កាលពីព្រឹកថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024 នេះ អគ្គនាយិកាក្រុមហ៊ុន HK7 និង ជា ND របស់កម្មវិធីប្រកួតសម្រស់ធំៗចំនួន3គឺ Missgrand Cambodia, Miss Cosmo Cambodia និង Miss Intercontinental Cambodia បានបញ្ជូនបេក្ខភាពតំណាងប្រទេសកម្ពុជាគឺកញ្ញា អ៉ិន លក្ខិណា ទៅកាន់ប្រទេសវៀតណាម ក្រោមការចូលរួមពីសំណាក់ហ្វេនៗយ៉ាងច្រើននៅឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។
ចាត់ទុកថាជាឆ្នាំដំបូងរបស់កម្ពុជាក្នុងការទិញសិទ្ធ និង ចាត់តាំងបវរកញ្ញាឱ្យទៅប្រកួតនៅក្នុងកម្មវិធី Miss Cosmo ដែលមានបវរកញ្ញាតំណាងប្រទេសរហូតដល់ទៅ 80ប្រទេសចូលរួម។
ក្នុងនោះផងដែរអ្នកស្រី អ៉ឹម សុគន្ធា ដែលជា ND បានចាត់តាំងកញ្ញា អ៉ិន លក្ខិណា ដែលមានប្រវត្តិ រួមទាំងបទពិសោធន៍រាប់មិនអស់នៅក្នុងវិស័យបវរកញ្ញាទាំងលើឆាកជាតិ និង ឆាកអន្តរជាតិ។
ដោយមើលឃើញពីសមត្ថភាព ការខិតខំប្រឹងប្រែង និង ទេពកោសល្យដែល លក្ខិណា មានទើបលោកស្រី អ៉ឹម សុគន្ធា សម្រេចចិត្តចាត់តាំង និង បញ្ជូនបវរកញ្ញារូបនេះឱ្យទៅប្រកួតបើកឆាកក្នុងនាមជា Miss Cosmo Cambodia ឆ្នាំដំបូងដែលអ្នកស្រីបានទិញសិទ្ធិ។
អ្នកស្រីក៏បានរៀបចំរួចជាស្រេចសម្រាប់ បេក្ខភាពរបស់ខ្លួន ហើយ កញ្ញា អ៉ិន លក្ខិណា ក៏មានក្ដីរំពឹងខ្ពស់ផងដែរនៅក្នុងដំណើរឈ្ពោះទៅកាន់ឆាកអន្តរជាតិលើកនេះជាមួយនឹងភាពជឿជាក់ ទាំងការដើរ ការឆ្លើយសំណួរ រួមទាំងសម្លៀកបំពាក់ជាច្រើនឈុតដើម្បីស្របតាមកម្មវិធីតម្រូវ។