លោក ផាត់ តារារដ្ឋ និង ក្រុមការងារ ផ្ទះតារា បានបញ្ចប់បេសកកម្មដោយជោគជ័យនៅក្នុងប្រទេសថៃ។ នេះគឺជាកម្រងសកម្មភាពខ្លះៗនៅក្នុងប្រទេសថៃ ដែលលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ត្រូវបានអញ្ជើញអោយចូលរួមជាគណកម្មការកិត្តិយសតំណាងប្រទេសកម្ពុជា ក្នុងពិធីប្រគល់ពានប្រចាំឆ្នាំ Siam Award International ដែលមានជាង២០ប្រទេសចូលរួម។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ផាត់ តារារដ្ឋ ក៏ត្រូវបានស្វាគមន៍ដោយម្ចាស់ក្រុមហ៊ុនថៃ និង បានជួបពិភាក្សាជាមួយ ម្ចាស់កម្មវិធី Miss Thailand Chhunburi 2024 ដើម្បីស្វែងយល់បទពិសោធន៍ការងារទៅវិញទៅមក។
ជាលទ្ធផល ដោយផ្អែកថា លោក ផាត់ តារារដ្ឋ ក៏មានបទពិសោធន៍ ជា Judge (គណកម្មការដាក់ពិន្ទុ) ក្នុងវិស័យបុរសឯក និង កញ្ញាឯកជាច្រើនកន្លងមកនៅកម្ពុជា ដូចជាការប្រកួត Mister Glam Cambodia 2023, Miss and Mister Majestic Cambodia 2024 Mister World Cambodia 2024, និង Miss Global Cambodia 2024 ថ្មីៗ លោកស្រី Khun Da អ្នកគ្រប់គ្រងការប្រកួត Miss Thailand ខេត្តឈុនបុរី ២០២៤ ក៏បានស្នើអោយលោកធ្វើជាគណកម្មការដាក់ពិន្ទុ ដាក់ពិន្ទុ ក្នុងការប្រកួតវគ្គសំខាន់ និង ផ្ដាច់ព្រ័ត្រ ដែលត្រូវធ្វើឡើង នៅថ្ងៃទី ៧ និង ទី៨ វិច្ឆិកា នេះ។
យ៉ាងណាមិញ លោក ផាត់ តារារដ្ឋ បានឆ្លើយតបទៅកាន់ភាគីថៃវិញថា នៅមិនទាន់ប្រាកដថាលោកនឹងអាចចូលរួម បំពេញការងារដ៏សំខាន់មួយនេះបាននៅឡើយទេ ដោយលោកបញ្ជាក់ថា ត្រូវរង់ចាំការចាត់ចែងការងារដែលត្រូវបំពេញនៅប្រទេសកម្ពុជា បានស្រេចបាច់សិន។ លោកក៏បានថ្លែងអំណរគុណ ដល់ Khun Yomarita ដែលបានសម្របសម្រួលក្នុងកិច្ចសំណេះសំណាលនោះ និង បានថ្លែងអរគុណដល់ Khun Da អ្នកគ្រប់គ្រងការប្រកួត Miss Thailand Chhunburi និង ស្ពុនស័រធំ ដែលបានអញ្ជើញ និង ផ្ដល់កិត្តិយស។
ងាកមកកាន់កម្មវិធីទទួលពានដ៏ធំ Siam Award International 2024 ដែលលោកបានចូលរួមធ្វើជាគណកម្មការកិត្តិយស កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៤ នៅបាងកកនោះវិញ លោកក៏ចាត់ទុកថា គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំផងដែរ ដោយមានគណកម្មការមកពីបណ្ដាប្រទេសជាច្រើនចូលរួម ហើយក៏មានអ្នកត្រូវទទួលពាន សុទ្ធតែជាបុគ្គលឆ្នើមៗ មកជាជាង២០ប្រទេស ដែលម្ចាស់ពានសុទ្ធតែជាតារាសិល្បៈឆ្នើម ជាអ្នកជំនួញឆ្នើម និង ជាបុគ្គលដែលមានសក្កានុពល ដែលត្រូវបានគណកម្មការអន្តរជាតិ វាយតម្លៃថា មានកិត្តិយសពេញលេញសម្រាប់ទទួលពាន តំណាងអោយប្រទេសនីមួយៗ។
នៅក្នុងព្រឹត្តិការណ៍នោះ ស្ត្រីខ្មែរមួយរូប ក៏ត្រូវបានធ្វើដំណើរពីកម្ពុជា ទៅទទួលពាននៅក្នុងទីក្រុងបាងកកផងដែរ គឺអ្នកនាង កែវ ម៉ានិច ដែលគេស្គាល់ថាគឺជាម្ចាស់ក្រុមហ៊ុន Jensssy ដែលត្រូវបានវាយតម្លៃថា គឺជា CEO ឆ្នើម ហើយទទួលពាន Woman of the Year 2024។