នៅទីបំផុត អ្នកនាង នួន ស៊ុន្ទរី ហៅ «ស្រីអូន» ដែលត្រូវគេស្គាល់ថាគឺជាថៅកែយីហោផលិតផលថែរក្សាសម្ភស្ស «សម្រស់ធម្មជាតិ» បានសម្រេចគោលដៅរបស់ខ្លួន ថែមមួយជំហានទៀតហើយ បន្ទាប់ពីអ្នកនាងបានបោះទុនរហូតដល់៥០ម៉ឺនដុល្លារ ដើម្បីធ្វើការផលិតរឿង។ ភាពយន្តដំបូង ដែលអ្នកនាងប្រកាសឡើងតាមរយៈក្រុងពាលីកាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ មុននេះ មានចំណងជើងថា “កម្ម” ដែលជាប្រភេទរឿងបែបរន្ធត់ខ្នាតធំ ។
អ្នកនាង ស្រីអូន ចាងហ្វាងផលិតកម្មបានលើកឡើងថា «ផលិតកម្ម រាម» (Ream Production) លេច រូបរាងឡើងក៏ដោយសារតែចិត្តស្រលាញ់វិស័យសិល្ប:របស់អ្នកនាងទាំងស្រុង។ ម្យ៉ាងមកពីស្រឡាញ់ និង ចង់រួមចំណែកក្នុងការអភិវឌ្ឃឧស្សាហកម្មភាពយន្តនៅកម្ពុជាផង ទើបក្រុមហ៊ុនបានកំណត់ទស្សន:វិស័យយ៉ាងច្បាស់លាស់ថា «នាំភាពយន្តខ្មែរ ទៅកាន់ពិភពលោក»។ ភាពយន្តនេះ អ្នកនាងបានសម្រេចបោះទុនប្រមាណ៥០ម៉ឺនដុល្លារ ដោយ ចំណាយ៣០ម៉ឺនដុល្លារ បោះទុនលើកាមេរ៉ាថតលំដាប់ហូលីវូឌម៉ាក ARRI កុំព្យូទ័រកាត់តរូបភាព ឧបករណ៍ច្នៃសម្លេង និងសម្ភារៈ ទំនើបផ្សេងៗទៀត និងចំណាយ២០ម៉ឺនដុល្លារ គ្រោងចំណាយលើការផលិតភាពយន្ត«កម្ម» រឺហៅជា ភាសាអង់គ្លេសថា «Karma» ដែលនឹងផ្ដិតយកអាគារចាស់ៗនៅលើទឹកដីខេត្តបាត់ដំបង។
លោក Zanith តួឯកប្រុសក្នុងខ្សែភាពយន្តខ្នាតធំមួយនេះវិញ បានបង្ហាញចំណាប់អារម្មណ៍រីករាយយ៉ាងខ្លាំង ជុំវិញឱកាសបានសម្តែងនៅក្នុងរឿងនេះ។
លោកថា ទោះបីបានប្រឡូកក្នុងវិស័យសិល្បៈមិនតិចជាង៤ឆ្នាំក្តី ក៏ឱកាសបានសម្ដែងក្នុងរឿង”កម្ម”នេះ គឺជាអ្វីដែលលោកត្រូវចិត្ត។ លោកសម្ដែងជាតួឈ្មោះ «វិសុទ្ធ» ហើយដោយសារតែមានស្នេហ៍ស្មោះ ទើបអាចជម្នះលើអ្វីៗគ្រប់យ៉ាង។
គួរបញ្ជាក់ដែរថា Zanith បានលេចធ្លោក្នុងវិស័យភាពយន្ត បន្ទាប់ពីជាប់ការប្រកួតMr. United នៅប្រទេសហ្វីលីពីនក្នុងចំណោមជ័យលាភី៣រូប។ លោកក៏ទើបលេចធ្លោក្នុងភាពយន្តភាគរឿង«មនុស្សពិត» នៅប៉ុស្តិ៍បាយ័ន កន្លងមក។កញ្ញា Bella ដែលផ្ដើមចេញពីអាជីពតារាម៉ូដែល ពីកម្មវិធី Khmer Super Model ក៏បានបង្ហាញអារម្មណ៍រីករាយផងដែរ។ នាងត្រូវគេអោយសម្តែងសាកដល់ទៅ៣ដង ទម្រាំអ្នកដឹកនាំរឿង សម្រេចយក។
លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿងវិញ លោកមានប្រសាសន៍ថា ចំពោះដំណើរការផលិតរឿង «កម្ម» នេះ ក្រុមការងារមានការសម្អិតសម្អាងពិសេសលើការតុបតែងឆាក ការរចនាសម្លៀកបំពាក់ ការផាត់មុខ បច្ចេកទេសថត និង រចនាសម្លេង បច្ចេកទេសរចនា Visual Effects និងបច្ចេកទេសថតបូកផ្សំជាមួយបច្ចេកទេសពន្លឺ ទើបលោករំពឹងខ្លាំងថានឹងជោគជ័យ។ លោកកាន់តែមោទភាពនៅពេលភាពយន្តនេះ ប្រើសុទ្ធកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពអោយបានកម្រិតខ្ពស់ ក៏ដូចជាធ្វើឱ្យលោកមានភាពងាយស្រួល ក្នុងការកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុង ពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពលោកចង់បាន។
តាមតម្រុយខ្លះៗពី«ដានស៊ីងរ៉េន» ដែលជាក្រុមហ៊ុនចែកចាយរឿង«កម្ម»នេះ បានអះអាងថា បើស្ថានភាពកូវីត១៩នៅលើពិភពលោកអំណោយផល នោះខ្សែភាពយន្តខ្នាតធំបែបរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ។
សង្ខេបរឿង
អ្វីៗចាប់ផ្តើមឡើង នៅភូមិគ្រឹះ១នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាងវិសុទ្ធ និងលំអងឈានដល់គម្រួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។