ក្រោយពីរលក COVID-19 បង្ករឱ្យក្រុមការងារប៉ុស្តិ៍លេខ5 ផ្អាកដំណើរការផលិតរឿងអស់មួយរយៈ នៅថ្ងៃទី8 មករា ឆ្នំា2021នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 បានដំណើរការផលិតរឿងភាគដំបូងរបស់ខ្លួនហើយ ដោយនេះគឺជារឿងដំបូងនៅក្នុងឆ្នាំ2021 ដែលស្ថាប័នមួយនេះប្រកាសឡើង។ ភាពយន្តថ្មីនេះក៏មានការចូលរួមផលិតពីក្រុមផលិតករថៃ ដូចដែលធ្លាប់បានធ្វើកន្លងមកផងដែរ ដោយក្នុងពិធីក្រុងពាលីទាំងមូល គេឃើញមានវត្តមានវត្តមានអគ្គរដ្ឋទូតប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា គឺលោក អឺមេណេហ្ស៊ីលដូ គូប៉េស ធ្វើជាភ្ញៀវកិត្តិយសខុសពីសព្វដង។

សិល្បករសិល្បការិនីចាស់ក្មេងមិនតិចនាក់ទេ បានបង្ហាញវត្តមានក្នុងពិធីក្រុងពាលីភាពយន្តរឿង « រសស្នេហ៍ផ្លែល្វា » នៅការិយាល័យប៉ុស្តិ៍លេខ5 ដែលមានទីតាំងស្ថិតក្នុងសណ្ដាគារ សូហ្វីតែលភ្នំពេញ។ នេះជាភាពយន្តមួយដែលបង្ហាញពីស្នេហាផ្អែមល្ហែមល្វីងជូរចត់ និងឆ្លុះបញ្ចាំងពីរឿងរ៉ាវជាច្រើននៅក្នុងសង្គម ។ ហើយតួអង្គសំខាន់ៗនៅក្នុងភាពយន្តនេះរួមមាន៖ លោក សេង មង្គល ( សម្ដែងជាតួអង្គលោក ផាន់រ៉ុង ដែលមាបរុសស្រឡាញ់ប្រពន្ធកូន មានចរិតម៉ឺងម៉ាត់ តែចាញ់ល្បិចក្រោមសម្រស់ស្រីស្អាតមួយរូប), លោក ឆឹម សក្កដា ( សម្ដែងជាតួអង្គឈ្មោះ ម៉ូនិន្ទ ដែលជាបុរសសង្ហារមានចរិតចាស់ទុំ និងផ្ដល់ភាពកក់ក្ដៅដល់មនុស្សស្រីដែលខ្លួនស្រឡាញ់), កញ្ញា ឈិន ស៊ាវម៉ី ( សម្ដែងជាតួអង្គនាង វ៉ាន់ដាលី ដែលមានចរិតឈ្លាសវ៉ៃ និងជឿជាក់ខ្លួនឯង) និង កញ្ញា ហាស់ ឌីជូលី ( សម្ដែងជាតួអង្គនាង រ៉ូសានីត ដែលជានារីឆ្នាស់ឆ្នើម ពុតត្បុត និងដើរពង្រាយមន្តស្នេហ៍ )។ ក្រៅពីតួអង្គសំខាន់ៗទាំងនេះ ក្នុងភាពយន្តទាំងមូលក៏មានតួអង្គសំខាន់ៗផ្សេងទៀតផងដែរ ដូចជា៖ លោក ម៉ុង ប៊ុនណូរ៉ា, លោក អៀង ចេនឡា, កញ្ញា រ៉ូហ្សា, លោក វណ្ណៈ និងតួអង្គចាស់ក្មេងជាច្រើនរូបផ្សេងទៀត។

នៅក្នុងពិធីក្រុងពាលីនេះក៏មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗរបស់ប៉ុស្តិ៍លេខ5 ចូលរួមផងដែរ ដោយក្រុមការងារផលិតករទាំងអស់ក៏ទទូចឱ្យសិល្បករសិល្បការិនី យកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការ ការពារពីជម្ងឺរ COVID-19 ជាពិសេសក្នុងអំឡុងពេលចុះថតភាពយន្តមួយនេះក្នុងពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here