រយៈពេលចុងក្រោយមកនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវបានគេស្គាល់ថាគឺជាប្អូនស្រីបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេកត់សម្គាល់ថាកំពុងតែទទួលបាននូវប្រជាប្រិយភាពគួរអោយសរសើរ ក្នុងការសកម្មទាំងក្នុងកិច្ចការសង្គម និង សកម្មភាពសប្បុរសធម៌ ជាពិសេសគឺទឹកចិត្តបរិច្ចាគជួយដល់អ្នកសិល្បៈ ដែលមានជីវភាពខ្សត់ខ្សោយ។ លោកជំទាវ និង កូនស្រីដែល គឺអ្នកនាង នឹម ប៊វណ្ណៈ ដែលទើបត្រូវបានព្រះមហាក្សត្រប្រោសប្រទាមគោរមងារ ជាឧកញ៉ា ត្រូវគេឃើញទទួលបាននូវការចាប់អារម្មណ៍គួរអោយសរសើរ ដោយសារតែទឹកចិត្តសប្បុរសធម៌ក្នុងការបរិច្ចាគនារយៈពេលចុងក្រោយនេះ។
យោងតាមបណ្តាញសង្គម លោកជំទាវ ហ៊ុន ស៊ីណាត ដែលពោរពេញដោយចិត្តសប្បុរសធម៌ មិនត្រឹមតែសកម្មភាពនឹងការងារក្នុងនាមជាភរិយាមន្ត្រីជាន់ខ្ពស់តែម្យ៉ាងទេ លោកជំទាវក៏សកម្មផងដែរ ក្នុងការឈឺឆ្អាលជួយដល់សង្គម ជាពិសេសគឺចូលរួមជួយដល់អ្នកខ្សត់ខ្សោយ និង ឈឺឆ្អាលដល់អ្នករងអយុត្តិធម៌ផ្សេងៗ។ ជារឿយៗ លោកជំទាវមិនត្រឹមតែរំលែកនូវរឿងរ៉ាវពាក់ព័ន្ធនឹងសង្គមដែលមានប្រយោជន៍ប៉ុណ្ណោះទេ លោកជំទាវក៏តែឈឺឆ្អាលដល់សុខទុក្ខអ្នកមានជីវភាពខ្វះខាតធ្វើអោយមានការសរសើរ។ លោកជំទាវ និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាកូនស្រី តែងតែបរិច្ចាគទាន់ពេលជួយដល់អ្នកសិល្បៈ និង អ្នកមានទុក្ខខ្វះខាត ករណីដូចជាបរិច្ចាគថវិកាជួយធ្វើបុណ្យដល់អ្នកសិល្បៈមួយចំនួន គឺភស្តុតាងស្រាប់ ដែលធ្វើអោយលោកជំទាវទទួលបាននូវការចាប់អារម្មណ៍។
លោកជំទាវត្រូវបានគេកត់សម្គាល់ថា កំពុងក្លាយជាប្អូនស្រីថ្នាក់ដឹកនាំកំពូលតែម្នាក់ដែលទទួលបាននូវការគោរព និងបង្ហាញភាពស្និទ្ធិស្នាលជាមួយអ្នកខ្សត់ខ្សោយ ជាពិសេសគឺអ្នកសិល្បៈ ដែលខ្វះបង្អែក។ លោកជំទាវក៏តែងបង្ហាញខ្លួនដោយមិនប្រកាន់ នៅក្នុងកម្មវិធីអ្នកសិល្បៈ និង ក្នុងកម្មវិធីមួយចំនួន ប្រកបដោយក្ដីស្រលាញ់ និង ទឹកចិត្តសប្បុរសធម៌ផងដែរ ទើបធ្វើអោយលោកជំទាវត្រូវបានមហាជនកាន់តែច្រើនកោតសរសើរ ព្រមជាមួយនឹងការគោរពតពីមាត់មួយទៅមាត់មួយ។ លើសពីនេះ លោកជំទាវ ក៏ត្រូវគេដឹងថា រមែងមានទំនាក់ទំនងល្អជាមួយតារាសិល្បៈមួយចំនួន ប្រកបដោយទឹកចិត្តមេត្តា និង មិនរើសអើងផងដែរ។
អ្វីដែលមហាជនកាន់តែសរសើរមិនដាច់ពីមាត់ គឺទោះបីជាលោកជំទាវត្រូវគេដឹងថា គឺជាប្អូនស្រីបង្កើតរបស់ថ្នាក់ដឹកនាំកំពូល តែលោកជំទាវតែងដាក់ចិត្តដាក់កាយចំពោះមនុស្សនៅជុំវិញខ្លួន និងចូលរួមលើកស្ទួយជាប្រចាំនូវតម្លៃគុណធម៌ និង សីលធម៌ សាកសមជាបុគ្គលគំរូពិតៗ។ នេះជាគម្រូមួយ សម្រាប់ការចែករំលែកក្តី ស្រឡាញ់ ក្រោមដំបូលសន្តិភាព ស្របពេលសព្វថ្ងៃ ភាពជាមនុស្សធម៌ កំពុងក្លាយជាការចាប់អារម្មណ៍នៅក្នុងសង្គមផងនោះ។