កាលពីល្ងាចថ្ងៃទី ២ កក្កដា ឆ្នាំ ២០២០មុននេះ លោកសូរ្យ ស្រណោះដែលត្រូវបានគេស្គាល់ថា គឺជាបណ្ឌិតព្យ៉ាណូមកពីប្រទេសជប៉ុន និងជានាយកសាលាស្រណោះតន្ត្រីបានចុះកិច្ចព្រមព្រៀងទ្វេរភាគីមួយ ជាមួយនឹងតំណាងមកពីប្រទេសកូរ៉េ ក្នុងគោលបំណងជម្រុញ និងលើកស្ទួយវិស័យតន្ត្រីនៅកម្ពុជាឱ្យមានគុណភាពនឹងឈានឡើងជាងមុន។

លោក បានថ្លែងក្នុងពិធីចុះហត្ថលេខារួមគ្នាននោះថា ហេតុផលដែលសាលារបស់លោកឈានដល់ការចុះហត្ថលេខាសហការណ៍ជាមួយនឹងតំណាងមកពីប្រទេកូរ៉េនេះ គឺដោយសារតែភាគីកូរ៉េគឺជាអង្គការធំមួយដែលតែងធ្វើសកម្មភាពក្នុងការលើកកម្ពស់វប្បធម៌ ដោយមុនមកដល់កម្ពុជា ស្ថាប័នមួយនេះក៏បានជម្រុញនិងផ្លាស់ប្ដូរវប្បធម៌ជាមួយនឹងប្រទេសមួយចំនួនផងដែរ។ លោកបន្តទៀតថា MOU នេះនឹងផ្ដល់ឱកាសឱ្យសាលាសូរ្យស្រណោះ មានលទ្ធភាពផ្ដល់អាហារូបករណ៍ឱ្យសិស្សផ្នែកតន្ត្រីយ៉ាងតិច ៥នាក់ក្នុងមួយឆ្នាំ ក៏ដូចជាផ្ដល់ឱកាសឱ្យសិស្សឆ្នើមនៅក្នុងសាលាខ្លួនបានទៅសិក្សាផ្នែកតន្ត្រី និងចម្រៀងក្លាស៊ិក នៅក្នុងប្រទេសកូរ៉េ ។

MOU នេះមិនមានកំណត់រយៈពេលនោះទេដោយក្នុងលក្ខន្តិកៈក្រៅពីតំណងកូរ៉េបង់ថ្លៃឱ្យសិស្សដែលទទួលបានអាហារូបករណ៍នៅសាលាស្រណោះតន្ត្រីភាគីកូរ៉េក៏នឹងផ្ដល់អ្នកជំនាញផ្នែកតន្ត្រីនិងចម្រៀង ឱ្យមកបង្វឹកនៅសាលារបស់លោកផងដែរ។ អ្នកស្រី Vice-Chairman នាយិការងអ្គការ Global James Group Cambodia CO.,LTD បានថ្លែងបញ្ជាក់ថាហេតុផលនៃកិច្ចព្រមព្រៀងនេះគឺដោយសារតែភាគីកូរ៉េមើលឃើញថា សាលាស្រណោះតន្ត្រីបានរួមចំណែកខ្លាំងក្នុងការលើកកម្ពស់ផ្នែកតន្ត្រីនិងចម្រៀងក្លាស៊ិក ខណៈដែលអ្នកស្រីមើលឃើញថាបើអង្គការរបស់អ្នកស្រីដែលមានតួនាទីផ្សព្វផ្សាយនិងផ្លាស់ប្ដូរវប្បធម៌អាចជម្រុញបន្ថែមនៅស្តង់ដារខ្លះៗនោះ នឹងកាន់តែជួយឱ្យសាលាតន្ត្រីមួយនេះមានគុណភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាល។

ជាជំហ៊ានដំបូងអង្គការរបស់អ្នកស្រីនឹងផ្ដល់អាហារូបករណ៍ឱ្យកូនសិស្សខ្មែរបានរៀននៅសាលាស្រណោះតន្ត្រីចំនួន៥នាក់ ក្នុងមួយឆ្នាំជាមុនសិន ជាពិសេសគឺសិស្សដែលមានបញ្ហាជីវភាពហើយចង់សិក្សានូវជំនាញតន្ត្រីនិងចម្រៀង។ ប៉ុន្តែក្នុងពេលខាងមុខស្ថាប័នរបស់អ្នកស្រីនឹងផ្ដល់ឱកាសឱ្យសិស្សឆ្នើមនៅសាលាស្រណោះតន្ត្រីបានទៅសិក្សាដោយផ្ទាល់នៅប្រទេសកូរ៉េ ដោយរាប់បញ្ចូលទាំងការផ្ដល់អាហារូបករណ៍និង ទៅសិក្បាបន្តដោយបង់ថ្លៃនោះផងដែរ។

អង្គការ GJG មានស្ថាប័នជាច្រើនចំណុះឱ្យដោយរួមមានទាំងក្រុមហ៊ុន RU Studio និងសកលវិទ្យាល័យតន្ត្រីផងដែរ ដោយប្រទេសកូរ៉េនឹងមានឱកាសច្រើនជួយជាប្រយោជន៍ដល់កូនសិស្សរបស់សាលាស្រណោះតន្ត្រី ដែលចង់ក្លាយជាតន្ត្រីករនិងជាអ្នកចម្រៀងក្លាស៊ិកស្តង់ដារ។ លោកយល់ថា MOUនេះ នឹងជម្រុញឱ្យមានការផ្លាស់ប្ដូរវប្បធម៌រវៀងកម្ពុជានិងកូរ៉េកាន់តែប្រសើរក្នុងពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here