ធ្លាប់តែជាអ្នកបង្កើតក្រុមតន្ត្រីច្រៀងតាមផ្លូវ ស្វែងរកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា និង អ្នកខ្សត់ខ្សោយ ពេលនេះ តារាចម្រៀង លោក មាន សិរីវិចិត្រ បានធ្លាក់ខ្លួនដេកថ្ងូរយ៉ាងកម្សត់នៅលើបណ្ដាញសង្គម បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ គ្មានលទ្ធភាពរកលុយ រម៉ក Pass Up ក៏ខូចគ្មានលុយមើល ហើយបានព្យាយាមសអន្តរាគមន៍ទៅកាន់សមាគមសិល្បករខ្មែរទាំងឈឺស្ទើរគ្រប់វិធី ហើយមិនមានលទ្ធផល។

លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា ក្រោយរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដល់ថ្នាក់បាក់ជើង ដើរលែងកើត ហើយដរធ្ងន់ធ្ងរព្រោះគ្មានលទ្ធភាពព្យាបាល លោកបានព្យាយាមទំនាក់ទំនងទៅកាន់សមាគមសិល្បករខ្មែរជាច្រើនលើកទាំងតាមឆាត លេខទូរស័ព្ទ តែបានត្រឹមទទួលចម្លើយថា អោយរង់ចាំសិន។ ជាការទ័លច្រកខ្លាំង លោកក៏បានអោយគេជូនទាំងឈឺទៅដល់ស្នាក់ការសមាគម តែក៏នៅតែត្រូវបានក្រុមការងារសមាគម អះអាងថា សំណើរសុំអោយផ្ដល់ជំនួយដល់លោកនៅក្នុងពេលនេះ គឺមិនទាន់មានការសម្រេច។

លោកថាបានបង្ហោះយ៉ាងកម្សត់នៅលើបណ្ដាញសង្គមអមដោយភាពអស់សង្ឃឹម ស្នើអោយលោកជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលទើបជាប់ឆ្នោត អោយជួយលោកផង បន្ទាប់ពីលោកកំពុងទ័លខ្លាំង បួសក៏ឈឺធ្ងន់គ្មានលុយព្យាបាល ហើយការងារផ្សេងៗក៏បំពេញលែងកើត។ ក្នុងនោះសូម្បីតែរម៉ក Pass Up ដែលលោកធ្លាប់រត់ក្រៅពីអាជីពចម្រៀង ក៏ខូចខ្ទេច គ្មានលុយជួសជុល ដែលមិនដឹងថា តើមានអ្វីរំពឹង។

លោកថា ខ្លួនមិនមែនផ្ដេកផ្ដួលចង់បានតែអំណោយ និង ជំនួយពីសមាគមនោះទេ ដោយលោកក៏ប្រឹងតស៊ូណាស់ដែរ ដោយប្រឹងច្រៀងអាហ្វែផង ប្រឹងច្រៀងតាមផ្លូវចិញ្ចឹមខ្លួនផង និង ជួយអ្នកខ្សត់ជាងខ្លួនផង ហើយប្រឹងរត់ Pass Up បន្ថែមផង។ តែបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបាក់ជើង និង ខូចរម៉ករត់អស់ ទើបសុំអន្តរាគមពីសមាគមដែលជាឪពុកជាម្ដាយ។ យ៉ាងណាមិញ លោកថា អត់មានសង្ឃឹមទេ ដោយសារបានរៀបរាប់ពីស្ថានភាពរបស់ខ្លួនទៅកាន់ក្រុមការងារ របស់ប្រធានសមាគមស្ទើរគ្រប់មធ្យោបាយហើយ តែលទ្ធផលនៅតែស្ងាត់។ លោករំពឹងថា ក្រោយការលំបាកធ្ងន់ធ្ងររបស់លោក ត្រូវបានចេញផ្សាយនឹងមានសប្បុរសជនជួយលោក ឬ ទទួលបានការជ្រោមជ្រែងពីប្រធានសមាគម ដោយសារតែក្នុងពេលនេះ គឺលោកមិនខុសពីសិល្បករទ័លច្រកឡើយ ដោយសារតែរបួសកំពុងធ្ងន់ ហើយលុយក៏ស្ទើរគ្មានសម្រាប់ទិញបាយហូប។

LEAVE A REPLY

Please enter your comment!
Please enter your name here