ពិធីបុណ្យទេសនាមហាជាតក៌ បានដល់ថ្ងៃបញ្ចប់ហើយ កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៤ ដោយគេឃើញថ្នាក់ដឹកនាំ និង ឥស្សរជនល្បីៗនៅក្នុងសង្គមជាច្រើន ចូលរួម ដើម្បីបិទព្រឹត្តិការណ៍។ ឯកឧត្ដម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អគ្គនាយក-អគ្គនាយិកានៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបមុិន ឯ.ក ដែលជាម្ចាស់ទានមួយរូប និង បានដឹកនាំក្រុមការងារទៅចូលរួម បានចាត់ទុកថា នេះគឺជាពិធីសាសនាដ៏ធំនាដំណាច់ឆ្នាំ២០២៤ ដោយពិធីបុណ្យនេះ ក្រៅពីមានអត្ថន័យនៅក្នុងវិស័យព្រះពុទ្ធសាសនា ក៏បង្ហាញពីកម្លាំងសាមគ្គីផងដែរ ក្នុងការបំផុសអោយមានការគាំទ្រ និងបង្ហើតនូវព្រឹត្តិការណ៍ដ៏ធំនេះ។
ឯកឧត្តមថា គឺជាជោគជ័យខ្លាំងណាស់ ដែលព្រឹត្តិការណ៍ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ តែអាចបញ្ចប់ទៅដោយរលូន ហើយមិនមានបញ្ហាណាមួយ ដែលបង្ហាញថា កម្មវិធីទាំងស្រុងជោគជ័យតាំងពីថ្ងៃចាប់ផ្ដើម រហូតថ្ងៃបញ្ចប់។ ក្នុងនាមជាអ្នកស្រលាញ់ព្រះពុទ្ធសាសនា និង វប្បធម៌ ឯកឧត្តម និង លោកជំទាវ បានចំណាយពេលសម្រាប់ពិធីបុណ្យនេះ តាំងពីប៉ុន្មានថ្ងៃមុនពិធីចាប់ផ្ដើម ដោយលោកទាំងពីរក៏បានដឹកនាំក្រុមការងារគ្រងឈុតសម័យលង្វែកជាការផ្សព្វផ្សាយ ក្នុងអំឡុងពេលទៅជួយរៀបចំពិធីផងដែរ។
ឯកឧត្តម និង លោកជំទាវ កោតសរសើរចំពោះមហាជនគ្រប់ទិសទី ដែលបានចូលរួម ហើយការចូលរួម និង ការផ្សព្វផ្សាយទាំងអស់ គឺជាចំណែកបុណ្យដ៏ធំនៅក្នុងពិធីនេះ។ ឯកឧត្តម លើកឡើងថា នេះជាពិធីបុណ្យដ៏កម្រដែលមានព្រះសង្ឃល្បីៗក្នុងធម៌វិន័យជាច្រើនមកទេសនា ចែករំលែកកុសល និងជាពិធី ដើម្បីអោយអ្នករួមចំណែកបុណ្យ កាន់តែមានពន្លឺ និង អាយុវែង ហើយបានទាន់សាសនាព្រះពុទ្ធដែលនឹងប្ដូរកប្បនាពេលខាងមុខ ខណៈដែលវត្ថុទានគឺមានរហូតដល់១ពាន់មុខ ហើយក្នុង១មុខមានចំនួន១ពាន់ ដែលនៅថ្ងៃចុងក្រោយ វត្ថុទានទាំងនេះ ក៏ប្រើចែករំលែកដល់អ្នកចូលរួម ដើម្បីបានជាប្រយោជន៍។
ឯកឧត្តម និង លោកជំទាវ ក៏សរសើរពីកម្លាំងសាមគ្គីផងដែរ ដែលអាចធ្វើអោយពិធីបុណ្យនៅរាជនីលង្វែកនេះ រៀបចំបានដោយភាពអឹកអធឹកខ្លាំង ហើយបញ្ចប់ដោយភាពរលូន។