យោងតាមការបញ្ជាក់ផ្លូវការរបស់ផលិតកម្ម BN Production បានប្រកាសជាផ្លូវការថា តារាចម្រៀង លោក រិន សាវេត បានកុងត្រាច្រៀងនៅក្នុងផលិតកម្មរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីកុងត្រារបស់លោកជាមួយផលិតកម្ម ហង្សមាស ត្រូវបានបញ្ចប់អស់ជាយូរ។ ក្នុងពេលជាមួយគ្នានោះ តារាចម្រៀង2រូបផ្សេងទៀត គឺអ្នកនាង កែវ ច័ន្ទសម្ផស្ស និង តារាចម្រៀងលោក ជឹម ជឿន ក៏កុងត្រាធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្មមួយនេះផងដែរ។

លោក យ៉ាន រតនា តំណាងផលិតកម្ម BN បានអះអាងថា ក្រោយការដំណើរការឡើងវិញ ផលិតកម្ម BN បានកុងត្រាបញ្ចូលតារាចម្រៀងអោយជ្រកនៅក្នុងផលិតកម្មរបស់ខ្លួន បានចំនួន១៥រូបហើយ ដោយក្នុងចំណោមសមាជិកដែលបានបញ្ចូលទាំង១៥នាក់ គឺលោក រិន សាវេត ក៏ជាតារាចម្រៀងថ្មីម្នាក់ នៅក្នុងផលិតកម្ម។ វត្តមានរបស់អតីតតារាហង្សមាសរូបនេះ ហាក់ធ្វើអោយលោកមានការរំពឹងថា នឹងធ្វើអោយផលិតកម្ម BN ឈានឡើងមួយកម្រិត ស្របពេលដែលលោកក៏បង្វែរទិសដៅប្រមូលយកតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងសិល្បៈ អោយធ្វើជាសមាជិកក្នុងក្រុមចម្រៀង។ តាមរយៈគោលការណ៍ តារាចម្រៀងលោក រិន សាវេត នឹងត្រូវបានផលិតកម្ម ផលិតបទអោយច្រៀង ដោយរួមមានទាំង បទពីជំនាន់ដើម និង បទនិពន្ធថ្មី ប៉ុន្តែសម្រាប់ការកំណត់ថា ក្នុងមួយត្រូវផលិតអោយបានប៉ុន្មាន ឬ បញ្ចេញនៅលើយូធូបអោយបានប៉ុន្មានបទ គឺមិនទាន់ដឹងនោះទេ ដោយផ្អែកលើភាពជាក់ស្ដែង។

LEAVE A REPLY

Please enter your comment!
Please enter your name here