មកទល់ពេលនេះ គេកត់សម្គាល់ថា តារាសម្ដែង កញ្ញា ទេព ស្រីម៉ុច ដែលកាលពីមុនប្រើឈ្មោះថា សុខ ស្រីម៉ុច មិនទាន់បង្ហាញអោយមហាជនបានស្គាល់ពីគូអនាគតនៅឡើយទេ។ ប៉ុន្តែក្រឡេកទៅមើល រូបសម្រស់របស់នាង គឺកាន់តែស្រស់ស្រស់ផូរផង់ ជីវភាពក៏លូយឆាយជាងមុន ដែលមិនទំនងថាបេះដូងនៅទំនេរ។

អ្នកគាំទ្រមិនតិចទេ ចាប់អារម្មណ៍ថា ទេព ស្រីម៉ុច ស្រស់ស្អាត និង កាន់តែចេះរៀបចំខ្លួនបានទាក់ភ្នែកជាងមុន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញនាងឡើងចុះខេត្តៗ និង ចុះចែកអំណោយជាមួយក្រុមសប្បុរសជនផ្សេងទៀតស្ទើរគ្មានពេលសម្រាក ដែលអាចនិយាយបានថា ជីវភាពនាងចាប់ផ្ដើមល្អប្រសើរជាងមុន ទើបនាងសប្បាយតែធ្វើខ្លួនដើរជួយសង្គម និង បង្ហាញនូវភាពរីករាយជាប្រចាំ។ ក្នុងនោះសូម្បីតែការងារសម្ដែងក្នុងភាពយន្តធំៗ ក៏នាងមិនសូវឃើញទទួលផងដែរ ក្រៅតែពីទទួលថតតែឃ្លីបខ្លីៗ ដែលប្រើពេលថតតិចម៉ោង។ យ៉ាងណាក៏ដោយ ទេព ស្រីម៉ុច បានអះអាងថា មិនបានលះបង់សិល្បៈ ហើយចោលការសម្ដែងនោះទេ ប៉ុន្តែបណ្ដាលមកពីនាងនៅចង់ជួយការងារសង្គមអោយបានច្រើន និង រវល់ការងារផ្ទាល់ខ្លួនផង ទើបនាងតែងសុំបដិសេធនៅពេលផលិតករស្នើអោយថត។

ទេព ស្រីម៉ុច បានថ្លែងបញ្ជាក់ថា មួយរយៈចុងក្រោយនាងស្រវាស្រទេញតែការងារខាងក្រៅសិល្បៈ ដើម្បីរកចំណូលប៉ុណ្ណោះ ដោយមានភាពយន្តភាគមិនតិចទេ ដែលនាងបដិសេធមិនទទួលសម្ដែង។ ប៉ុន្តែសម្រាប់ការថតឃ្លីបខ្លីៗ និង ការងារចុះជួយសង្គមគឺនាងសកម្មច្រើនព្រោះតែមានមិត្តភ័ក្ត្រសហការធ្វើរួមគ្នា។ ម្យ៉ាងមកពីពេលកូវីត១៩ នាងមិនសូវចង់ទទួលថតកុន ដែលត្រូវប្រមូលផ្ដុំគ្នា ពពាក់ពពូកយូរៗម៉ោងនោះផង ទើបនាងមិនទាន់ទទួល។ យ៉ាងណាមិញ នាងថា ក្រោយពេកូវីតស្ងប់ស្ងាត់នាងនឹងឆ្លៀតពេលទទួលថតកុនឡើងវិញ។ ជាមួយគ្នានោះ សម្រាប់ព័ត៌មានស្នេហា គឺនាងបញ្ជាក់ថា មិនអត់អ្នកស្រលាញ់នោះទេ ប៉ុន្តែនាងមិនទាន់សម្រេចចិត្ត ដោយនៅតែអះអាងថា បេះដូងទាំងមូល នៅមិនទាន់មានអ្នកឃុំគ្រងនៅឡើយទេ បើទោះជាការបញ្ជាក់របស់នាង នៅមិនទាន់មានអ្នកជឿ។

LEAVE A REPLY

Please enter your comment!
Please enter your name here