ទើបតែលេចវត្តមានក្នុងនាមជាគ្រូពេទ្យកែសម្ផស្សប៉ុណ្ណោះ ប៉ុន្តែលោកគ្រូពេទ្យផ្នែកវះកាត់កែច្រមុះ និង ទម្រង់មុខលោក តុង ម៉ី ត្រូវបានអ្នកលេងសង្គមហ្វេសប៊ុក សរសើរមិនដាច់ពីមាត់ ដោយសារតែលោកក្រៅពីមានចិត្តធម៌ ខុសពីគ្រូពេទ្យកែសម្ផស្សដទៃទៀត គឺលោកក៏មានរូបរាងសង្ហារ និង មានសម្ដីទន់ផ្អែម ដែលអាចទាក់ចិត្តនារីៗ និងក្រុមភេទទី3អោយលង់មន្តស្នេហ៍។ លោកកាន់តែមានការគាំទ្រ ក្រោយពីចេញមុខជួយវះកាត់កែសម្ផស្សដោយមិនគិតថ្លៃអោយសិល្បករ សិល្បការិនី និងមហាជនមួយចំនួនដែលខ្វះខាត ដើម្បីជួយអោយបុគ្គលទាំងនោះ មានទម្រង់មុខ និង មុខមាត់អំណោយផលជាថ្មី។
អ្នកលេងហ្វេសប៊ុកមិនតិចទេ បានសរសើរថា លោក តុង ម៉ី ជាគ្រូពេទ្យចិត្តធម៌ ដោយសារតែក្នុងវីដេអូ Live របស់លោក គឺគ្រាន់តែមានឆាតទៅថាចង់កែនេះៗកែនោះ ហើយគ្មានលុយ ឬ ខ្វះលុយ គឺលោកអញ្ជើញបុគ្គលទាំងនោះយកមកកែសម្រស់អោយជារឿយៗ ខណៈដែលអ្នកមិនទទួលបានការវះកាត់អោយដោយមិនគិតថ្លៃ ក៏ទទួលបានការបញ្ចុះតម្លៃ និងអោយជំពាក់ដោយបង់រំលោះជាដើម ដែលធ្វើអោយអ្នកណាៗក៏ដឹងពីទឹកចិត្តអំពើល្អរបស់លោក។ លោកគឺជាវេជ្ជបណ្ឌិត្យផ្នែកស្បែក និង ផ្នែកវះកាត់កែសម្ផស្សប្រចាំនៅគ្លីនិកកែសម្ផស្សម៉ាលីស ដែលធ្លាប់ជួយកែសម្ផស្សដោយមិនគិតថ្លៃដល់តារាសម្ដែង កញ្ញា ស្រីថូ សមាជិកគ្រួសារតារាកម្ពុជា លោកក៏ទើបតែបញ្ចប់សកម្មភាពជួយវះកាត់ក្នុហការបញ្ចុះតម្លៃស្ទើរតែដូចមិនយកប្រាក់ ដល់អ្នកលេងហ្វេសប៊ុកមួយចំនួន ដែលរស់នៅខេត្តព្រះសីហនុផងដែរ។
លោក តុង ម៉ី បានបញ្ជាក់ក្នងវីដេអូ Live ថា ហេតុផលដែលលោកតែងតែជួយកែសម្ផស្សអោយដល់អ្នកខ្វះខាតដែលឆាតមកសុំ ឬ ជួយបញ្ចុះតម្លៃច្រើនៗ ដូចមិនយកលុយ គឺដោយសារតែលោកយល់ថា អ្នកដែលឆាតមកសុំអោយជួយទាំងនោះ សុទ្ធតែមើលទៅខ្វះខាត ហើយដោយសារតែលោកក៏យល់ថាគួរតែជួយដល់អ្នកដែលឆាតមកសុំទាំងនោះ ដើម្បីជួយអោយពួកគេមានមុខមាត់ថ្មី ដើម្បីអោយមានកម្លាំងចិត្តក្នុងជីវិតផង ទើបលោកចេះតែជួយ។ លោកថាខ្លួនមិនចង់អោយមានការសរសើរថាលោកបានជួយមនុស្សលើករណីនេះទេ តែលោកចង់អោយអ្នកដែលមានជីវភាពខ្វះខាតមួយចំនួន ក៏មានឱកាសមានមុខមារស្អាត មិនថាអ្នកសិល្បៈ ឬ មហាជន។ លោកបានទាំងប្រកាសនឹងផ្ដល់ការវះកាត់ផ្នែកច្រមុះ ភ្នែក បបូរមាត់ជាដើម និងកែទម្រង់មុខផង ដល់មនុស្ស2នាក់យ៉ាងតិច ក្នុងមួយឆ្នាំ តាមរយៈការ Live ផ្ទាល់របស់លោកនោះផង ខណៈដែលក្នុងមួយខែគឺលោកនឹងនៅបន្តបញ្ចុះតម្លៃ ឬ ជួយវះកាត់លើផ្នែកខ្លះៗ ដល់អ្នកលេងហ្វេសប៊ុក អោយតែលោកយល់ថាគួរជួយ ដោយមិនរើសអើងថាអ្នកសិល្បៈ ឬ មនុស្សធម្មតាដដែល។
យោងតាមផេក និង ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក លោកតែងបង្ហោះពីសកម្មភាពវះកាត់បែបសប្បុរសធម៌ជួយដល់បុគ្គលអ្នកមានបញ្ហាទម្រង់មុខជាហូរហែរ ខណៈដែលលោកប្រាប់ថា ក្នុងពេលខាងមុខ គឺក្រៅពីនៅភ្នំពេញ លោកក៏នឹងចុះទៅជួយអ្នកនៅខេត្តព្រះសីហនុបានមួយខែ2លើកផងដែរ បន្ទាប់ពីលោកក៏បានបើកគ្លីនិកមួយជាសាខារបស់ខ្លួន នៅក្នុងទឹកដីនោះ ដែលលោកត្រូវចុះទៅមើលខុសត្រូវផងដែរ។