លោក អ៊ុច រ៉ាវុឌ្ឍ ត្រូវបានគេស្គាល់ថាជាផលិតករមួយរូបដែលក្រៅពីមានតួនាទីផលិតស្ពតធំៗនាពេលចុងក្រោយ លោកក៏ត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្មហ៊្សូនដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងផងដែរ។ យ៉ាងណាមិញផលិតកររូបនេះមិនត្រឹមតែមានឯកទេសផ្នែកដឹកនាំផលិតស្ពត ឬដឹកនាំផលិតរឿងខ្លីតែប៉ុណ្ណោះទេលោកក៏មានទេពកោសល្យក្នុងការឌីហ្ស៉ាញធ្វើប៉ាណូផ្សព្វផ្សាយពានិជ្ជកម្មធំៗផ្សេងៗទៀតដែរ។
ជាមួយនឹងចំណេះជំនាញជាច្រើនបន្ថែមលើការផលិតបទចម្រៀង លោក អ៊ុច រ៉ាវុឌ្ឍ ក៏បានបង្ហាញពីបទពិសោធន៍ និងផលពិបាកមួយចំនួនពាក់ព័ន្ធជាមួយនឹងការងារមួយនេះផងដែរ ខណៈដែលលោកអះអាងថាជំនាញដើមរបស់លោកគឺរិតតែមានផលពិបាកក្នុងការប្រកួតប្រជែង។ លោកបានអះអាងថា លោកគ្រាន់តែជាអតីតកនិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកឌីហ្ស៉ាញ និងមានឯកទេសក្នុងការធ្វើផ្ទាំងប៉ាណូ និងធ្វើផ្ទាំងពានិជ្ជកម្មផ្សេងៗតែប៉ុណ្ណោះ ប៉ុន្តែមកពីលោកមានឱកាសបត់បែបខ្លួនក្លាយទៅជាផលិតករមួយរូបដោយឥតព្រាងទុកមកទល់បច្ចប្បន្ននេះ។
លោកបន្តថាក្នុងពេលដែលលោកបំពេញតួនាទីជអ្នកឌីហ្ស៉ាញរូបភាព និងតម្លើង 3D ផ្សេងៗលោកក៏ត្រូវបានសាច់ញ្ញាតិនិងអ្នករាប់អានជាច្រើនជម្រុញឱ្យលោកក្លាយជាអ្នកអ្នកដឹកនាំសម្ដែង។ ស្របពេលដែលលោកក៏ត្រូវបានគេធ្លាប់ពឹងពាក់ឱ្យធ្វើ Storyboard នៃការសម្ដែងរឿង និងជាអ្នកបំពេញតួនាទីជាអ្នកដឹកនាំសម្ដែងក្នុងការផលិតស្ពតតូចធំផ្សេងៗ។
មិនយូរប៉ុន្មានដោយសារលោកមានការស្វែងយល់នូវជំនាញដឹកនាំសម្ដែងនេះ និងមានការសិក្សាជាមួយអ្នកមានជំនាញពិតប្រាកដផង ទើបធ្វើឱ្យលោកក្លាយជាអ្នកដឹកនាំផលិតស្ពតមួយរូប ខណៈដែលលោកក៏មានឯកទេសក្នុងការឌីហ្ស៉ាញស្ពតធ្វើឱ្យអតិថិជនភាគច្រើនទទួលស្គាល់និងមានការពេញចិត្តយ៉ាងខ្លាំង។ លោកអះអាងបន្ថែមថា ដោយសារតែការងារសិល្បៈកាន់តែជម្រុញទើបធ្វើឱ្យខ្លួនក្លាយទៅជាអ្នកផលិតចម្រៀង ដោយលោកក៏បានផលិតនូវបទនិពន្ធថ្មី និងបទចម្លង ហើយបានជ្រើសរើសតារាចម្រៀងជាច្រើនរូបឱ្យបកស្រាយនូវស្នាដៃទាំងនោះ។
ជាក់ស្ដែងនៅក្នុងផលិតកម្មហ៊្សូនរបស់លោករាល់ថ្ងៃមានបទចម្រៀងស្តុកទុកមិនក្រោមពីបួនទៅប្រាំរយបទនោះទេ ដោយបទទាំងអស់នោះភាគច្រើនជាបទនិពន្ធថ្មីនិងជាបទដែលមានមេឡូឌីដែលធ្វើឱ្យលោកជឿជាក់នៅក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សាចម្រៀងផងដែរ។ លោក អ៊ុច រ៉ាវុឌ្ឍ បានអះអាងថា នាពេលបច្ចុប្បន្នលោកក៏មានស្នាដៃជាច្រើននៅក្នុងការផលិតស្ពតជាពិសេសគឺស្ពតធំៗដែលក្រុមហ៊ុនមួចចំនួនបានស្នើរមិនឱ្យលោកបញ្ចេញឈ្មោះនោះទេដើម្បីគេអះអាងថាស្ពតដែលបានផលិតឡើងគឺជាការដឹកនាំផលិតដោយក្រុមហ៊ុនបរទេសឬ ក៏ជាក្រុមហ៊ុនដែលមានស្តង់ដារកម្រិតអន្តរជាតិផងនោះ។
យ៉ាងណាក៏ដោយលោកក៏បង្ហាញនូវមោទនភាពខណៈដែលស្ពតធំៗមួយចំនួនដែលមិនត្រូវបានគេដឹងថាលោកគឺជាអ្នកធ្វើនោះ បែជាត្រូវបសនគេសរសើរថាគឺជាស្ពតមួយដែលមានស្ដង់ដារអន្តរជាតិហើយមិនជឿថាជាស្នាដៃរបស់ផលិតករក្នុងស្រុកដូចជារូបលោកគឺជាអ្នកផលិតឡើង។
ជាមួយនឹងភាពជោគជ័យនេះលោកក៏បានបង្ហាញនូវផលវិបាកជាច្រើនក្នុងនាមជាអ្នកឌីហ្ស៉ាញស្ពត និងជាអ្នកដឹកនាំនាពេលកន្លងមក។លោកអះអាងថាអាជីពមួយនេះគឺមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសពីសំណាក់ក្រុមហ៊ុនផ្សេងៗនៅក្នុងស្រុករួមទាំងផលិតកម្មនៅក្រៅស្រុកដែលមានក្រេឌីតនៅក្នុងការងារដូចគ្នានេះផងដែរ។ ជាក់ស្ដែងនៅក្នុងការផលិតស្ពតមួយៗទម្រាំតែបានជាផ្លូវការគឺត្រូវចំណាយពេលវេលាយូរ ខណៈការផលិតស្ពាតនីមួយៗទាមទារឱ្យលោកប្រើចំណេះដឹងនិងប្រើការសិក្សាស្រាវជ្រាវច្រើនផងដែរទម្រាំតែអាចរំលេចនូវស្នាដៃដៃនីមួយៗឡើងមកហើយត្រូវនឹងអ្វីដែលក្រុមហ៊ុននូវស្តង់ដារខ្ពស់ដូចអ្វីដែលគេចង់បាន។
លោកអះអាងថាទោះបីការងារផលិតទាំងនោះគឺជាបន្ទុកដ៏ធ្ងន់ដែលធ្វើឱ្យលោកត្រូវតែគិតច្រើននិងចំណាយពេលច្រើនជាមួយនឹងការងារទាំងអស់នោះស្ទើរតែមិនមានពេលវេលាឯកជនយ៉ាងណាក៏ដោយក៏លោកនៅតែប្រឹងប្រែងជាមួយការងារមួយនេះឱ្យបានល្អ។ ខណៈដែលលោកក៏ធ្លាប់មានបទពិសោធន៍នៅក្នុងការរៀបចំការប្រគុំតន្ត្រីតូចធំហើយទទួលបានជោគជ័យយ៉ាងខ្លាំងនាពេលកន្លងមក។
លោបន្តថាមហាជនភាគច្រើនហាក់មិនសូវមានការចាប់អារម្មណ៍ស្គាល់លោកប៉ុន្មានទេប៉ុន្តែស្រាប់ស្នាដៃភាគច្រើនរបស់លោកគឺមានការទទួលស្គាល់ ហើយបទចម្រៀងដែលលោកបានផលិតកន្លងមកក៏មានការគាំទ្រមិនតិចដែរ ជាក់ស្ដែងដូចជាបទ « អ្នកណាកែចិត្តបង » ដែលធ្លាប់វាយលុកទីផ្សានាពេលកន្លងមកជាដើម។