ខណៈកំពូលតារាចម្រៀងស្រីជួរមុខ មាស សុខសោភា និង លោក ខេម សម្រេចដើរចេញពីផលិតកម្មថោន តារាស្រីវ័យក្មេង3រូបត្រូវបានគេសម្លឹងឃើញភ្លាមៗថាទំនងអាចនៅជាបង្គោលឱ្យផលិតកម្ម Town ហើយសន្ទុះនៃការគាំទ្រអាចនឹងខ្លាំងជាងមុន។ ស្របពេលដែលសម្រស់ សមត្ថភាព និងទឹកដម សំឡេង របស់អ្នកទាំង3 ក៏ល្អផង ទើបធ្វើអោយគេគិតថា ពួកគេទាំង3 នឹងក្លាយជាអ្នកអ្នកជំនួសតំណែងឱ្យរៀមច្បង ហើយថោនអាចនឹងពង្រឹងអ្នកទាំង3 ជំនួស ខេម និង មាស សុខសោភា។

តារាចម្រៀង ទាំងនោះ សុទ្ធ តែបានឆ្លងកាត់បទ ពិសោធន៍ លើអាជីព សម្តែងយ៉ាងច្រើន លើឆាកតន្ត្រីដែល អាចនិយាយថា ឆ្អិនលើតួនាទី។ តារាទាំង៣ដួងនោះ រួមមាន បាន មុនីលក្ខ័ រ៉ា ប៊ី និង ស៊ូ សុីរីកា។ ពួកគេ មានសំឡេងច្រៀង ស្ទីលតុបតែងកាយមួយបែបៗម្នាក់ ដែលឆក់យក ការចាប់អារម្មណ៏ប្រិយមិត្តមិនណយរៀងៗខ្លួន។ បើទោះបីខ្លះ ទើបតែហក់មកចូលផលិតកម្មនោះ ពិតមែន តែតួលេខនៃការពេញចិត្តស្តាប់ចម្រៀង គឺពេញនិយមមួយបែបម្នាក់។ យ៉ាងណា នេះជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ ព្រោះ ថា ផលិតកម្មលេចធ្លោមួយនេះ ក៏ ប្រជុំទៅដោយ តារាចម្រៀងចាស់ថ្មី សម្បូរបទពិសោធន៏ លើសិល្បៈ គ្រប់បែបគ្រប់សណ្ឋានផងដែរ ដូចជា កញ្ញា ប៊េប៊ីជាដើម។

ស្របពេលដែលមួយរយៈកាលនេះ ឃើញថា ថោន ហាក់ស្ងប់បទចម្រៀង វាយបំបែកទីផ្សារខុសពីមុនផង ទើបពិបាកស្មានថា តើថោនកំពុងរៀបចំយុទ្ធសាស្ត្រជំរុញអ្នកទាំង3 ឬ លើកស្ទួយតារាផ្សេង។ ថោនត្រូវគេមើលឃើញថា បាត់បង់ប្រជាប្រិយភាពមួយកម្រិត ក្រោយពេល តារាចម្រៀងល្បីលំដាប់ជួរមុខ មាស សុខសោភា និង ខេម សម្រេចដើរចេញ។ គេរំពឹងថា ឆាប់ៗនេះថោន និងចាត់វិធានការប្តូរយុទ្ឋសាស្ត្រប្រមូលយកការទាក់ទាញមកវិញ ដើម្បីអោយតារារួមទ្រនំកក់ក្តៅ ដោយក្នុងចំណោមតារាទាំងអស់តារាស្រីទាំង3 ទំនងជាមានអាទិភាពជាងគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here