កាលពីរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០២១ មុននេះ ពិធីការិនី កញ្ញា ឌួង ហ្សូរីម៉ា និង ក្រុមការងារ ដែលជាម្ចាស់ភាគហ៊ុននៅហាង Tube Coffee នៅសាខាប្ញស្សីកែវ បាននាំយកភេសជ្ជៈប្រចាំហាងរបស់ខ្លួន ចំនួន១០០០កែវ អមជាមួយនឹងភេសជ្ជៈ ខយ ចំនួន៦០០កែវផ្សេងទៀត យកមកឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកំពុងបម្រើការនៅកន្លែងព្យាបាលស្ថិតនៅអតីតសណ្ឋាគារ Intercon ក្បែរផ្សារដើមគរ។ ភេសជ្ជៈដែលយកមកប្រគល់ជូននេះ នឹងត្រូវបែងចែកជា៨ថ្ងៃ ដើម្បីក្រុមគ្រូពេទ្យជួរមុខ ទទួលទាន។
សកម្មភាពរបស់ កញ្ញា ឌួង ហ្សូរីម៉ា និង ក្រុមការងារក៏ចាត់ទុកថាជាការលើកទឹកចិត្តមួយក្នុងនាមជាពលរដ្ឋម្នាក់ ចំពោះការលះបង់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកំពុងប្រឈមនៅកន្លែងព្យាបាលអ្នកជំងឺផងដែរ។ កញ្ញា ឌួង ហ្សូរីម៉ា បញ្ជាក់ថា ក្រុមការងាររបស់កញ្ញា ដែលមាន ឌួង ហ្សូរីដា គឺបងស្រី ជាអ្នកផ្ដើមគំនិត មិនមែនទើបតែធ្វើសកម្មភាពយកចិត្តទុកដាក់ចំពោះក្រុមគ្រូពេទ្យនោះទេ ដោយកន្លងមកបានធ្វើច្រើនលើកមកហើយ តែលើកនេះគឺចាត់ទុកថាគឺសកម្មភាពដ៏ល្អមួយ សម្រាប់ក្រុមគ្រូពេទ្យជួរមុខ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅកន្លែងព្យាបាលដ៏ធំនៅកណ្ដាលភ្នំពេញ។
លោក កង ឧត្តមមុន្នីនាថ អ្នកគ្រប់គ្រង Tube Coffee នៅ ប្ញស្សីកែវ និង ជាក្រុមការងាចុះជួយក្នុងមូលនិធិមុទិតារបស់កញ្ញា ឌួង ហ្សូរីដា បញ្ជាក់ថា ជំនួយដែលបានយកមកជូននេះ មិនមែនជាជំនួយធំដុំទេ តែគឺជាលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងតែលំបាក។ ភេសជ្ជៈពី Tube Coffee ទាំង១០០០កែវនេះ បើគិតជាទឹកប្រាក់សរុបក៏ចំនួន៣០០០ដុល្លារដែរ តែក្រុមការងាររបស់លោកនៅតែយល់ថាមិនច្រើនទេ បើធៀបនឹងការលះបង់ដ៏ច្រើនរបស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់៕