នៅទីបំផុតតារាចម្រៀង កញ្ញា វ៉ានីឡា ដែលមានឈ្មោះកំណើតថា សុខ ចិន្តា បានប្រកាសពីការហក់ចូលសិល្បៈវិញហើយ ដោយកាលពីប៉ុន្មានថ្ងៃមុនគេឃើញនាងទទួលថតស្ពតផលិតមួយ ដើម្បីជាការបើកទំព័រសិល្បៈរបស់នាងជាថ្មីនោះផង។ ការប្រកាសរបស់នាង មិនដូចការប្រកាសដែលនាងធ្លាប់បានធ្វើឡើងកាលពីច្រើនខែមុននោះទេ ដោយអមនឹងការប្រកាសដ៏មុតមាំ នាងក៏បានបញ្ចេញផែនការមួយចំនួន ដែលធ្វើអោយគេមើលឃើញថា ការត្រលប់មកលើកនេះ គឺមិនមែនស្ទាបស្ទង់ទេ តែស្ថិតក្នុងបំណងដើម្បីវាយលុកទីផ្សារ។

កញ្ញា វ៉ាន់នីឡា ប្អូនស្រីបង្កើតរបស់កវីនិពន្ធ លោក សុខ ជំនោរ បានថ្លែងបញ្ជាក់ថា នាងបានដើរជាន់នៅលើសង្វៀនសិល្បៈវិញ ដោយនាងចាប់ផ្ដើមទទួលការងារតាំងពីដើមឆ្នាំ២០២១មកម្លេះ។ ជាក់ស្ដែងមកទល់ពេលនេះ នាងសម្ងំថតច្រៀងបានចំនួន៥បទ ដោយសុទ្ធតែជាបទនិពន្ធថ្មី និង ជាស្នាដៃសរសេរដោយកវីនិពន្ធលោក សុខ ជំនោរ។ បទចម្រៀងដែលថតចប់ ហើយនឹងត្រៀមបញ្ចេញព្រមគ្នាជាសាធារណៈនេះ គឺជាផលិតនៅក្នុងផលិតកម្មរបស់បងប្រុស តែមិនមានកុងត្រាក្នុងនាមជាអ្នកចម្រៀងនោះទេ។ ក្នុងនោះក៏នឹងបន្តថតច្រៀងជាច្រើនបទផ្សេងទៀតផងដែរ ប្រសិនបើនាងមិនមានតម្រុយទៅកាន់ផលិតកម្មណាមួយ ក្រៅពីច្រៀងនៅផលិតកម្មបងប្រុស។ នាងក៏ប្រកាសទទួលថតបទMV ថតម៉ូដ និង ថតសម្អាង នៅក្នុងពេលនេះផងដែរ។ ខុសពីអំឡុងពេលមុន ដែលនាងអះអាងថា ចង់ច្រៀងតែមួយមុខ វ៉ានីឡា បែរជាប្រកាសជំហរចង់សម្ដែងភាពយន្តភាគ និង រឿងខ្លី នៅក្នុងពេលនេះផងដែរ។ នាងថា ការត្រលប់មកវិញលើកនេះ គឺច្រៀងក៏ច្រៀង សមហដែងក៏សម្ដែង ហើយនាងរំពឹងថា នឹងមានផលិតករផ្ដល់ឱកាសអោយនាងបានក្លាយជាតារាភាពយន្ត ដើម្បីស្រូបយកបទពិសោធន៍នោះផង។ នាងបន្តទៀតថា បើទោះជាទីផ្សារសិល្បៈស្ថិតក្នុងភាពចង្អៀត តែសំអាងលើបងប្រុសក៏មានផលិតកម្មផ្ទាល់ខ្លួន នាងក៏ពិតជាមានការកំរើកឡើងដូចការរំពឹងខ្លះៗផងដែរ បើទោះគ្មានការជ្រោមជ្រែងពីផលិតករដទៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here