ភាពក្រីក្របានធ្វើអោយតារាសម្ដែង អ្នកស្រី អ៊ុំ សក្ខណា ហៅ ម៉ែនឿន មិនមានលទ្ធភាពសូម្បីតែធ្វើសង្ឃទានអោយម្ដាយវ័យ៩៧ឆ្នាំដែលស្ថិតក្នុងដង្ហើមចង្រឹតនោះទេ ពោលគឺរហូតទាល់តែម៉ែនឿន ទទួលបានជំនួយជាលុយកាក់ពីសប្បុរសជន ហើយមានលទ្ធភាពធ្វើសង្ឃទានអោយ ទើបម្ដាយរបស់អ្នកស្រីទទួលមរណភាព។ មានការបញ្ជាក់ថា ម្ដាយរបស់អ្នកស្រី បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០២០ បន្ទាប់ពីសង្ឃទានដែលមានការចូលរូមពីសិល្បករមួយចំនួមដែលយកអំណោយទៅជូននោះបញ្ចប់បានតែប៉ុន្មានម៉ោង។ អ្វីដែលគួរអោយសង្វែគគឺអ្នកស្រី អ៊ុំ សក្ខណា ត្រូវបាត់បង់ម្ដាយខណៈដែលអ្នកស្រីកំពុងសម្ដែងនៅភ្នំពេញ ដែលមានន័យថា មិនទាន់សូម្បីតែដង្ហើម។
គួរបញ្ជាក់ផងដែរថា អ្នកស្រី អ៊ុំ សក្ខណា មានស្ថានភាពកម្សត់បែបនេះយូរមកហើយ ប៉ុន្តែមិនហ៊ានអោយមហាជនដឹងឮ ព្រោះតែខ្លាចមហាជនមាក់ងាយ។ អ្នកស្រីកាន់តែកម្សត់ ក្រោយពេលប្រាក់ចំណូលធ្លាក់ចុះ ហើយម្ដាយវ័យជាង90ឆ្នាំរបស់អ្នកស្រី ក៏មានជម្ងឺធ្ងន់ ដល់ថ្នាក់គ្មានលុយសូម្បីតែធ្វើសង្ឃទានជូនដល់ម្ដាយនៅជីវិតចុងក្រោយ។ ថវិកាដែលប្រមូលបាននេះ គេឃើញអ្នកស្រី អ៊ុំ សក្ខណា ហៅ ម៉ែនឿន យកទៅធ្វើសង្ឃទានជូនដល់អ្នកម្ដាយជរា នៅថ្ងៃប្រគល់អំណោយ ដោយអ្នកស្រីទទួលថវិកាបណ្ដើរហូរទឹកភ្នែកបណ្ដើរ ព្រោះតែក្ដីរំភើប។
នេះគឺជាការចែករំលែកមួយដ៏មានតម្លៃរបស់ក្រុមសប្បុរសជន ជាពិសេសគឺអ្នកសិល្បៈ ខណៈដែល តារាសិល្បៈដែលបានចំណាយពេលយកជំនួយយកទៅប្រគល់ជូនអ្នកស្រីដល់ពេជ្រនិល គឺក្រៅពីបរិច្ចាគថវិកាជួយហើយ ក៏ ចំណាយពេលវេលាទៅលើកទឹកចិត្តម៉ែនឿនដោយផ្ទាល់។ សិល្បករដែលបានចុះទៅដល់ទីតាំងប្រគល់អំណោយទាំងនោះរួមមាន អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក សុខ សុធន អ្នកដឹកនាំរឿង និង ជាផលិតករ, អ្នកស្រី វ៉ាន់ថុន តារាសម្ដែង និង អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង ជាដើម ខណៈដែលតារារៀមច្បងទាំងនេះ គឺសុទ្ធតែជាក្រុមការងាររបស់គ្រួសារតារាកម្ពុជា។