កាលពីល្ងាចថ្ងៃទី៦ ឧសភា ឆ្នាំ២០២១ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានដឹកនាំជំនួយរបស់មូលនិធិ”ផ្ទះតារា” ដែលលោកគៀរគរបាន ពីក្រុមហ៊ុនអ្នកនាងស្រីអូន សម្រស់ធម្មជាតិ យកទៅចែកជូនដល់ពលរដ្ឋទៀតហើយ នៅក្នុងភូមិចំនួន២ ដែលស្ថិតនៅសង្កាត់ព្រែកប្រា។ ជំនួយដែលមូលនិធិ”ផ្ទះតារា”យកទៅប្រគល់ជូននេះ គឺបន្ទាប់ពីមានសំណើររបស់អ្នកតំណាងម្នាក់ ជាមួយនឹងការអះអាងថា ពលរដ្ឋដែលត្រូវបិទខ្ទប់ទាំងជាង២០គ្រួសារខ្វះខាតខ្លាំង។
លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិនិយាយថា ដោយសារតែការបរិច្ចាគរបស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ដែលបានបរិច្ចាគដល់មូលនិធិ”ផ្ទះតារា” ទើបធ្វើអោយមូលនិធិរបស់លោកមានលទ្ធភាពចាត់ចែងអំណោយទាំងនោះ យកទៅប្រគល់ជូនដល់ក្រុមអ្នកបិទខ្ទប់។ ជំនួយដែលបានប្រគល់ជូនរួមមាន អង្ករក្នុងមួយគ្រួសារ២០គីឡូ មីមួយកេស ត្រីខមួយយួរ និង ទឹកស៊ីអ៊ីវមួយយួរ។ មកទល់ពេលនេះ មូលនិធិ”ផ្ទះតារា” បានប្រើថវិកាដែលសប្បុរសជននានាផ្ដល់ជូន ជួយដល់ជនទីទ័លក្របានចំនួន១៨០គ្រួសារហើយ ដោយថវិកាដែលមូលនិធិបានទទួល ក៏ចាត់ចែងទិញជាស្បៀងអាហារជូនដល់មណ្ឌលកុមារមួយកន្លែងបានចំនួន២លើក និងមួយផ្នែកប្រើក្នុងការសាងសង់ដំបូលផ្ទះ និង ជញ្ជាំងផ្ទះជួយដល់គ្រួសារមួយផង។ លោក ផាត់ តារារដ្ឋ ជាប្រធានមូលនិធិ លោក រុន ណាកូ និង កញ្ញា វង្ស សុម៉ាលីន ដែលជាសហការីរបស់មូលនិធិ នៅតែបន្តចុះជួយដោយផ្ទាល់ដល់ពលរដ្ឋខ្វះខាត ដោយនឹងបន្តចុះចែកអំណោយរហូតទាល់តែអស់មូលនិធិ។