កាលពីរសៀលថ្ងៃទី៨ ឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡុង សត្យា ក្រុមលេខាសម្ដេចនាយករដ្ឋមន្ត្រី បានដឹកនាំជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនស្រីអូនសម្រស់ធម្មជាតិ ចំនួនជាង៨០គ្រួសារ ជូនដល់ពលរដ្ឋដែលខ្វះខាតខ្លាំងក្នុងតំបន់២គឺមួយកន្លែងនៅផ្លូវវេងស្រេងជិតផ្សារត្រពាំងថ្លឹងចំនួន២១គ្រួសារ និង មួយកន្លែងទៀត គឺនៅស្ទឹងមានជ័យ មានចំនួនជាង៥០គ្រួសារ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” ក៏បានចូលរួមប្រគល់អំណោយក្នុងនាមជាអ្នកជំនួសមុខអោយអ្នកនាង ស្រីអូនសម្រស់ធម្មជាតិផងដែរ។


ឯកឧត្តម ឡុង សត្យា ក្រុមលេខាសម្ដេចនាយករដ្ឋមន្ត្រី និង ជាតំណាងអ្នកនាង ស្រីអូនសម្រស់ធម្មជាតិក្នុងពិធីចែកអំណោយទាំងពីរកន្លែងនោះ បញ្ជាក់ថា អំណោយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលឯកឧត្តមយកមកប្រគល់ជូននេះ ទី១គឺឯកឧត្តមមកតំណាងក្រុមហ៊ុនជាមួយនឹងលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បន្ទាប់ពីគ្រួសារនៅក្នុងបន្ទប់ជួលដាក់សំណើរទៅកាន់អ្នកនាងស្រីអូនសម្រស់ធម្មជាតិដោយផ្ទាល់ និង មួយកន្លែងទៀត ដែលមានចំនួនជាង៥០គ្រួសារ គឺអំណោយដែលឯកឧត្តម បានស្នើទៅកាន់ក្រុមហ៊ុន ក្រោយពីមានពលរដ្ឋទាំងជាង៥០គ្រួសារស្នើសុំមកកាន់ឯកឧត្តម។ ឯកឧត្តមថា សប្បាយចិត្តដែលបានចុះមកផ្ទាល់ ហើយឃើញសភាពនៃជីវភាពរបស់អ្នកទទួលអំណោយពិតជារស់នៅក្នុងបន្ទប់ជួល ហើយមើលទៅមានសភាពលំបាក។ លោកក៏ប្រកាសដឹកនាំជំនួយពីក្រុមហ៊ុនស្រីអូនសម្រស់ធម្មជាតិ ជួយដល់គ្រួសារខ្វះខាតផ្សេងទៀត ដែលមិនទាន់ទទួលបានជំនួយ ហើយមានការខ្វះខាតនោះផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហាញការកោតសរសើរចំពោះឯកឧត្តម ឡុង សត្យា ដែលបង្ហាញការឈឺឆ្អាលចំពោះពលរដ្ឋ ដោយលោកបញ្ជាក់ថា សកម្មភាពរបស់ឯកឧត្តម ក៏ជាការយកចិត្តទុកមួយបន្ថែមទៀតយ៉ាងកក់ក្ដៅ ក្នុងពេលចុះប្រគល់អំណោយអោយដោយផ្ទាល់ក្នុងនាមជាអ្នកជំនួសមុខអោយ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ផងដែរ។ ក្នុងនោះលោកក៏រឹតតែបង្ហាញនូវការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ផងដែរ ដែលពោរពេញដោយទឹកចិត្តសប្បុរសធម៌ នៅក្នុងកាលៈទេសៈពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here