ខ្សែភាពយន្តខ្មែរថ្មីដែលជាចំណងដៃចុងឆ្នាំរបស់ផលិតកម្ម Sastra Film ដែលជាសាច់រឿងប្រភេទរន្ធត់ ( Horror Film ) ដកស្រង់ចេញពីព្រឹត្តិការណ៏ពិតៗរបស់គ្រួសារមួយជាមួយនឹងគ្រូចិនសែម្នាក់ឈ្មោះលោកគ្រូ ម៉ុង ហើយរឿងមួយនេះក៏ ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកតាមដានកម្មវិធី តុភ្លឺ Background ងងឹត គាំទ្រឱ្យសរសេររឿងនេះជាសាច់រឿងដើម្បីចាក់បញ្ចាំងឱ្យអ្នកគាំទ្របានឃើញពីរូបភាព និង តថភាពពិតៗ។
យោងតាមសាច់រឿងបានបង្ហាញឱ្យឃើញពីតថភាពរបស់គ្រួសារមួយដែលមានជំនឿទៅលើក្បួនហុងស៊ុយខ្លាំង រហូតមានការកែប្រែក្បួនប៉ះពាល់ទៅដល់សពដែលបានស្លាប់ទៅហើយតាមពាក្យគ្រូចិនសែដោយងងឹតងងល់ និង អាត្មានិយមរហូតហុចផលអវិជ្ជមានមកលើខ្លួនស្ទើតែបាត់បង់គ្រប់យ៉ាង ពិសេសគឺមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ចង់ជ្រាបសាច់រឿងឱ្យកាន់តែលម្អិតជាងនេះលោកអ្នកអាចទៅរកជាវសំបុត្រចូលទស្សនានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 29 នេះតទៅ។
យ៉ងណាមិញ រឿង « គាស់ផ្នូរ » នេះផងដែរក៏ទទួលបានការយល់ព្រម និង បើកផ្លូវពីសំណាក់គ្រួសារដែលជាអ្នកជួបហេតុការណ៍ផ្ទាល់ ក៏ដូចជាមានការចង្អុលបង្ហាញ និង យកចិត្តទុកដាក់ខ្ពស់បំផុតតាមជំនឿនៃក្បួនហុងស៊ុយពីសំណាក់លោកគ្រូចិនសែ ម៉ុង រាល់គ្រប់សកម្មភាពនៃការចុះថត មិនថាទីតាំង ឬ ក្បួនខ្នាតផ្សេងៗដែលពាក់ព័ន្ធទៅនឹងជំនឿដើម្បីមិនឱ្យមានផលប៉ះពាល់ឬជួបផលអវិជ្ជមានណាមួយដល់តួអង្គដែលពាក់ព័ន្ធបើទោះបីគ្រាន់តែជាការថតកុនក៏ដោយ ប៉ុន្តែវាក៏ជាការប្រុងប្រយ័ត្ន និង ការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតក្នុងនាមលោកគ្រូ ម៉ុង ដែលជាគ្រូចិនសែ ដែលអាចទាក់ទងជាមួយនឹងវិញ្ញាណអ្នកដែលសុំជំនួយឱ្យលោកផលិតរឿងនេះឡើង។
ចាត់ទុកថានេះគឺជាមេរៀនថ្មីមួយដែលអ្នកទស្សនានឹងអាចទទួលបានបន្ទាប់ពីទស្សនារឿង « គាស់ផ្នូរ » នេះឡើង បន្ទាប់ពីសាច់រឿងមានភាពរន្ធត់ ល្អមើលហើយ ក៏ទទួលបាននូវការយល់ដឹងថ្មីៗទាក់ទងនឹងជំនឿ និង បរិបថនៃការរស់នៅប្រចាំថ្ងៃពិសេសចំពោះបុគ្គលដែលជាប់សែស្រឡាយចិនហើយមានជំនឿងខាងហុងស៊ុយ ការរៀបក្បួន កែក្បួនផ្សេងៗ គួរតែមកទស្សនាឱ្យបានម្ដងដើម្បីទទួលបានបទពិសោធន៍ និង មានការសម្រេចចិត្តដោយប្រុងប្រយ័ត្នមុននឹងធ្វើរឿងអ្វីមួយជៀសវៀងប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ខ្លួន។
#គាស់ផ្នូរ #AGong