កាលពីយប់ថ្ងៃទី២៤ មករា ឆ្នាំ២០២៥ លោកស្រី ឆោម ស្រស់ ដែលជាប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន ដែលមានទីស្នាក់ការនៅខេត្តអូសាកា នៅក្នុងប្រទេសជប៉ុន បានដឹកនាំក្រុមការងារ រួមមាន តារាចម្រៀង លោក ខែម សារិទ្ធ ដែលរស់នៅប្រទេសជប៉ុនដូចគ្នា មកដល់ផ្ទះតារា ដើម្បីជួបសំណេះសំណាលជាមួយ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ កិច្ចពិភាក្សារយៈពេលច្រើនម៉ោងនេះ គឺដើម្បីសុំអោយ ផ្ទះតារា ចូលរួមជាដៃគូផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រលងចម្រៀងប្រចាំឆ្នាំធំមួយ ដែលសមាគមរបស់លោកស្រី កំពុងរៀបចំនៅក្នុងប្រទេសជប៉ុន។
ការប្រលងចម្រៀងនេះ គឺមានឈ្មោះថា សំនៀងកូនខ្មែរ នៅប្រទេសជប៉ុន ដែលសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន នៅក្នុងប្រទេសជប៉ុន បានរៀបចំឡើង ដើម្បីជ្រើសយកកូនខ្មែរមួយរូប ដែលមានសំលេងល្អ អោយក្លាយជាម្ចាស់ពាន នៅក្នុងរដូវកាលឆ្នាំ២០២៥នេះ។ ការប្រលងនេះ ត្រូវបានជម្រុះអ្នកដែលបានដាក់ពាក្យដែលសុទ្ធតែជាកូនខ្មែរ រស់នៅ និង ធ្វើការនៅក្នុងប្រទេសជប៉ុន ដោយមកដល់ពេលនេះ គឺសល់បេក្ខភាពចំនួន១០រូប ដែលនឹងបន្តជម្រុះអោយនៅសល់តែ៨នាក់ចុងក្រោយ មុនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
លោកស្រី ឆោម ស្រស់ ជាប្រធានសមាគម និង ជាអ្នករៀបចំការប្រលងចម្រៀង បានលើកឡើងថា ក្រោយពីជម្រុះនៅសល់៨រូប កម្មវិធីនឹងតម្រួវអោយអ្នកជាប់ចុងក្រោយ ឡើងឆាកផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដោយការប្រលងចម្រៀងដែលនឹងធ្វើនៅខេត្តអូសាកា នៅប្រទេសជប៉ុននេះ រំពឹងថានឹងមានបងប្អូនពលករខ្មែរ និង អ្នករស់នៅប្រទេសជប៉ុនច្រើនពាន់ចូលទស្សនា ដោយសារតែកម្មវិធីនេះ ជារៀងរាល់ឆ្នាំ គឺមានបងប្អូនខ្មែរ ចូលរួមច្រើនៗរាល់ឆ្នាំទៅហើយ។
ក្រោយការបញ្ចប់ការប្រលង ក៏នឹងមានកម្មវិធីរាំងលេង ទាំងខ្មែរ និង បរទេសដែលចូលរួម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ទើបការប្រកួតប្រលងចម្រៀងនេះ គឺរមែងមានខ្មែរចូលរួមកុះករ ដើម្បីមកសប្បាយជុំគ្នា។ អ្វីដែលលោកស្រីរំពឹងថា ការប្រកួតចម្រៀងដណ្ដើមពានលើកនេះ នឹងមានអ្នកទស្សនាចាប់អារម្មណ៍ជាងមុន គឺដោយសារតែមានកិច្ចសហការផ្សព្វផ្សាយពី ផ្ទះតារា ដែលកំពុងតែបំផុសអោយបេក្ខជនបេក្ខនារី ដែលប្រលងប្រជែង កាន់តែមានកម្លាំងចិត្ត។
ជាមួយគ្នានោះ លោកស្រី ក៏មកកាន់ស្រុកខ្មែរ និង មកសុំកិច្ចសហការជាមួយ លោក ផាត់ តារារដ្ឋ ដើម្បីស្វែងរកក្រុមហ៊ុននៅប្រទេសកម្ពុជា អោយចូលស្ពុនស័រនៅក្នុងកម្មវិធីនេះផងដែរ ដោយដៃគូស្ពុនស័រ នឹងបានដាក់តាំងស្ដង់លក់ផលិតផលនៅក្នុងបរិវេណពិធី បានប្រូម៉ូតផលិតផលរបស់ខ្លួនដោយ MC តាំងពីចាប់ផ្ដើមរហូតដល់ចប់ ហើយម្ចាស់ក្រុមហ៊ុន ឬ តំណាងក្រុមហ៊ុន ដែលបានឡើងទៅដោយផ្ទាល់ នឹងក្លាយជាគណកម្មការដាក់ពិន្ទុ ក្លាយជាគណអធិបតី បានឡើងជូនបាច់ផ្កាដល់ម្ចាស់ពាន និង ទទួលបានលិខិតសរសើរ ដែលប្រគល់ដោយប្រធានសមាគម និង តំណាងសំខាន់ៗ ទាំងជប៉ុន និង ក្រសួងការងារខ្មែរ នៅទីនោះ។
ជាការឆ្លើយតប លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា បានប្រកាសពីការសហការពេញទំហឹង ដើម្បីជួយផ្សព្វផ្សាយ និង លើកទឹកចិត្តដល់អ្នកប្រកួត។ លោកក៏បានអំពាវនាវអោយម្ចាស់ផលិតផលធំៗ ដែលចង់សាងក្រេឌីត អោយកាន់តែខ្លាំង នៅក្នុងប្រទេសជប៉ុន គួរតែចូលរួមស្ពុនស័រនៅក្នុងប្រលងនេះ ដោយសារតែមានឱកាសប្រូម៉ូតផលិតផលតាមរយៈ ការតាំងប៊ូត ការផ្សព្វផ្សាយពី MC ឱកាសធ្វើជាគណកម្មការ និង ធ្វើជាភ្ញៀវកិត្តិយស ដែលមានបងប្អូនពលករខ្មែរ និង អ្នករស់នៅទីនោះជាជនជាតិខ្មែរ រាប់ពាន់នាក់ចូលរួម ដែលជាបរិយាកាសដ៏អំណោយផល សម្រាប់ការសាងប្រេន នៅលើទឹកដីជប៉ុន។ រាល់ព័ត៌មានចូលរួមស្ពុនស័រ សូមទំនាក់ទំនងមកកាន់លោក តាមរយៈតេលេក្រាម 089 25 36 36។