ថ្វីដ្បិតតែកូវីត១៩ នៅបន្តផ្ទុះខ្លាំងនៅក្នុងពេលនេះ តែគេកត់សម្គាល់ថា គ្លីនិកថែរក្សាសម្រស់ និង ស្បែកមុខ Sophea Skin Care នៅតែមានភ្ញៀវអង្គុយត្រៀបត្រាទៅទទួលសេវាកម្មណែនៗទាំង៣សាខា។ យ៉ាងណាមិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសមួយនេះ ក៏ដូចជាដើម្បីរក្សាសុវត្ថិភាពបុគ្គលិកទាំងអស់ លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ ដែលជាពេទ្យជំនាញ និង ជាម្ចាស់ហាង នៅតែសម្រេចចិត្តបិទទ្វារ ដោយមិនទាន់ដឹងថា ថ្ងៃណានឹងបើកឡើងវិញនៅឡើយទេ។
លោកស្រី រ៉ៃ សុភា បានថ្លែងបញ្ជាក់ថា ក្នុងពេលកូវីតផ្ទុះខ្លាំង គ្លីនិកទាំង៤កន្លែងរបស់អ្នកស្រី រួមមាននៅសៀមរាប ផ្សារទួលពង្រ និង ២កន្លែងនៅផ្សារសុវណ្ណា គឺនៅតែមានភ្ញៀវមកចាក់បង្រួមស្លាបច្រមុះ មកម៉ាស្សាមុខ និងញិចមុន ណែនៗ ដោយសាខាទាំង៤ នៅតែទទួលភ្ញៀវមិនទាន់នោះផង។ ដោយសារតែភ្ញៀវណែនៗនឹងហើយ ទើបលោកស្រី បារម្ភពីការឆ្លងកូវីត១៩ ដោយសារតែលោកស្រី មិនអាចដឹងថា តើភ្ញៀវណាខ្លះ នឹងមានផ្ទុកមេរោគមួយនេះ ឬ ក៏អត់។ លោកស្រីថាអាជីវកម្មនៅតែមានភ្ញៀវ គឺមិនគួរបិទទេ ដើម្បីកុំអោយខាតលុយ តែលោកស្រីមិនអាចគិតតែលុយ ហើយបន្តទទួលភ្ញៀវ នៅក្នុងកាលៈទេសៈ ដែលអ្នកកើតកូវីត១៩ មានគ្រប់ទិសទីបែបនេះឡើយ។ លោកស្រីសម្រេចចិត្តបិទហាងទាំង៤ ប៉ុន្មានថ្ងៃមកហើយ ដោយមិនទាន់ដឹងថា នឹងបើកពេលណាទេ ដើម្បីការពារសុវត្ថិភាពបុគ្គលិក និងដើម្បីជួយរុញមេរោគកូវីត១៩ អោយឆាប់រលាយពីកម្ពុជា។ លោកស្រីថា បុគ្គលិកភាគច្រើនមិនចង់អោយបិទទេ ដោយសារតែពាក់ព័ន្ធនឹងការទទួលភាគរយ ប៉ុន្តែលោកស្រីមិនអាចបណ្ដោយអោយពេទ្យជំនាញ និង បុគ្គលិករបស់ខ្លួន ធ្វើការក្នុងភាពភិតភ័យកើតទេ។ យ៉ាងណាមិញលោកស្រីនឹងជូនដំណឹង លើផេកពីការបើកវិញ ដោយការបិទដំណើរការអាចមិននៅយូរទេ ដោយសារតែអាណិតភ្ញៀវដែលនៅតែចង់មកទទួលសេវាកម្ម ហើយមិនចង់អោយបិទយូរនោះ។