មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ ជាពិសេសអ្នកដែលមានជំនួញច្រើនក្នុងដៃ និង ចូលចិត្តបែបស៊ីវិល័យហាយសូ ដូចលោកស្រី វិន ច័ន្ទបូភ័ក្ត្រ ដែលគេស្គាល់ថា គឺជាម្ចាស់ជំនួញធំដុំ ដែលគ្រប់ដង្ហើមចេញចូល គឺសុទ្ធតែការងារ និង ត្រូវចំណាយពេលរកលុយនោះ។

លោកស្រីបានសម្រេចចិត្តបោះបង់មុខជំនួញ ឃ្លាតឆ្ងាយពីគ្រួសារ និង មិនរវល់ដឹងឮសូម្បីតែគ្រប់យ៉ាងនៅជុំវិញខ្លួន ហើយទៅធ្វើវិប្បសនារយៈពេលជាង១០ថ្ងៃ ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា។ មុនធ្វើដំណើរទៅវិប្បសនា លោកស្រីថា នៅទីនេះ គេមិនអនុញ្ញាតិសូម្បីតែប្រើទូរស័ព្ទ ឬទាក់ទងមកកាន់គ្រួសារ ពោលគឺតម្រូវអោយនៅដាច់ដោយឡែកជាមួយនឹងធម្មជាតិ ដោយមិនទទួលព័ត៌មានគ្រប់យ៉ាងទាំងអស់ សូម្បីតែការជជែកគ្នាលេងជាមួយអ្នកទៅវិប្បសនាដូចគ្នា ក៏មិនមាន ដើម្បីអោយចិត្តស្ងប់តែមួយមុខ និងលះបង់អោយអស់នូវកិលេសផ្សេងៗ។ ជាមួយនឹងលក្ខណ្ឌដ៏តឹងតែងនៅកន្លែង វិប្បសនា ហើយមានរយៈពេលយូរថ្ងៃនេះហើយ ទើបមានការកោតសរសើរចំពោះ លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ដែលអាចទម្លាក់ចោលការងារផ្សេងៗ និង សូម្បីតែពេលវេលាដ៏មានតម្លៃ ដើម្បីទៅធ្វើវិប្បសនាបាន។

នេះក៏ចាត់ទុកថា ម្ចាស់គម្រោងដីលម្ហែកាយដ៏ល្បីនៅជើងភ្នំគូលែន (ពៅបូភ័ក្ត្រគូលែនហូម)រូបនេះ ពិតជាម្ចាស់ជំនួញ ដែលចេះអប់រំចិត្ត មិនអោយលោភ មិនអោយការងាររកប្រាក់ដឹកមុខ និង ជាបុគ្គលដែលចេះធ្វើខ្លួនអោយឆ្ងាយពីលោភៈ គួរអោយសរសើរផងដែរ ទើបម្ចាស់គម្រោងដែលគេនឹកស្មានថា និយមតែភាពឡូយឆាយ និង ស៊ីវិល័យហាយសូរូបនេះ អាចលះបង់កិលេស និង ទៅធ្វើរឿងដ៏ស្ងប់នេះបាន។ អ្នកខ្លះនៅតែកន្លែងអត់អ៊ីធឺណិតតែមួយថ្ងៃ នៅលេសលាស់ តែលោកស្រី អាចផ្ដាច់ខ្លួនពីទូរស័ព្ទ លែងទទួលដឹងទទួលឮអ្វីគ្រប់យ៉ាង បានរហូតដល់ជាង១០ថ្ងៃ ដែលម្នាក់ៗយល់ថា មិនមែនស្ត្រី ដែលខ្លាំងផ្នែកអាជីវកម្មសុទ្ធតែអាចធ្វើបាន។

យ៉ាងណាមិញ លោកស្រី សកម្មទៅវិប្បសនារយៈពេលយូរៗថ្ងៃបែបនេះ មិនមែនជាលើកទី១នោះទេ គឺលោកស្រី តែងតែកំណត់ខ្លួនឯងទៅធ្វើរឿងមួយនេះ ជារឿយៗរួចមកហើយ ដោយលោកស្រីថា វិប្បសនាដែលខ្លួនបានធ្វើ នឹងជួយអោយខ្លួនរឹងមាំផ្លូវចិត្ត និង ជួយព្យាបាលបញ្ហាផ្សេងៗ ដែលធ្លាប់ធ្វើអោយបុគ្គលម្នាក់ស្មុគស្មាញ។ លោកស្រីបានទាំងផ្ដាំផ្ញើទៀតថា បុគ្គលដែលមានបន្ទុកច្រើន មានសម្ពាធជីវិតច្រើន គួរតែទម្លាក់ចោលការងារទាំងអស់ ទៅធ្វើវិប្បសនាបែបនេះ អោយបានញឹកញាប់ ដើម្បីអោយជីវិតកាន់តែពោរពេញដោយថាមពល និង ភាពរឹងមាំផ្លូវចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here