កាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២១ មុននេះ លោកជំទាវ ស្រឿង វ៉ាន្នី ឬ លោកជំទាវ មួយឡេង អគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធី បានយកជែល អាល់កុល និង ថវិកា យកទៅប្រគល់ជូនអង្គភាពរបស់ស្វាមីតែម្ដង ដែលស្ថិតនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ នេះគឺជាទឹកចិត្តជួយសង្គមមួយដ៏ប្រសើរ ដែលលោកជំទាវ ក្នុងនាមជាតារាអនឡាញម្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមន្ត្រីប៉ូលីសទាហាន ដែលសុទ្ធសឹងតែជាក្រុមជួរមុខ ក្នុងការការពារសន្តិសុខសង្គម។
លោកជំទាវ មួយឡេង បានអះអាងថា ជំនួយដែលក្រុមហ៊ុនរបស់លោកជំទាវយកមកប្រគល់ជូននៅក្នុងថ្ងៃនេះ រួមមានជេលចំនួន២០០០ដប អាល់កុល និងថវិកាមួយចំនួន។ នេះជាជំនួយលើកទី១ ដែលលោកជំទាវយកមកប្រគល់ជូននាយកដ្ឋានរបស់ស្វាមី តែសម្រាប់អង្គភាពប៉ូលីសទាហាន នាពេលកន្លងមក គឺក្រុមហ៊ុនរបស់លោកជំទាវបានជួយរាប់មិនអស់មកហើយ។ ក្រៅពីក្រុមកងអន្តរាគមន៍ និង ប៉ូលីសទាហាន លោកជំទាវ ក៏បានបរិច្ចាគជេល អាល់កុល និង ថវិកាបែបនេះ ជូនដល់កាកបាទក្រហម ជូនដល់រដ្ឋាភិបាល អង្គភាពសាលាខណ្ឌ និង ប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ។ ជាក់ស្ដែងនៅខាងមុខហាងពេជ្ររបស់លោកជំទាវ ដែលស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ គឺលោកជំទាវ ដាក់ជែល និង អាល់កុលចែកជូនដោយសេរីតែម្ដង ដើម្បីទុកអោយបងប្អូនការពារខ្លួនទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ ជំនួយដែលបានយកមកប្រគល់ជូននេះ គឺជាទឹកចិត្តចាត់ចែងរបស់ភរិយាលោកដោយផ្ទាល់ បន្ទាប់ពីលោកជំទាវតែងតែធ្វើសកម្មភាពបែបនេះរាប់មិនអស់ជាច្រើនមកហើយ ជាមួយនឹងស្ថាប័នប៉ូលីសទាហាន។ លោកថានេះគឺជាកាយវិកាមួយដ៏ល្អ ហើយក៏ជាគំរូមួយនៅក្នុងសង្គមផងដែរ ដើម្បីអោយសប្បុរសជនជាច្រើនផ្សេងទៀត ងាកមកយកចិត្តទុកដាក់ចំពោះកងកម្លាំងសមត្ថកិច្ច និង ប៉ូលីសទាហាន។ លោកក៏រំពឹងថា នឹងមានជំនួយជាជែល ម៉ាស់ និង ទឹកអាល់កុលបែបនេះ សម្រាប់នាយកដ្ឋានរបស់លោក ក្នុងពេលបន្តបន្ទាប់ពីក្រុមហ៊ុនមួយឡេង ប៊ីយូធីនោះផង។