ក្នុងពិធីក្រុងពាលី ពិធីសាសនាធំមួយនៅរាជនីលង្វែក ជិតភ្នំឧត្តុង្គ ដែលមានឈ្មោះ ពិធីបុណ្យទេសនាមហាជាតក៌ កាលពីព្រឹកព្រលឹមថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៤ គេឃើញមានថ្នាក់ដឹកនាំ និង ឥស្សរជនល្បីៗនៅក្នុងសង្គមជាច្រើន ចូលរួម ខណៈដែលពុទ្ធបរិស័ទ គឺមានការចូលរួមរហូតដល់ខ្ទង់ម៉ឺននាក់ ដែលអាចចាត់ទុកថាគឺជាពិធីបុណ្យសាសនាធំមួយ ប្រចាំចុងឆ្នាំនេះ។

ក្នុងចំណោមម្ចាស់ទានដែលបានបង្ហាញខ្លួនយ៉ាងច្រើនកុះករនាពិធីបុណ្យនេះ ឯកឧត្ដម​ តាំង​ សុខឃី និង លោកជំទាវ​ ទ្រី ចិន្តា​ អគ្គនាយក​-អគ្គនាយិកានៃក្រុមហ៊ុន ឃី​ ចិន្តា​ ឌីវេឡុបមុិន ឯ.ក ត្រូវបានគេកត់សម្គាល់ បានរួមចំណែកបុណ្យយ៉ាងច្រើន ដែលកាន់តែញ៉ាំងអោយពិធីបុណ្យទាំងមូលទទួលការចាប់អារម្មណ៍ទ្វេរដឹង។ ឯកឧត្តម និង លោកជំទាវ បានដឹកនាំក្រុមការងារជាច្រើនទៅចូលរួមពិធី ដោយរំលេចជាមួយនឹងក្រមាខ្មែរ និង ផ្ការំដួលខ្មែរ ក្នុងពេលដែលលោកទាំងពីរក៏បានពាំនាំនូវវត្ថុទានជាច្រើន យកទៅចងព្យួរ និង ចែករំលែកបុណ្យ ដែលធ្វើអោយគេមើលឃើញពីមហាទឹកចិត្តជ្រះថ្លា។

ក្នុងនាមជាអ្នកស្រលាញ់ព្រះពុទ្ធសាសនា និង វប្បធម៌ ឯកឧត្តម និង លោកជំទាវ បានចំណាយពេលសម្រាប់ពិធីបុណ្យនេះ តាំងពីប៉ុន្មានថ្ងៃមុនពិធីចាប់ផ្ដើម ដោយលោកទាំងពីរក៏បានដឹកនាំក្រុមការងារគ្រងឈុតសម័យលង្វែកជាការផ្សព្វផ្សាយ ក្នុងអំឡុងពេលទៅជួយរៀបចំពិធីផងដែរ។ ដោយឡែកនៅថ្ងៃក្រុងពាលី ដែលចម្រុះដោយឥស្សរជនល្បីៗ និង មានមុខមាត់នៅរាជនីលង្វែកនេះ ឯកឧត្ដម​ តាំង​ សុខឃី និង លោកជំទាវ​ ទ្រី ចិន្តា​ ក៏ត្រូវគេឃើញហែរអមអមដំណើរថ្នាក់ដឹកនាំធំៗ និង បានរួមចំណែកកាន់ស្បោងជួយទទួលបច្ច័យពីអ្នកចូលរួម ក្នុងចំងាយផ្លូវឆ្ងាយដោយមិនខ្លាចនឿយហត់ ដែលធ្វើអោយគេមើលឃើញពីការចូលរួម និង ទឹកចិត្តមហាជ្រះថ្លា នៅក្នុងពិធីបុណ្យទាំងមូល។

ឯកឧត្តម និង លោកជំទាវ ក៏ស្នើអោយមហាជនគ្រប់ទិសទី ចូលរួមចំណែកបុណ្យនៅក្នុងពិធីនេះ និង មកលេងនៅក្នុងបុណ្យនេះ អោយបានគ្រប់ៗគ្នាផងដែរ ដោយសារតែនេះ គឺជាពិធីបុណ្យដែលមានការបូជានូវវត្ថុទានរហូតដល់ជាង១ពាន់មុខ និង មួយមុខៗមានចំនួនយ៉ាងតិច១ពាន់ ដែលជាពិធីកម្រឃើញនៅក្នុងសាសនា។ ពិធីនេះនឹងបន្តដល់ថ្ងៃអាទិត្យទី ១៥ ធ្នូ ដោយមានល្បែងរបាំ និង ការកម្សាន្តជាច្រើនកម្រទាំងថ្ងៃ និង យប់ផងដែរ។ នេះជាពិធីបុណ្យមានព្រះសង្ឃដែលល្បីៗក្នុងធម៌វិន័យជាច្រើនមកទេសនា ចែករំលែកកុសល និងជាពិធី ដើម្បីអោយអ្នករួមចំណែកបុណ្យ កាន់តែមានពន្លឺ និង អាយុវែង ហើយបានទាន់សាសនាព្រះពុទ្ធដែលនឹងប្ដូរកប្បនាពេលខាងមុខ។ ឯកឧត្តម និង លោកជំទាវ ក៏សរសើរពីកម្លាំងសាមគ្គីផងដែរ ដែលអាចធ្វើអោយពិធីបុណ្យនៅរាជនីលង្វែកនេះ រៀបចំបានដោយភាពអឹកអធឹកខ្លាំង។


LEAVE A REPLY

Please enter your comment!
Please enter your name here