ខុសពីម្ចាស់អាជីវកម្មមួយចំនួនដែលសប្បាយចិត្តរីកថ្លើមក្រោយពេលអាជីវកម្ម និង ហាងថែរក្សាសម្រស់ធំមួយថ្មីសន្លាង ទើបតែបើកដំណើរការ តារាហ្វេសប៊ុក អ្នកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ បែរបង្ហាញអារម្មណ៍ឆេះដុំ និង ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី២៤ មករា ឆ្នាំ២០២១ មុននេះ ដោយលោកស្រីព្រលះចំៗតែម្ដង ចំពោះអ្នកជញ្ជក់ឈាមពីអ្នកទៅទទួលសេវាកែសម្ផស្ស ដោយចង់បានតែលុយចង់បានតែប្រយោជន៍ ហើយបោកអតិថិជន។

លោកស្រី រៃ សុភា បញ្ជាក់ថា នៅក្នុងបច្ចេកវិទ្យាទំនើបរបស់ប្រទេសកូរ៉េ អ្នកមានបញ្ហាមុខឃ្មូតស៊ី ឬ មុខប្រហោងធំៗ គឺគេអាចចាក់ខ្សែអំបោះ ដេរផ្ចិតស្នាមប្រហោងទាំងនោះ ដោយហាងសុភា ស្គីនឃែ របស់លោកស្រី ក៏កំពុងនិយមនឹងសេវាកម្មនេះផងដែរ ប៉ុន្តែបែរជាមានគ្លីនិកមួយបោកអតិថិជនរបស់លោកស្រី បើចង់ស្អាត បាត់ស្នាម គឺកុំចាក់ខ្សែអំបោះបែបនេះ គឺត្រូវចាក់រំលាយខ្សែអំបោះនោះចេញ ដោយតម្រូវអោយចំណាយ៦០០ដុល្លារ ដើម្បីបានស្អាត។ លោកស្រីបានចាត់ទុកថា អ្វីដែលខាងគ្លីនិកបានលើកឡើងគឺជាការបោកប្រាស់អតិថិជន ដោយលោកស្រីបន្តថា តើបច្ចេកវិទ្យាខាងណា ដែលចាក់រំលាយខ្សែអំបោះនោះ។ លោកស្រីថា បើអ្វីដែលលោកស្រីបានឮ គឺជាការពិតមែន គឺមានន័យថា គ្លីនិកដែលលោកស្រីមិនទាន់ចង់បញ្ចេញឈ្មោះនោះ បំភ័យអតិថិជន ដើម្បីតែលុយ និង កំពុងធ្វើរឿងដែលខ្វះគុណធម៌ ព្រោះបង្អាប់សេវាកម្មរបស់អ្នកដទៃ ដើម្បីអោយគេជឿជាក់។ លោកស្រីថា ក្នុងហាង សុភា ស្គីនឃែ របស់លោកស្រី អត់ប្រេន អត់ឡូយឆាយនោះទេ តែអ្វីដែលសេវាកម្មរបស់លោកស្រីមានគឺ គុណភាព និង ប្រសិទ្ធិភាព ហើយអតិថិជនចំណាយតិចបំផុត បើធៀបនឹងបណ្ដាហាងថែរក្សាសម្រស់ទាំងឡាយ។ លោកស្រីថា ក្ដៅស្លឹកត្រចៀកណាស់ ដែលចង់លក់ដាច់របស់ខ្លួនឯង ហើយវាយប្រហាររបស់ដទៃ ទាំងខ្លួនឯងនិយាយមកខុសបច្ចេកទេសពេទ្យកែសម្ផស្ស និងជាការនិយាយដើម្បីគ្រាន់តែបូមយកលុយភ្ញៀវ។ នេះសំណាងដែលភ្ញៀវត្រលប់មកប្រាប់លោកស្រី ចុះបើភ្ញៀវខ្វះការពិចារណា ហើយចាញ់បោក៦០០ដុល្លារនោះ តើគ្នាអ្នកមានសតិអារម្មណ៍ក្រោយការបំភ័យ នឹងខាតបង់កម្រិតណា។ លោកស្រីថា ក្នុងនាមជាពេទ្យ គួរតែមានគុណធម៌ មិនគួរបំភ័យអោយភ្ញៀវទទួលធ្វើសេវាកម្មរបស់ខ្លួន ដោយបង្អាប់ពីសេវារបស់អ្នកដទៃនោះទេ។ លោកស្រីកាន់តែឆេះដុំទៅទៀត នៅពេលឮថា អ្នកជំនាញប្រចាំគ្លីនិកដដែលរូបនោះ ប្រើពាក្យថាគ្លីនិកដែលយកតម្លៃធូរថ្លៃគឺមិនល្អ និងថា ទាល់តែមកទទួលសេវាកម្មរបស់ខ្លួនទើបល្អជាដើម។ លោកស្រីថា គ្លីនិករបស់អ្នកឯងយកថ្លៃហើយអួតថាល្អ គឺល្អតែឯងទៅ ហើយកុំគិតថា គ្លីនិកសុភាស្គីនឃែ ដែលមិនកាប់ភ្ញៀវដូចខ្លួន គុណភាពមិនកើត។ លោកស្រីបន្តថា បើហាងរបស់លោកស្រីគុណភាពមិនកើត មិនមែនភ្ញៀវតម្រង់ជួរគ្នាចាប់លេខ និងមកទទួលសេវាកម្មបណ្ដាក់គ្នារហូតដល់ម៉ោង7យប់មិនទាន់អស់ភ្ញៀវនោះទេ។ ជិត២០ឆ្នាំក្នុងអាជីពជាម្ចាស់ហាងថែរក្សាសម្រស់ លោកស្រីថា ខ្លួនមិនដែលបង្អាប់សេវាហាងណាមួយនោះទេ គឺមានតែភ្ញៀវដែលខូចមុខខូចមាត់ពីហាងទាំងនោះ គឺលោកស្រីជួយកែសម្រួលអោយដោយមិននិយាយវាយប្រហារអ្នកណានោះទេ។

លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ បន្តទៀតថា ក្នុងហាងរបស់លោកស្រី អត់គិតពីប្រេននោះទេ សូម្បីផលិតផលថែរក្សាសម្រស់ប្រចាំហាង ក៏អត់ធ្វើសំបកខ្ចប់ប្រេនៗនោះដែរ ប៉ុន្តែសម្រាប់គុណភាពគឺអាចសួរអ្នកប្រើប្រាស់ និង តំណាងចែកចាយរបស់ក្រុមហ៊ុនបាន គឺបញ្ចេញលក់មិនទាន់។ លោកស្រីទទូចកុំអោយបណ្ដាហាងដែលមានសេវាកម្មស្រដៀងគ្នា វាយប្រហារគ្នាដើម្បីដណ្ដើមម៉ូយគ្នា ហើយកុំកាប់ភ្ញៀវថ្លៃ ដោយគួរតែងាកមកបង្កើនលើគុណភាព និង បង្កើតកញ្ចប់តម្លៃដែលអាចអោយអតិថិជនរត់ទៅរកជាជាង កុំប្រឹងបង្អាប់សេវាកម្ម ឬ ផលិតផលរបស់អ្នកដទៃ ហើយប្រឹងអូសអតិថិជន ដោយកាប់តម្លៃថ្លៃៗនោះឡើយ។
ខាងក្រោមនេះ ជាប្រតិកម្មរបស់លោកស្រី ផាកមូមខ្មែរ កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២១៖

LEAVE A REPLY

Please enter your comment!
Please enter your name here