នៅក្នុងព្រឹត្តិការណ៍ Cambodia Day ដែលបានធ្វើឡើងយ៉ាងកក្រើក នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៤កន្លងទៅ តារាចម្រៀង លោកឧកញ៉ា ខេមរៈ សិរីមន្ត បានគ្រងមួយឈុតយ៉ាងមានអត្ថន័យបង្ហាញពីអត្តសញ្ញាណខ្មែរ។ ម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំងថា នេះជាឈុតបែបរំលេចពីអ្វីដែលជាអត្តសញ្ញាណខ្មែរប៉ុណ្ណោះ ដូចជាការរំលេចអោយឃើញពីប្រាសាទអង្គរវត្ត ពីស៊ីក្លូខ្មែរ ពីរទេះគោខ្មែរ និង ពីនាគក្បាល៩ ដែលជានាគខ្មែរ និង មានតឹងតាំងនៅតាមជញ្ជាំងប្រាសាទ។
ដូច្នេះហើយទើបមានការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅពេលដែលមួយឈុតដែលពោរពេញអត្ថន័យ និង បង្កប់ដោយអត្តសញ្ញាណជាតិនេះ គឺជាស្នាដៃរបស់ហាងកាត់ដេរបូរ៉ានិច ដែលមានអ្នកស្រី នូ វាសនា ហៅបូរ៉ានិច និង កូនស្រីគឺជាម្ចាស់នោះ។
អ្នកស្រី ប៉ូ រ៉ានិច បានសរសេរនៅលើបណ្ដាញសង្គមថា មោទនភាពដែលហាងអ្នកស្រីបានទទួលឱកាសច្នៃមួយឈុតនេះ ជូនលោកឧកញ៉ា ខេមរៈ សិរីមន្ត ហើយលោកស្រីក៏អះអាងដែរថា គ្រប់គំនូរដែលបានរំលេចនៅលើអាវនេះ គឺសុទ្ធតែគូសដោយអ្នកជំនាញប្រចាំហាងផ្ទាល់ដៃ និង មានឯកសារសិលាចារឹកជាតឹកតាង ដើម្បីបង្ហាញថាទាំងនាគ ទាំងប្រាសាទ និង រទេះដឹកជាដើមគឺជារចនាបទខ្មែរ។
មួយឈុតនេះបង្ហាញពីភាពរុងរឿង និងការរីកចំរើន ហើយលោកស្រីក៏ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍មួយនេះ ចាប់អារម្មណ៍ស្នាដៃ ដោយគ្រោងចុះមកស្រុកខ្មែរ ដើម្បីសហការនៅការងារកែច្នៃសម្រាប់ឆ្នាំក្រោយ ដើម្បីរួមគ្នាបង្ហាញអោយអន្តរជាតិ កាន់តែស្គាល់ពីអត្តសញ្ញាណជាតិនោះផងដែរ។