លោក ប៉ែន សិទ្ធ មានឱកាសនោះទេក្នុងការចូលប្រឡូកសិល្បៈ ដោយសារតែលោកមានរូបរាងសង្ហា មានសាច់ដុំមិនចាញ់តារាម៉ូដែល ហើយក៏ជា ប្អូនប្រុសរបស់តារាសម្ដែង លោក ប៉ែន តុលា និងជាអតីតបុគ្គលិករបស់ផលិតកម្មមហាហង្ស ដែលឱកាសសម្ដែងគឺមានគ្រប់ពេល។

យ៉ាងណាមិញ លោកមិនសកម្មក្នុងការចូលប្រឡូកនោះទេ ដោយសារតែលោកអះអាងថា ចង់ចំណាយពេលចូលរួមតែក្នុងការលើកស្ទួយល្ខោនខោលបានហើយ ស្របពេលដែលលោកក៏មមាញឹកនឹងមុខរបរថ្មី គឺបើកលក់មុខរបរយ៉ាងសាមញ្ញមួយ នៅក្បែររង្វង់មូលផ្សារដើមថ្កូវនោះ។

លោក ប៉ែន សិទ្ធ និយាយថានៅក្នុងពេលនេះ លោកកំពុងមមាញឹកខ្លាំងនឹងអាជីពលក់គុយទាវប្រហិត និងប្រហិតឆ្ងាញ់យីហោតាន់ហ្វូតជាមួយបងស្រី ដោយលោកអះអាងថា មុខរបរថ្មីនេះ បើទោះជាអ្នកខ្លះយល់ថា គឺជាមុខរបរតាមចិញ្ចើមថ្នល់មែន ប៉ុន្តែមុខរបររបស់លោកគឺទាញប្រាក់ចំណូលក្រាស់គួរអោយសរសើរ ទើបលោកកាន់តែដុតដៃដុតជើង។

មុខរបរដែលមានទីតាំងស្ថិតនៅក្បែរសាលាប៊ែលធី ជិតរង្វង់មូលផ្សារដើមថ្កូវនេះ លោកថា បើទោះជាក្នុងបរិបថនៃជម្ងឺកូវីតនេះក៏ដោយ ក៏លោកកាក់កបផងដែរ ដោយសារតែគឺជាមុខរបរចំណីអាហារ ដែលអ្នកណាក៏ត្រូវការការទទួលទាន។ ក្នុងនោះលោកថានឹងត្រៀម ពង្រីកមុខរបរនេះ អោយកាន់តែមើលទៅធំដុំផងដែរ ប្រសិនបើដំណើរកាន់តែមានសន្ទុះ។

លោកថាមុខរបររបស់លោកទាក់ទាញទីផ្សារទាំងភ្ញៀវទៅទទួលទានដល់កន្លែង និង វេចខ្ចប់ ទើបធ្វើអោយលោកកាន់តែមានទឹកមាត់លេប តាំងពីបើកដំណើរការ ទើបធ្វើអោយលោកកាន់តែឆ្ងាយពីការជួបជុំសប្បាយផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here