បើទោះជាមានការប្រកាសជាច្រើនលើករួចមកហើយថាការប្រឡូកចូលការសម្ដែង និង ការភ្ជាប់ខ្លួនជាមួយអ្នកសិល្បៈក៏ព្រោះតែការស្រលាញ់ ក៏លោកជំទាវ រីយ៉ា ដែលជាភរិយារបស់លោកបណ្ឌិត្យ មីសែលត្រាណេ នៅតែរងព្យុះភ្លៀងជំវិញដំណឹងខ្សឹបខ្សៀវថា លោកជំទាវចូលប្រឡូកក្នុងការងារសិល្បៈក៏ព្រោះតែចង់កៀកកើយប្រុសក្មេង។ ការលើកឡើងបានកើតមានឡើងបន្ទាប់ពីលោកជំទាវ បង្ហោះរូបសកម្មភាពជាមួយតារាសម្ដែងប្រុសក្មេងៗ ដែលលោកជំទាវបានរួមការងារមួយចំនួននៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើអោយលោកជំទាវនៅមិនសុខ និង មានប្រតិកម្ម។
លោកជំទាវ រីយ៉ា មីសែលត្រាណេ បានលើកឡើងថា មានអ្នករួមអាជីពមិនតិចនោះទេ ដែលមើលមកលោកជំទាវ ថាលោកជំទាវចូលប្រឡូកសិល្បៈដើម្បីតែប្រុសក្មេង និង ដោយសារតែចង់បាននៅកៀកកើយជាមួយតារានេះតារានោះជាដើម។ ស្របពេលដែលលោកជំទាវក៏បង្ហាញនូវការស្រលាញ់ និងចូលចិត្តចំពោះប្អូនៗជាតារាសិល្បៈទាំងនោះ ដូចជាបងប្អូនបង្កើតផង ទើបរឹតតែធ្វើអោយមានពាក្យលេចឮ។ លោកជំទាវថា មិនមែនលោកជំទាវថតជាមួយតារាណា គឺចង់ទាក់ទងជាមួយតារាប្រុសនោះទេ គឺលោកជំទាវថតបង្ហោះក៏ព្រោះតែចង់បង្ហាញពីការរាប់អាន និង បានស្គាល់រាប់អានជាមួយតារាប្រុសរូបនោះតែប៉ុណ្ណោះ។ លោកជំទាវបន្តថា នៅលើគណនីហ្វេសប៊ុករបស់លោកជំទាវគឺមានបង្ហោះរូបភាពជាមួយសិល្បករចាស់ក្មេងមានប្រុសមានស្រី ប៉ុន្តែអ្នកចាប់គិតអគតិចំពោះលោកជំទាវ បែរជាឃើញតារាប្រុសណាថតជាមួយ គឺដឹងតែមិនបាន
លោកជំទាវស្នើកុំអោយអ្នកសិល្បៈបន្តគិតអវិជ្ជមានលើលោកជំទាវពាក់ព័ន្ធនឹងតារាប្រុសៗក្មេងទាំងឡាយ ដែលលោកជំទាវបានរួមការងារ ដោយលោកជំទាវបញ្ជាក់យ៉ាងខ្លីថា លោកជំទាវមានមុខមាត់ជាជំទាវមួយរូបដែរ គឺមិនយកកិត្តិយស ទៅឡុកឡាក់នឹងអាស្រូវទាំងនោះឡើយ។ លោកជំទាវរីយ៉ា បន្តថាខ្លួនចូលប្រឡូកសិល្បៈ គឺដើម្បីតែកម្សាន្តកុំអោយអផ្សុក និងដោយសារតែការផ្ដល់ផ្ដល់តម្លៃទៅកាន់ប្អូនៗដែលជាផលិតករ ក្រោយពេលអញ្ជើញលោកជំទាវអោយចូលសម្ដែងតែប៉ុណ្ណោះ។ ការសម្ដែងទាំងឡាយក៏ដើម្បីតែចង់បន្សល់ទុកស្នាដៃក្រោយពេលចាស់ផងដែរ គឺមិនមែនដើម្បីចង់ល្បីល្បាញនោះឡើយ៕