ដ្បិតតែធំធាត់នៅលើទឹកដីអាមេរិក តែលោក ឌី សាវុទ្ធី ដែលត្រូវគេស្គាល់ថាគឺជាកូនខ្មែរមួយរូប រស់នៅលើទឹកដីអាមេរិក នៅតែបានសម្រេចចិត្តមករស់នៅស្រុកខ្មែរ ដោយបានបោះទុនប្រមាណជាង១០ម៉ឺនដុល្លារ បើកហាងលក់អាហារប៉ាស្តា ដែលជាអាហារល្បីល្បាញរបស់ប្រទេសអ៊ីតាលី នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ក្រៅពីជាម្ចាស់ហាង លោកក៏ជាចុងភៅផ្នែកប៉ាស្ដាដ៏ចំណាន ដែលបានចែកចាយនូវបទពិសោធន៍មួយនេះ ជូនដល់បុគ្គលិកជនជាតិខ្មែរជាច្រើននាក់ និង ផ្ដល់ឱកាសការងារអោយកូនខ្មែរផងដែរ។

លោក ឌី សាវុទ្ធី ម្ចាស់ហាងភោជនីយដ្ឋានឈ្មោះ ផេស៊ីហ្វិក ប៉ាស្ដា នៅបឹងកក់ បានថ្លែងបញ្ជាក់ថា លោកគឺជាកូនខ្មែរនៅខេត្តព្រៃវែង ដែលបានចាកចេញពីប្រទេសកម្ពុជា តាំងពីវ័យ៦ខែ ហើយទៅរស់នៅសហរដ្ឋអាមេរិក។ ដោយមានចំណូលចិត្តផ្នែកចុងភៅ ទើបតស៊ូសិក្សាផ្នែកចុងភៅរហូតដល់ចប់ ហើយក៏ទៅបន្តការសិក្សា និង ធ្វើជាចុងភៅនៅក្នុងប្រទេសអ៊ីតាលី ជាច្រើនឆ្នាំមុនមកធ្វើមុខជំនួញនៅកម្ពុជា។ លោកថា ហាង Pacific Pasta Co របស់លោក គឺមានសេវាលក់អាហារគ្រប់ប្រភេទ ដោយអាជីវកម្មរបស់លោកចាប់តាំងពីបើកដំណើរការ គឺមានភ្ញៀវគាំទ្រទាំងខ្មែរ និង បរទេស។ លោកគម្រោងនឹងបើកសាខាថ្មីៗ ក្នុងពេលបន្តបន្ទាប់ បន្ទាប់ពីភោជនីយដ្ឋាន អាហារប៉ាស្ដារបស់លោក ទទួលជោគជ័យ។ លោកក៏នឹងគម្រោងពង្រឹងអាជីវកម្មអោយរីកចំរើនផងដែរ ដោយអាចមិនទៅរស់នៅអាមេរិកវិញទេ។ លោកថាសប្បាយចិត្តដែលបានមករកស៊ីនៅស្រុកខ្មែរ និង បានដំណើរការហាងអាហារដ្ឋាននៅក្នុងទីតាំងប្រជនជននៅក្នុងតំបន់បឹងកក់។ លោកក៏ទទូចអោយអ្នកដែលចង់សាកអាហាររបស់ Italy មកភ្លក់អាហារនៅក្នុងហាងថ្មីរបស់លោកផងដែរ ដោយលោកបញ្ជាក់ថា មនុស្សតិចណាស់ ដែលបានមកកាន់ហាងរបស់លោកហើយមិនជក់ចិត្តនឹងស្នាដៃរបស់លោក។ នៅក្នុងហាងនេះ ក៏មានស្តេកសាច់ចៀម និង សាច់ផ្សេង ដែលចំអិនដោយចុងភៅជំនាញផ្សេងទៀតផងដែរ។

លោក ឌី សាវុទ្ធី បន្តថា នេះជាហាងលើកដំបូងដែលលោកចំណាយទុនដំណើរការបន្ទាប់ពីមានចំណេះដឹង និង មានបទពិសោធន៍ផ្នែកចុងភៅ។ បើទោះជាលោកបានបង្រៀនជំនាញផ្នែកធ្វើប៉ាស្តាដល់ចុងភៅខ្មែរ អោយកាន់តែមានថ្វីដៃ តែលោកបញ្ជាក់ថា លោកក៏នៅតែធ្វើជាចុងភៅដោយផ្ទាល់ ដោយក្នុងហាងរបស់លោកក៏ក៏មានលក់ស្រាក្រឡុក និង មានភ្លេងកំដរផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here