តារាសម្ដែងសម្បូរវោហាស័ព្ទ ឈុំ ភួយ កំពុងតែទទួលបានទីផ្សារក្នុងសិល្បៈជាបន្តបន្ទាប់ក្រោយក្លាយខ្លួនជាសមាជិកដ៏សកម្មមួយរូបរបស់គ្រួសារតារាកម្ពុជា។ ថ្មីៗនេះដែរអ្នកនាងក៏ត្រូវបានគេឃើញលេចមុខនៅក្នុងអាជីពថ្មីគឺជាពិធីការិនីនៅក្នុងកម្មវិធី « កុនខ្ញុំ » របស់ស្ថានីយ៍ទូរទស្សន៍ ទទក។
យ៉ាងណាមិញដោយសារភាពកំប្លុកកំប្លែងសម្ដីចាក់ទឹកមិនលិចរបស់អ្នកនាង ក៏ត្រូវបានអ្នកដឹកនាំកម្មវិធីសម្រេចជ្រើសរើសរូបនាងឱ្យធ្វើជាពិធីការិនីនៅក្នុងកម្មវិធី « កុនខ្ញុំ » ដែលជាកម្មវិធីកិច្ចសម្ភាសន៍ខ្លីៗដែលពាក់ព័ន្ធជាមួយនឹងវិស័យភាពយន្ដខ្មែរពីពេលមុននិងពេលបច្ចុប្បន្ន ព្រមទាំងជីកគាស់កកាយអំពីរឿងរ៉ាវជីវិតប្រចាំថ្ងៃរបស់តារាកិត្តិយសដែលអញ្ជើញចូលរួម។
អ្វីដែលកាន់តែពិសេស ម៉ាដាម ឈុំភួយត្រូវបានគេតម្រូវឱ្យចាប់ដៃគូរជាមួយនឹងពិធីការិនីស្រីរាងស្រឡូនគឺកញ្ញា ឌួង ម៉ានិច្ច និងពិធីករប្រុសគឺលោក សុខ សំណាង ។ហើយនៅក្នុងកម្មវិធីនេះនឹងមានចាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ( ទទក ) នៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់ផងដែរ។ បើទោះជាអ្នកនាងបញ្ជាក់ថានេះជាលើកទីមួយដែលខ្លួនបានធ្វើជាពិធីការិនីលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ក៏ពិតមែន ប៉ុន្តែបើសង្កេតមើលសមត្ថភាពនៅក្នុងការប្រើប្រាស់ភាសានិយាយបញ្ចេញបញ្ចូល និងកាយវិការលេងសើចរបស់នាងសឹងតែធ្វើឱ្យអ្នកទស្សនាទប់សំណើចមិនបាន ព្រមទាំងយល់ថានាងជាអ្នកជំនាញផ្នែកអាជីពនេះពីមុនរួចមកហើយបើទោះជានៅមានចំណុចខ្លះមិនទាន់បានល្អគ្រប់ជ្រុងជ្រោយ និងហាក់នៅរៀងភ័យៗយ៉ាងណាក្ដី។
គួរបញ្ជាក់ផងដែរថាឈុំ ភួយបានប្រឡូកក្នុងវិស័យសិល្បៈជាយូរយាណាស់មកហើយដោយអ្នកស្រីធ្លាប់ជាចម្រៀងតាមអកកេស និងដោយសារភាពកំប្លុកកំប្លែងរបស់នាងទើបវិវដ្តខ្លួនបានចូលសម្ដែងភាពយន្តជាបន្តបន្ទាប់។ យ៉ាងណាមិញនាងក៏អរគុណដល់អ្នកដឹកនាំកម្មវិធី និងជាពិធីករគឺលោក សុខ សំណាងដែលបានផ្ដល់ឱកាសដល់រូបនាងបានចូលខ្លួនបម្រើអាជីពជាពិធីការិនី បើទោះជានេះជាលើកទីមួយក្នុងជីវិតនាងយ៉ាងណាក្ដី អ្នកនាងនឹងព្យាយាមក្ដាប់ឱកាសនេះឱ្យជាប់ នឹងព្យាយាមធ្វើឱ្យបានល្អតទៅមុខទៀតផងដែរ។
ជារឿងមួយគួរឱ្យរីករាយសម្រាប់តារាស្រីរូបនេះបើទោះជាសម្ថភាពដ៏សម្បូរបែបរបស់អ្នកនាងត្រូវបានផលិតករនិងអ្នកដឹកនាំកម្មវិធីមួយចំនួនមើលរំលង ដោយសារមើលឃើញពីរូបសម្រស់និង ជីវភាពរបស់អ្នកនាងមិនអំណោយផលធ្វើឱ្យនាងពុំសូវមានឱកាសលេចមុខនៅក្នុងកម្មវិធីធំៗដូចតារារួមអាជីពផ្សេងៗ។