នៅទីបំផុតកវីនិពន្ធ និងអ្នកដឹកនាំភាពយន្តដ៏ល្បីអស់រយៈពេល ៣៦ឆ្នាំ គឺលោកស្រី ពាន់ ភួងបុប្ផា បានបញ្ចេញស្នាដៃមួយថ្មីរបស់ខ្លួនជាផ្លូវការហើយ ដោយស្នាដៃរឿងនេះ នឹងប្រកាសដាក់បញ្ចាំងគ្រប់រោងចាប់ពីថ្ងៃទី២៦ កញ្ញា នេះតទៅ។
នៅលើបណ្ដាញសង្គម ស្នាដៃនេះកំពុងចាក់ដោតអារម្មណ៍ហ្វេនៗ និង អ្នកគាំទ្រអ្នកនិពន្ធដ៏ឆ្នើម ដែលមានស្នាដៃច្រើនប្រភេទរូបនេះយ៉ាងខ្លាំង ដោយសារតែមួយរឿងនេះរបស់លោកស្រី ត្រូវបានគេមើលឃើញថា មានគ្រប់រសជាតិ ទាំងអាក្រក់ ល្អ ទឹកភ្នែកបែកបាក់ ជួបជុំ កម្សត់ សប្បាយ តាមរយៈ Trailer និង វីដេអូដែលបានបង្ហោះ។
ភាពយន្តខ្នាតធំរឿង «ទេពធីតាក្នុងសុបិន» ដែលកំពុងអន្ទងអារម្មណ៍អ្នកគាំទ្រ អោយទប់ចិត្តឃាត់បេះដូង មិនទៅទស្សនាអោយបាននៅរោងភាពយន្តចាប់ពីថ្ងៃទី២៦នេះ គឺអាចនិយាយបានថាមិនខុសពីកាដូរបស់លោកស្រី ក្នុងរដូវភ្ជុំបិណ្ឌឡើយ ពោលគឺទស្សនិកជននឹងទទួលបានទាំងព្រមនូវភាពសប្បាយរីករាយ រំភើប កម្សត់ ស្រក់ទឹកភ្នែក ទៅតាមសាច់រឿងដែលអ្នកស្រីបាននិពន្ធ ជាពិសេសគឺដឹតដាមទៅដល់សម័យកាលមួយដ៏រុងរឿងរបស់ខ្មែរ គឺសម័យលង្វែក។ នេះជាស្នាដៃក្នុងឆ្នាំ ២០២៤ ដែលអ្នកស្រីបានផលិតជាភាពយន្តខ្នាតធំ ហើយភាពយន្តរឿង «ទេពធីតាក្នុងសុបិន» នេះ ត្រូវបានគេមើលឃើញថា បានពាំនាំមកនូវរសជាតិថ្មី ប្លែកមិនធ្លាប់មាន ហើយ ហើយក៏ជាខ្សែភាពយន្តបែបបុរាណទីមួយរបស់អ្នកស្រីផងដែរ ដែលបានផលិតជាទម្រង់បែបនេះ។ ដូច្នេះហើយ ទើបខ្សែរឿង «ទេពធីតាក្នុងសុបិន» កំពុងតែចាក់ដោតអារម្មណ៍ហ្វេនៗយ៉ាងខ្លាំង។
រឿងបុរាណមួយនេះសាមញ្ញ ជាប្រភេទរឿងរបៀបខ្មែរសុទ្ធសាធទាំងការរស់នៅ ទាំងឥរិយាបថ ភូមិស្រុក រហូតមកដល់សម្លៀកបំពាក់ គ្រឿងអលង្ការ នៅសម័យនោះ តែទឹកដៃ និង ខ្លឹមសារគឺពិតជាមិនធម្មតា ពិសេស Quality និង ការអប់រំ ដែលបានបង្កប់។ សំខាន់តួអង្គនៅក្នុងមួយរឿងនេះ ក៏ស្អាតៗស្រស់សង្ហារ ហើយលេងទឹកមុខដល់ៗ អាចអោយអ្នកទស្សនាយំ និង រីករាយដោយមិនដឹងខ្លួន។ ភាពយន្តនេះបង្ហាញពីបុរសភាគច្រើនចូលចិត្តតែនារីដែលមានរូបសម្រស់ស្រស់ស្អាត រហូតធ្វើឲ្យ គាត់ភ្លេចពីនារីម្នាក់ ដែលកំពុងតែដេកនៅក្បែរខ្លួន។ ការអប់រំដ៏សំខាន់នៅក្នុងរឿងនេះ គឺចង់ឲ្យស្រី្ត កូនស្រី គ្រប់រូបរៀនសូត្រឲ្យមានវិជ្ជាខ្ពង់ខ្ពស់ មានការគិតខ្ពស់ ទើបអាចដោះស្រាយបញ្ហាបាន ហើយកុំទោទន់ទៅតាមការមាក់ងាយរបស់អ្នកដទៃ និង វប្បធម៌សង្គម។
ខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា ដូចជារោងកុន Legend Cinema, Major Cineplex, Prime Cineplex, ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃ ២៦ កញ្ញា ២០២៤ នេះ។