ក្នុងពេលដែល មហាជនឃើញវត្តមាន យូរីទៅកាន់ ផលិតកម្មធំហង្សមាស គេឃើញថា មានការដាក់ភាពសន្និដ្ឋានថា នាងមានចំនុចជាច្រើន ប្រហាក់ប្រហែលទេព បូព្រឹក្ស។ ម្លោះហើយទើប ខាងថ្នាក់លើសម្រេចចិត្ត ជ្រើសរើសនាង មកបំពេញចន្លោះ ទេព បូព្រឹក្សដែលបានលាលែង ជាតារាហង្សមាស។
បើពិនិត្យលើទេពកោសល្យ របស់ យូរី នាងមានចំនុចប្រសើរគួរអោយ គយគន់នឹងជឿថា ការហក់មកប្រជែងគេឯងនៅហង្សមាសពិតជាប្រសើរជាងនៅ កន្លែងចាស់។ យូរី មានមុខមាត់ឃ្យូតៗ មានការតុបតែងខ្លួនស្ទាយតារាបរទេស ដូចកូរ៉េ និងមានក្បាច់រាំ មើលទៅឆាល់ មិនអន់ឡើយ។ មានសមត្ថភាពចំនុចទាំង នេះហើយរុញអោយ យូរី អាចឈជើង លើឆាកហង្សមាសបាន។
យូរី ប្រាប់ថា ទោះជាទ្រនំហង្សមាស ប្រជុំទៅដោយតារាខ្លាំងៗមែន ប៉ុន្ដែនាងមិនបារម្ភចំពោះការដណ្ដើមភាពលេចធ្លោនោះទេ ព្រោះតែម្នាក់ៗខំប្រឹងប្រែងរៀងៗខ្លួន គ្មានការប្រជែងគ្នាឡើយ ហើយពេលនេះបទចម្រៀងរបស់នាងចេញបាន៣បទហើយ ដែលក្នុងនោះបទ ”ផាំងៗ” ទទួលបានការគាំទ្រច្រើនជាងគេ។យូរី ថា ការមកដល់ហង្សមាស គឺនាងមានការផ្លាស់ប្ដូរច្រើន ទាំងការស្លៀកពាក់ និងក្បាច់រាំ ហើយនាងបានត្រៀមខ្លួនរកអ្វីដែលថ្មីៗជាច្រើនទៀត ដើម្បីឲ្យប្លែកផងដែរ។