កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៤ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានរៀបចំពិធីជប់លៀងទ្រង់ទ្រាយយ៉ាងសាមញ្ញមួយ នៅភោជនីយដ្ឋានអាហារឡាវ សប្បាយឌី វៀងច័ន្ទ ដើម្បីអោយសិល្បករសិល្បការិនី ដែលភាគគឺជាតួឪពុកតួម្ដាយ បានហូបឆ្ងាញ់ជុំគ្នា និង បង្កើតស្នាមញញឹមមុនដាច់ឆ្នាំ។
ជាមួយនឹងការជ្រើសរើសទីតាំងរៀបចំពិធីជប់លៀងនោះ ម្ចាស់ហាងសប្បាយឌី ដែលមាន ឃុនម៉ែ និង ឃុននូ ជាម្ចាស់ហាង ក៏បានផ្ដល់ជូនលើការចំណាយ១០០ភាគរយ ដើម្បីចូលរួមចំណែកផ្ដល់ស្នាមញញឹមដល់សិល្បករសិល្បការិនី និង ដើម្បីជាការស្វាគមន៍ ដែលគ្រួសារតារាកម្ពុជា បានចូលរួមគាំទ្រអាហារឡាវប្រចាំហាង។
ក្នុងនោះ ឃុនម៉ែ និង មេចុងភៅ គឺ Chef ថប់ ក៏បានប្រគល់ជូននូវបាច់ផ្កាជូនដល់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានមកគាំទ្រមុខម្ហូបនៅក្នុងហាងសប្បាយឌី វៀងច័ន្ទ ដែលមានទីតាំងស្ថិតនៅខាងក្រោយវត្តសំរោងអណ្ដែតនោះផងដែរ។ លោកស្រី ចាត់ទុកថា វត្តមានរបស់សិល្បករប្រមាណជាង៥០រូបមកកាន់ហាង គឺជាកិត្តិយសមួយក្រោយពីបើកដំណើរការ ហើយស្របពេលដែលលោកស្រី ក៏ចង់រួមចំណែកផ្ដល់អាហារឆ្ងាញ់ៗមួយពេល ជូនដល់សិល្បករ ជាពិសេសគឺតួឪពុកតួម្ដាយ អោយបានសប្បាយចិត្តមួយពេលផង ទើបលោកស្រីសម្រេចចិត្តឧបត្ថម្ភអាហារមួយពេលជូនដល់គ្រួសារតារាកម្ពុជា ក៏ដូចជាដើម្បីជាការថ្លែងអំណរគុណ ដល់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលតែងជួយផ្សព្វផ្សាយពីហាងសប្បាយឌីកន្លងមក។
លោក ផាត់ តារារដ្ឋ បានលើកឡើងថា មូលហេតុដែលមានការជួបជុំនេះ គឺដោយសារតែលោកចង់ជប់លៀងជូនដល់តួលោកឪពុកអ្នកម្ដាយ ហើយគម្រោងធ្វើឡើងនៅថ្ងៃដំណាច់ឆ្នាំនោះទេ តែដោយសារអំឡុងកៀកដាច់ឆ្នាំ ភាគច្រើនមិនសូវទំនេរ ក៏បង្វែរមធ្វើប្រញាប់ៗ នៅថ្ងៃទី២៦ ធ្នូវិញ។ ម្យ៉ាងដោយសារតែនភក្នុងថ្ងៃនោះ គ្រួសារតារាកម្ពុជា ក៏ចង់អោយមានសិល្បករក្មេងៗ បានចូលរួមផង ទើបបើកទូលាយអោយមានការចូលរួមពីសិល្បករពេញកម្លាំង។
លោកថា គោលបំណងនៃការរៀបចំ គឺចង់ជ្រើសយកតួឪពុកតួម្ដាយ និង តួខ្សត់ខ្សោយបានញាំជុំគ្នា តែដោយសារតែការរៀបចំមានភាពប្រថុចញុចពេក ទើបតួឪពុកតួម្ដាយខ្សត់ខ្សោយមិនសូវច្រើនអាចចូលរួម។ យ៉ាងណាមិញ លោកតា សិល្បករដែលមានវត្តមាន ភាគច្រើនគឺតួឪពុកតួម្ដាយ និង តួមិនសូវល្បី ដែលមានជីវភាពខ្វះខាត ហើយលោកសប្បាយចិត្តណាស់ដែរ ដែលបានធ្វើអោយតួឪពុកតួម្ដាយ បានហូបឆ្ងាញ់មួយពេលជុំគ្នា ដើម្បីអោយពួកគាត់បានសើចញញឹមមុនថ្ងៃដាច់ឆ្នាំ។ នៅក្នុងពិធីនោះ ម្ចាស់ប្រេន អូននាថ ល្បៀតខ្មែរ ក៏បានចូលរួម និង បានផ្ដល់ជូនផលិតផលចំនួន២០ឈុត ជូនដល់គ្រួសារតារាកម្ពុជា ដើម្បីអោយគ្រួសារតារាកម្ពុជា ទុកចាប់ជាកាដូ អោយតួៗទាំងអស់ បានសើចសប្បាយផងដែរ។ លោក ផាត់ តារារដ្ឋ ថា លោកមានគម្រោងអញ្ជើញសិល្បករជាតួចាស់មកញាំឆ្ងាញ់ៗអោយបានម្ដងទៅ២ដង ក្នុងមួយឆ្នាំ ដោយសកម្មភាពលើកក្រោយៗ លោកក៏នឹងគៀងគរ សប្បុរសជន អោយមានជាអំណោយអមជូនដល់ពួកគាត់ផងដែរ។
គួរបញ្ជាក់ផងដែរ ហាងសប្បាយឌី វៀងច័ន្ទ គឺជាហាងលក់អាហារឡាវធំមួយ នៅសែនសុខ ម្ដុំខាងក្រោយវត្តសំរោងអណ្ដែត។ អាហារល្បីៗប្រចាំហាងនេះ រួមមាន បបរលតឡាវ សាច់អាំងបាយដំណើបបែបឡាវ បុកល្ហុងឡាវ ណែមណឿបែបឡាវ និង អាហារពិសេសៗផ្សេងទៀត ដែលលោកអ្នកអាចទៅញាំបានហើយរសជាតិដូចទៅញាំនៅប្រទេសឡាវពិតៗ។ ក្នុងនោះកាហ្វេឡាវ ក៏ជាភេសជ្ជៈដ៏ពេញនិយមប្រចាំហាង ដែលភ្ញៀវភាគច្រើន តែងតែជាប់ចិត្តផងដែរ។ នៅក្នុងហាងនេះ ក៏មានអាងហែលទឹកធំទូលាយ ដែលក្មេងៗ និង ភ្ញៀវទូទៅអាចហែលលេងបានយ៉ាងសប្បាយ ហើយដោយសារតែមុខម្ហូបអាហារ និង បរិយាកាសដ៏ល្អនេះហើយ ទើប លោក ផាត់ តារារដ្ឋ ជ្រើសជាកន្លែងជួបជុំដល់សិល្បករ ក្នុងឱកាសឆ្លងឆ្នាំ សម្រាប់ពិធីជប់លៀង និង ផ្ដល់អាហារមួយពេលជូនដល់តួឪពុកតួម្ដាយ ក្នុងការងារផ្ដល់ស្នាមញញឹមជូនដល់សិល្បករចាស់ៗ ពិសេសតារាដែលមិនសូវល្បីនាថ្ងៃនោះ។






















































