្មេងក៏នៅតែបានជ្រើសរើសឱ្យធ្វើជាតួអង្គសំខាន់មួយនៅក្នុងសាច់រឿងដែលកញ្ញា ក្រៅពីមានត្រេមុខគួរឱ្យចាប់អារម្មណ៍សម្ដែងប្រភេទជាតួអង្គខ្មោចតែ សាមេនតា ក៏មានទេព្យកោសល្យ និង ដាក់អារម្មណ៍សម្ដែងបានល្អមិនធម្មតា រួមទាំងតួអង្គ កញ្ញា Rosa , លោក អ៊ុំ សុវណ្ណគិរី រួមទាំងតួអង្គទាំងអស់គ្នាផងដែរ ដែលជាចំណែកមួយជម្រុញឱ្យអ្នកផលិត និង ក្រុមការងារមានភាពងាយស្រួលក្នុងការដឹក និង មិនចំណាយពេលយូរក្នុងការថត។

លោក ពៅ មករា អ្នកនិពន្ធរឿង « ផ្ទះព្រាយកន្លង » គឺជាស្នាដៃទី1របស់លោកនៅក្នុងផលិតកម្ម LD ហើយលោកសង្ឃឹមយ៉ាងមុតមាំថារឿងនេះនឹងជ្រាបទៅដល់អ្នកទស្សនាបន្ទាប់ពីការដាក់លក់សំបុត្រ ដោយសារសាច់រឿងដែលលោកសរសេរគឺរំឮកឡើងវិញនូវប្រពៃណីនៃការធ្វើពិធីឡើងគេហដ្ឋានថ្មីដែលជាជំនឿមានតាំងពីបុរាណមកទល់សព្វថ្ងៃ និង តំណមផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស និង ពិសេសពាក់ព័ន្ធជាមួយនឹងជំនឿព្រាយសំពោងសក់ធំ ដែលជាប្រភេទអមនុស្ស ហើយឈុតឆាកនៅក្នុងរឿងទៀតសោតក៏បង្កប់ទៅដោយអត្ថន័យអប់រំ ប្លង់ភ័យរន្ធត់ និង ការលងបន្លាចស្រស់ៗដែលលោកអាចនិយាយបានថាអ្នកទស្សនាទាំងអស់គ្នាមិនគួរមើលរំលងរឿងមួយនេះឡើយ។

គួរបញ្ជាក់ផងដែរថា ស្នាដៃរបស់កញ្ញា Samenta Khul នៅក្នុងផលិតកម្ម LD កន្លងមកដែលទទួលបានភាពលេចធ្លោ និង ជាប់ឈ្មោះជាតារាវ័យក្មេងតែមានត្រេមុខ និង ទេពកោសល្យសម្ដែងជាតួអង្គខ្មោច និង ពានរង្វាន់ទាំងថ្នាក់ជាតិ និង អន្តរជាតិ រួមមានរឿង « ថ្នាក់12 E », រឿង « នាឡិកា », រឿង « សាកសព7ថ្ងៃ » និង រឿង « ផ្ទះព្រាយកន្លង » ដែលទើបតែសម្ភោធ និង ត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 5 ខែ កញ្ញា ឆ្នាំ 2024 ឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here