ក្រោយពីតារាចម្រៀងលោក ខេម បង្ហាញវត្តមាននៅក្នុផលិតកម្ម Galaxy គេរំពឹងទុកថាតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា នឹងកាន់តែឡើងកូដខ្លាំងបន្ទាប់ពីនាងមានឱកាសចាប់ដៃគូជាមួយនឹងតារារូបនេះ។ តន់ ចាន់សីម៉ា ត្រូវបានគេមើលឃើញភ្លាមៗថានឹងកាន់តែមានទីផ្សារបន្ថែមទៀតបន្ទាប់ពីនាងត្រូវបានគេស្គាល់ថាគឺជាតួឯងនៅក្នុងផលិតកម្ម Galaxy ស្រាប់ផងនោះ។
ក្នុងនោះផងដែរតារាចម្រៀងសម្លេងស្អកមួយគូនេះត្រូវបានគេជ្រើសរើសឱ្យបកស្រាយចម្រៀងរួមគ្នាដែលជាបទបើកឆាកដំបូងស្វាគមន៍ការចូលមកធ្វើជាតួឯកប្រុសនៅក្នុងផលិតកម្មរបស់តារាចម្រៀង ខេម។ បទថ្មីរបស់លោកមិនថាជាបទទោល ឬច្រៀងរួមជាមួយនឹង ចាន់សីម៉ា គឺទទួលបានការគាំទ្រមិនចាញ់គ្នានោះឡើយ ហើយទទួលបានការសរសើរមិនដាច់ពីមាត់ថាអ្នកទាំងពីរចាប់ដៃគ្នាច្រៀងពិតជាសាកសមឥតខ្ចោះ ខណៈទឹកដមសម្លេងរបស់អ្នកទាំងពីរគឺមានភាពស្អកពិរោះមួយបែបផ្សេងពីតារាចម្រៀងផ្សេងទៀតផងនោះ។
យ៉ាងណាមិញដៃគូរចម្រៀងថ្មីដែលកំពុងក្លាយជាតួឯកប្រុសស្រីនៅក្នុងផលិតកម្ម Galaxy នេះគេរំពឹងថានឹងចាប់ដៃគ្នាបំបែកទីផ្សារចម្រៀងដោយជោគជ័យ ខណៈកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរមានការទទួលស្គាល់និងគាំទ្រពីសំណាក់យុវវ័យស្រាប់ផងនោះ។ មិនតែប៉ុណ្ណោះខាងផលិតកម្មក៏ស្វះស្វែងរកនូវទំនុកច្រៀងថ្មី និងបទចម្រៀងល្អៗដើម្បីឱ្យអ្នកទាំងពីច្រៀងផងនោះ ភាគរយខ្ពស់ណាស់ដែលគេសង្ឃឹម តារាវ័យក្មេង តន់ ចាន់សីម៉ា និង ខេម ច្បាស់ជាទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងជាងបច្ចុប្បន្ននេះ។