តារាសម្តែងវ័យ18 ឆ្នាំកញ្ញា ឈិន មុន្នីនាថ បានបោះពួយចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងភាគខ្មែរជាច្រើនរឿង។ ផ្ទុយពីភាពជោគជ័យដោយសារការថតភាពយន្ត នាងបែជាប្រកាសជំហរមិនថតរឿងភាគណាដែលបង្ហាញភាពស្និទស្នាលខ្លាំងរវាងតួប្រុសនិងតួស្រីទៅវិញ។
តារាសម្ដែងពូកែចូលតួ ឈិន មុន្នីនាថ ឬទស្សនិកជនតែងតែនិយមហៅនាងថា លីនីតូច តាមរយៈរឿង « សិសិរដូវក្នុងបេះដូង » របស់ស្ថានីយ៍ទូរទស្សន៍មួយ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងផលិតករក្នុងស្រុក។
ទន្ទឹមនឹងភាពជោគជ័យលើវិស័យនេះ នាងបែជាប្រកាសជំហរបដិសេធមិនថតភាពយន្តណាដែលមានភាពស្និតស្នាលខ្លាំង ដោយហេតុថាមកពីនាងស្ថិតនៅក្នុងវ័យសិក្សា ហើយក៏ដោយសារមានបម្រាមពីខាងគ្រួសាររបស់នាងមួយផ្នែកដែរ ទើបនាងមិនចង់ថតបង្ហាញភាពស្និតស្នាលឱបថើបជាមួយនឹងតួអង្គប្រុសពីម្នាក់ទៅម្នាក់នោះឡើយ ហេតុដូច្នេះហើយទើបរាល់ពេលដែលផលិតករស្នើរឱ្យនាងសម្ដែងរឿងនីមួយៗនាងតែងតែសិក្សាអំពីបុគ្គលិកលក្ខណៈរបស់តួអង្គក្នុងរឿងដែលនាងសម្ដែងជាមុនសិន។
ខណៈមានសមត្ថភាពសម្ដែងខ្ពស់ សម្រស់ស្រស់ ស្អាតពីធម្មជាតិ និងសំឡេងពីរោះផងនោះ បានធ្វើឱ្យកញ្ញាទទួលបានការងារសិល្បៈបន្តឥតឈប់ឈរ។ ហើយថ្មីៗនេះកញ្ញាក៏បានបង្ហើបថាថាកំពុងចាប់ដៃគូរនិងត្រៀមបើកអាជីវកម្មថ្មីនាពេលឆាប់ៗនេះ ដែលពាក់ព័ន្ធជាមួយនឹងការថែរក្សាសម្រស់ ខណៈសព្វថ្ងៃនេះនាងក៏ជាអ្នកតំណាងឱ្យផលិតផលនោះផងដែរ។ បើទោះជាមានភាពមមាញឹកនឹងការងារសិល្បៈ និងការសិក្សា យ៉ាងណាក្ដីក៏នាងសម្រេចចិត្តថានឹងប្រឡូកក្នុងការបើកមុខជំនួញដើម្បីទទួលបានបទពិសោធន៍ទាន់នៅវ័យក្មេង និងមានឱកាសច្រើនក្នុងការស្វែងយល់នូវការធ្វើមុខជំនួផងដែរ។
គួរបញ្ជាក់ផងដែរថាកញ្ញា ឈិន មុន្នីនាថ ត្រូវកូនស្រីបង្កើតអតីតតារាចម្រៀង ឈិន កុសល ហើយនាងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ 7ឆ្នាំមកម្លេះ។ គិតមកទល់ពេលនេះកញ្ញាបានថតខ្សែរភាពយន្តជាច្រើនរឿងរួចមកហើយ ខណៈរឿងដែលនាងសម្ដែងនីមួយៗគឺតែងតែទទួលបានការគាំទ្រពីសំណាក់ស្រទាប់យុវវ័យផងដែរ។