កាលពីព្រលប់ថ្ងៃទី២៣ មករា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជា៩យប់ បងស្រីបង្កើតទី១ របស់តារាចម្រៀង ក្រមិចក្រមើម អ្នកនាង ឆ័យលី ដាឡែន បានគាំងបេះដូង ស្លាប់នៅតាមផ្លូវ ក្រោយពីត្រលប់មកពីលេងភ្លេងខ្មែរ នៅកន្លែងមួយ នៅខេត្តបាត់ដំបង។ ក្រោយទទួលដំណឹងនេះ អ្នកនាង បានចាកចេញពីភ្នំពេញទាំងយប់ ប៉ុន្តែអនិច្ចារអ្នកនាង ឆ័យលី ដាឡែន មិនអាចបន្តដំណើរដល់ខេត្តបាត់ដំបងនោះទេ ដោយសាររថយន្តបែកកង់នៅត្រឹមព្រៃខ្មែរ ក្នុងខេត្តកំពង់ឆ្នាំង មុនដល់ទីរួមខេត្ត ហើយតម្រូវអោយនាងដេកផ្លូវកណ្ដាលព្រៃនោះមួយយប់ ព្រោះតែកង់សាគួរ ក៏គ្មានខ្យល់។ អ្នកនាង និង បងប្អូនក្នុងរថយន្តសរុបចំនួន៣នាក់ ទើបតែអាចបន្តដំណើរនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៤ មករា ប៉ុណ្ណោះ ក្រោយជាងមកជួយដូរកង់អោយ។ ដូច្នេះហើយ ទើបជារឿងសង្វេគចិត្តយ៉ាងខ្លាំងដែលអ្នកនាង ត្រូវមានទុក្ខរឿងបងស្លាប់ហើយ បែរជាមកត្រូវភ័យមួយយប់នៅផ្លូវស្ងាត់ទម្រាំភ្លឺមួយក្នុងពេលមានទុក្ខធ្ងន់បែបនេះទៀត។
នៅលើបណ្តាញសង្គមរបស់ ឆ័យលី ដាឡែន អ្នកនាងបានបង្ហោះយ៉ាងសោកសៅពីមរណភាពរបស់បងស្រីបង្កើតនេះ ដោយអ្នកនាង បញ្ជាក់ថា គឺជាបងធំជាងគេ ដែលជាគ្រូរបាំ និងជាបងស្រីដែលមានស្វាមីជាអ្នកភ្លេងខ្មែរ ហើយបងស្រីរបស់អ្នកនាង គឺជាអ្នកគ្រប់គ្រងភ្លេងខ្មែរ តាមស្វាមី។
អ្នកនាងថា បងស្រីមានអាការៈថប់ៗដង្ហើម និង ប្រកាច់ម្ដងជាពីរដងហើយ ហើយនៅថ្ងៃកើតហេតុ គឺមានសភាពនេះម្ដងទៀត រួចក៏ដាច់ដង្ហើមមុនយកទៅដល់ពេទ្យ។ អ្នកនាងបានប្រកាសពីដំណឹងដ៏សោកសៅនេះថា «បងក្រោកមកវិញមក គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ បងកុំទៅមួយទៀតអី គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ ពួកយេីងទេីបបានសប្បាយទេ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ ខ្ញុំគេងមិនលក់ទេ បិតភ្នែកឃេីញតែបងស្រី បងមកវិញមកទេវតាអេីយអោយបងស្រីខ្ញុំវិញមក»។
បណ្តាអ្នកសិល្បៈ និងមិត្តភក្តិមួយចំនួន បានចូលរួមរំលែកទុក្ខ និងសោកស្តាយ ពេលដឹងដំណឹងមួយនេះ ហើយអោយដាឡែនរឹងមាំបន្តទៀត នេះជាវាសនាជីវិតជួបនិងបែក។ យ៉ាងណាក៏សូមប្រកាសដំណឹង នេះដល់ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមបុណ្យ ជាកម្លាំងចិត្តដល់គ្រួសារទាំងមូល។