ប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ លោក ម៉ុង វិមាន បានប្រកាសចុះទិញស្រូវពីពលរដ្ឋ ក្នុងតម្លៃ១តោន ១លាន១សែន តែក្រោយពេលកិនជាបានជាអង្ករ គឺលក់តែមួយបេ(៥០គីឡូ) ត្រឹមតែ១០ម៉ឺន៥ពាន់រៀល។ យុទ្ធនាការគឺជាការរួមចំណែកដ៏ធំជួយដល់កសិករដែលកំពុងប្រឈមរឿងលក់ស្រូវមិនបានសមរម្យ ហើយក៏ជាយុទ្ធនាការមួយ ដែលអាចអោយអ្នកទទួលទានបាយនៅក្នុងស្រុក ប្រាកដចិត្តថា ពិតជាបានអង្ករក្នុងស្រុក ដែលគ្មានប្រើគីមី។
លោក ម៉ុង វិមាន ស្ថាបនិកមាតិកាអង្ករបេះដូងខ្មែរ បានលើកឡើងថា ដោយសារតែជារៀងរាល់ឆ្នាំ ប្រជាកសិករតែងស្រែកថាតម្លៃស្រូវចុះថោក តែអង្ករដែលលក់ចេញនៅតែមានតម្លៃខ្ពស់ ទើបលោកផ្ដើមបង្កើតជាយុទ្ធនាការនេះឡើង ដើម្បីបានជួយប្រជាកសិករ ដោយលោកយល់ថា ប្រសិនបើបងប្អូននៅក្នុងប្រទេសកម្ពុជា ជួយទិញអង្ករពីយុទ្ធនាការអង្ករបេះដូងខ្មែរ ត្រឹមតែ១លានផ្ទះជារៀងរាល់ខែ ឬ ជារៀងរាល់ឆ្នាំ ក៏ជារឿងជួយប្រជាកសិករ អោយមានទីផ្សារស្រូវ លែងភ័យរឿងឈ្មួញក្រឡុកទៀតដែរ។ លោកថា អង្ករដែលបានពីការទិញស្រូវផ្ទាល់ៗរបស់ពលរដ្ឋនេះ មិនមែនជាអង្ករដែលបានជាបាយរឹង ឬ ស្ងួតមិនឆ្ងាញ់នោះទេ ផ្ទុយទៅវិញគឺជាប្រភេទអង្ករដែលមានរសជាតិឆ្ងាញ់ ទន់អាចញ៉ាំបាន និង ល្អជាងអង្ករដែលតាមដេប៉ូគេលក់មួយបេ ១៣៥០០០រៀលរាល់ថ្ងៃទៅទៀត។ ជាក់ស្ដែងនៅពេលលោកយកមកប្រៀបធៀប គឺអង្ករដែលលោកកិនបាន ជាប្រភេទអង្គរគ្រាប់ធំ ពណ៌សាច់អង្ករស្រលូនៗ មិនមែនជាដូចប្រភេទអង្ករចម្រុះ ដែលជាគ្រាប់ល្អិតៗ លាយសលាយលឿង ហើយដាក់លក់រហូតដល់ ១៣៥០០០រៀល នោះឡើយ។
លោកទទូចអោយពលរដ្ឋដែលត្រូវការអង្ករចែកអំណោយ ឬ អង្ករសម្រាប់ទទួលទាន ងាកមកទិញអង្ករពីយុទ្ធនាការអង្ករបេះដូងខ្មែររបស់លោកវិញ ដោយសារតែជាអង្ករដែលចុះទិញស្រូវពីពលរដ្ឋថ្មី ជាអង្ករខ្មែរ១០០ភាគរយ ជាអង្ករក្នុងស្រុក១០០ភាគរយមិនប្រើគីមី ជាអង្ករដែលមានតម្លៃទាបជាងអង្ករនៅលើទីផ្សារ និងជាការរួមចំណែកជួយដល់កសិករខ្មែរ កុំអោយបន្តជួបហានិភ័យរឿងស្រូវគ្មានទីផ្សារ។ លោកក៏ទទួលវិចខ្ចប់ជូនតាមប្រភេទគីឡូៗ សម្រាប់អ្នកចង់ទិញយកទៅចែកជាទានផងដែរ។ មកដល់ពេលនេះ លោកបានចុះទិញស្រូវពីពលរដ្ឋផ្ទាល់ៗ បានជាច្រើនតោនហើយ នៅខេត្តបាត់ដំបង ហើយលោកនឹងបន្តចុះទិញនៅខេត្តផ្សេងៗទៀត អោយតែលោកដឹងថាកំពុងមានបញ្ហាលក់មិនចេញ ឬ ឈ្មួញអោយថោកខ្លាំង។ យ៉ាងណាមិញលោកអាចមានចរន្តចុះទិញស្រូវបែបនេះ បានច្រើន គឺលុះត្រាតែមានការកុម្ម៉ង់ជាអង្ករពីអ្នកទិញ ទើបលោកស្នើអោយងាកមកជួយទិញអង្ករពីលោកអោយបានច្រើន ដើម្បីលោកបានដើមទុនបន្តទៀត ទៅជួយទិញស្រូវពលរដ្ឋ។
លោក ម៉ុង វិមាន បញ្ជាក់ថា លោកចុះទិញស្រូវពលរដ្ឋ គឺអោយថ្លឌខ្ពស់ជាឈ្មួញ ដោយមួយតោនលោកអោយតម្លៃ៩០០សម្រាប់ស្រូវសើម និង ១១០០រៀល សម្រាប់ស្រូវស្ងួត តែនៅពេលកិនជាអង្ករលក់វិញ គឺលោកលក់តែ ១០ម៉ឺន៥ពាន់ប៉ុណ្ណោះក្នុងមួយបេ ដើម្បីជួយសេដ្ឋកិច្ចម្ចាស់ស្រូវ និង ជួយបន្ថយការចំណាយរបស់អ្នកទិញអង្ករ។ សំខាន់គឺអ្នកហូប ច្បាស់ថាបានអង្ករខ្មែរសុទ្ធ គ្មានជាតិគីមី ហើយជាអង្កររសជាតិឆ្ងាញ់ ដែលមិនភ័យរឿងមិនដឹងប្រភព។ លោកអ្នកអាចទំនាក់ទំនងជាវអង្ករពីលោកដោយផ្ទាល់ តាមរយៈតេលេក្រាម +85510 42 22 12។