យោងតាមការបង្ហោះលើផេកផ្លូវការរបស់គ្រួសារតារាកម្ពុជា បានអោយដឹងថា”កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២០ អ្នកស្រី រ៉េតរ៉ូស និង សិល្បករជាច្រើន បាននាំយកជំនួយជាថវិកាចំនួន 425ដុល្លារ និង 34ម៉ឺន យកទៅប្រគល់ជូនតារាសម្ដែង ម៉ែនឿន នៅពេជ្រនិល ដើម្បីអោយតារាសម្ដែងរូបនេះ មានលទ្ធភាពបានសង្ឃទានជូនអ្នកម្ដាយវ័យ៩៧ឆ្នាំ ដែលមានជម្ងឺធ្ងន់ ស្របពេលអ្នកស្រីកំពុងទីទាល់ខ្លាំង”។ ថវិកាទាំងនេះ គឺជាថវិកាដែលរៃអង្គាសបានពីការស្វះស្វែងរបស់តារាសម្ដែង អ្នកស្រីរ៉េតរ៉ូស និង គ្រួសារតារាកម្ពុជា ដោយនេះគ្រាន់តែជាថវិការ៉ៃអង្គាសលើកទី1ប៉ុណ្ណោះ ខណៈដែលគ្រួសារតារាកម្ពុជា និង អ្នកស្រី រ៉េតរ៉ូស បានអះអាងថា នឹងនៅតែទទួលជំនួយជួយដល់អ្នកស្រីបន្តទៀត ដោយសារតែយល់ថាអ្នកស្រីជាតារាវ័យជ្រេ ដែលមានជីវភាពខ្សត់ខ្សោយ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានបន្តអំពាវនាវអោយបណ្ដាសប្បុរសជនមេត្តាជួយដល់សិល្បការិនីរូបនេះ ដោយលោកថា អ្នកស្រី មានស្ថានភាពកម្សត់បែបនេះយូរមកហើយ ប៉ុន្តែមិនហ៊ានអោយមហាជនដឹងឮ ព្រោះតែខ្លាចមហាជនមាក់ងាយ។ អ្នកស្រីកាន់តែកម្សត់ ក្រោយពេលប្រាក់ចំណូលធ្លាក់ចុះ ហើយម្ដាយវ័យជាង90ឆ្នាំរបស់អ្នកស្រី ក៏មានជម្ងឺធ្ងន់ ដល់ថ្នាក់គ្មានលុយសូម្បីតែធ្វើសង្ឃទានជូនដល់ម្ដាយនៅជីវិតចុងក្រោយ។ ថវិកាដែលប្រមូលបាននេះ គេឃើញអ្នកស្រី អ៊ុំ សក្ខណា ហៅ ម៉ែនឿន យកទៅធ្វើសង្ឃទានជូនដល់អ្នកម្ដាយជរា នៅថ្ងៃប្រគល់អំណោយ ដោយអ្នកស្រីទទួលថវិកាបណ្ដើរហូរទឹកភ្នែកបណ្ដើរ ព្រោះតែក្ដីរំភើប។

នេះគឺជាការចែករំលែកមួយដ៏មានតម្លៃរបស់ក្រុមសប្បុរសជន ជាពិសេសគឺអ្នកសិល្បៈ ខណៈដែល តារាសិល្បៈដែលបានចំណាយពេលយកជំនួយយកទៅប្រគល់ជូនអ្នកស្រីដល់ពេជ្រនិល គឺក្រៅពីបរិច្ចាគថវិកាជួយហើយ ក៏ ចំណាយពេលវេលាទៅលើកទឹកចិត្តម៉ែនឿនដោយផ្ទាល់។ សិល្បករដែលបានចុះទៅដល់ទីតាំងប្រគល់អំណោយទាំងនោះរួមមាន អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក សុខ សុធន អ្នកដឹកនាំរឿង និង ជាផលិតករ, អ្នកស្រី វ៉ាន់ថុន តារាសម្ដែង និង អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង ជាដើម ខណៈដែលតារារៀមច្បងទាំងនេះ គឺសុទ្ធតែជាក្រុមការងាររបស់គ្រួសារតារាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here