បន្ទាប់ពីប្រគល់ម៉ាស់ចំនួន១សែន ជូនដល់សាលាខេត្តកំពង់ស្ពឺ និង ប្រកាសម៉ាស់ចំនួន៣ម៉ឺនម៉ាស់ ជូនដល់អង្គភាពចំនួន៣នៅស្រុកសំរោងទង ស្រុកឧដុង្គ និង ស្នងការខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២១ លោក ប៊ុត ចាន់ថា ហៅម៉ៅ និង លោកស្រី ឆឹល លក្ខិណា ជាភរិយា ដែលជាសប្បុរសជនមួយរូប បានបន្តដឹកនាំម៉ាស់ចំនួន១ម៉ឺនម៉ាស់បន្ថែមទៀតហើយ ជូនដល់កងរាជអាវុធហត្ថ នៅខេត្តកំពង់ស្ពឺ។

លោក ប៊ុត ចាន់ថា ដែលជាម្ចាស់អំណោយ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកយល់ថា នៅក្នុងកាលៈទេសៈនេះ គឺមិនអាចយកម៉ាស់យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ ទើបលោក និង ភរិយា សម្រេចចិត្តយកមកប្រគល់ជូនដល់កងរាជអាវុធហត្ថនៅខេត្តកំពង់ស្ពឺ ដើម្បីអោយអង្គភាពនេះ ចាត់ចែងជូនដល់ពលរដ្ឋ តាមតែអាចធ្វើទៅបាន។ លោកថាដោយសារតែកូវីត១៩ផ្ទុះខ្លាំង ទើបលោក និងភរិយា មិនអាចនៅស្ងៀម ហើយត្រូវតែជួយជាម៉ាស់ជូនដល់អង្គភាពណាមួយ ដោយលោកបញ្ជាក់ថា ដោយសារតែលោករស់នៅក្នុងទឹកដីកំពង់ស្ពឺ និង មានមុខជំនួញនៅកំពង់ស្ពឺត្រូវដើរហើរនៅទីនោះផង ទើបសម្រេចចិត្តជួយម៉ាស់តែក្នុងអង្គភាពសំខាន់ៗរបស់ខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលផលប៉ះពាល់នៅក្នុងទឹកដៃដែលលោករស់នៅ កុំអោយមានការកើនឡើងនូវជម្ងឺកូវីត១៩។ លោកថាខ្លួនមិនអាចអោបដៃមើលខេត្តរបស់ខ្លួន ស្ថិតក្នុងការប្រឈមបានទេ នៅក្នុងដំណាក់កាលនេះ។ ជំនួយនេះនៅមិនទាន់បញ្ចប់ទេ ប្រសិនបើលោកមើលឃើញពីការលំបាកណាមួយជាក់ស្ដែងទៀត។

គួរបញ្ជាក់ផងដែរថា លោក ប៊ុត ចាន់ថា ជាមន្ត្រីរាជការក្នុងអង្គភាពមួយ ដែលលោកក៏ជាអ្នកជំនួញមួយរូបផងដែរ។ លោក និង ភរិយាត្រូវបានគេស្គាល់ច្រើននៅខេត្តកំពង់ស្ពឺ ដោយសារតែសកម្មនឹងការបរិច្ចាគ ដោយជារឿយៗ គឺលោក និង ភរិយា តែងតែបរិច្ចាគជួយសាលាខេត្ត ជួយដល់អង្គភាពផ្សេងៗ និង ជួយដល់ពលរដ្ឋខ្វះខាតជាច្រើនគ្រួសារ។ ជាក់ស្ដែងក្នុងពិធីបើកសម្ពោធស្ថានីយ៍ទឹកស្អាត កាលពីពេលថ្មីៗ លោក និង ភរិយា ក៏បានចែកអំណោយជាអង្ករ ភួយ គ្រឿងឧបភោគបរិភោគ និង ថវិកា ជូនដល់ពលរដ្ឋជាង៤០០គ្រួសារនៅស្រុកបសេដ្ឋកំពង់ស្ពឺដដែល ដោយមានតារាល្បីៗ មកចូលរួមចុះចែកផងដែរ ដែលធ្វើអោយអ្នកទទួលអំណោយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានទាំងថវិកា អំណោយ និង បានជួបតារាដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here