កាលពីព្រឹកថ្ងៃទី១ មិថុនា ឆ្នាំ២០២១ ក្លិបបាល់ទាត់សមាគមកងយោធពលខេមរភូមិន្ទ បានប្រកាសពីកិច្ចកុងត្រារវាងក្លិប និងគ្រូបង្វឹកជនជាតិកូរ៉េដ៏ល្បីល្បាញនៅកម្ពុជា គឺលោក ក្នុងកិច្ចសហការចូលមកបង្វឹកក្រុមបាល់ទាត់មួយជាផ្លូវការ ដើម្បីធ្វើអោយកីឡាករបាល់ទាត់នៅក្នុងក្លិបនេះ កាន់តែមានការឈានឡើង។ ពិធីនេះ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម តែម ម៉ឺន និង មន្ត្រី ព្រមទាំងថ្នាក់ដឹកនាំប៉ុស្តិ៍លេខ៥ ដោយសារតែប្រធានគ្រប់គ្រងក្លិបមួយនេះគឺជាអគ្គនាយករបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥។

លោក លី តៃហ៊ុន Lee Tae-hoon ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់សមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមបាល់ទាត់មួយនេះ បានផ្ដល់សេចក្ដីទុកចិត្តអោយលោកធ្វើជាគ្រូបង្វឹក ដោយលោកនឹងដឹកនាំក្រុមកងយោធពលខេមរភូមិន្ទ នឹងប្រឹងដឹកនាំក្រុមមួយនេះ អោយទទួលបានផ្លែផ្កាល្អ ក្នងការប្រកួតលីគកំពូលរបស់កម្ពុជា ក្នុងពេលខាងមុខ។ លោកក៏បានបញ្ជាក់ផងដែរថា បើទោះជាក្នុងក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ មិនមានកីឡាករជាកីឡាករជម្រើសជាតិក្នុងក្រុម តែលោកបញ្ជាក់ថា ការដឹកនាំរបស់លោកកន្លងមក គឺលោកធ្វើការជាប្រព័ន្ធ គឺមិនសំដៅលើកីឡាករនោះទេ ហើយលោកក៏សំឡឹងឃើញថាក្នុងក្រុមនេះ មានកីឡាករល្អៗច្រើនណាស់ ដែលអាចជួយអោយក្លិបនឹងកាន់តែលេចធ្លោ។ លោកក៏បង្ហាញជំនឿចិត្តផងដែរថា វិស័យកីឡាករបាល់ទាត់នៅកម្ពុជា ក៏នឹងមានការឈានឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីទាំងមូលយ៉ាងយូរត្រឹមរយៈពេល១០ឆ្នាំទៅមុខ។ លោកក៏បានផ្ដាំផ្ញើអោយនៅតែបន្តយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព និង អនាម័យ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលមានជម្ងឺកីវីត១៩ផ្ទុះខ្លាំងនោះផងដែរ។

នៅក្នុងថ្ងៃនោះ ក៏ចាត់ទុកគឺជាប្រវត្តិសាស្ត្ររបស់ក្រុមសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទផងដែរ ដោយក្រៅពីទទួលបានគ្រូបង្វឹកឆ្នើមដែលមានបទពិសោធន៍ខ្ពស់ ក្រុមនេះក៏មានអ្នកអ្នកស្ពុនស័រថ្មី ដែលជួយរ៉ាប់រងការចំណាយលើឈុតថ្មី និង ការប្រកួត ដែលជួយសម្រួលការលំបាក និង កាន់តែងាយស្រួលដណ្ដើមយកភាពលេចធ្លោ។ មានការប៉ាន់ស្មានថា វត្តមានរបស់គ្រូបង្វឹកថ្មី ដែលមានស្នាដៃដឹកនាំក្រុមជម្រើសជាតិនៅក្នុងពេលនេះ គឺពិតជាធ្វើអោយក្រុមបាល់ទាត់សមាគមកងយោធពលខេមរភូមិន្ទ ទទួលបានការចាប់អារម្មណ៍ និង ឈានឡើងនៅក្នុងវិស័យបាល់ទាត់ ដោយលោកលី មិនត្រឹមតែបង្វឹកកីឡាករប៉ុណ្ណោះទេ តែក៏នឹងជួយរៀបចំក្រុម និង ជ្រើសរើសកីឡាករដើម្បីអោយមានការឈានឡើង។ លោក និង ក្លិបបានចុះហត្ថលេខាធ្វើការជាមួយគ្នារយៈពេល២ឆ្នាំ តែតាមការអះអាងរបស់អ្នកដឹកនាំក្លិបបានលើកឡើងថា ផ្លែផ្កាលេចធ្លោនៅមិនទាន់សង្ឃឹមក្នុងកម្រិតខ្ពស់នៅឡើយទេ ដោយសារតែក្នុងរយៈពេល២ឆ្នាំ គឺពិតជាមិនអាចផ្លាស់ប្ដូរក្លិបមួយអោយមានការឈានឡើងដោយស្រួលទេ ដ្បិតបើទោះជាគ្រូបង្វឹកដែលល្អប៉ុណ្ណា ក៏ត្រូវការពេលវេលាមួយវែង ដើម្បីអភិវឌ្ឍន៍អោយល្អផងដែរ។ ប្រធានក្លិបរំពឹងថា លោកលីនឹងបន្តការងារលើសពី២ឆ្នាំ ដោយកីឡាករនៅក្នុងក្លិបនេះ ក៏ចង់អោយលោក លី ដែលមានប្រវត្តិដឹកនាំក្រុមជម្រើសជាតិ និង ក្លិបមួយចំនួននៅវៀតណាម ជួយអោយក្លិបកងយោធពលខេមរភូិន្ទឈានឡើង។

គួរបញ្ជាក់ផងដែរថា លោក Lee Tae-hoon គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានចូលមកដឹកនាំក្រុមគោព្រៃកម្ពុជា ឬ ក្រុមជម្រើសជាតិកម្ពុជាបានចំនួន២លើក ដោយការដឹកនាំនាលើកទី១ ដ្បិតថាមិនសូវជាទទួលបានជោគជ័យខ្លាំង តែក៏សាងភាពលេចធ្លោមិនតិចដែរ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២។ ដោយមានអតីតភាពជាជំនួយការគ្រូបង្វឹករបស់ក្រុមកូរ៉េខាងត្បូងផងនោះ លោក Lee បានធ្វើឱ្យកូនក្រុមរបស់ខ្លួនមានភាពល្អប្រសើរឡើងជាលំដាប់ទាំងផ្នែកកាយសម្បទា ព្រមទាំងបច្ចេកទេសនៅលើទីលានផងដែរ។ ជាមួយគ្នានេះដែរ អ្វីដែលគេអាចមើលឃើញនោះគឺ គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះ បាននាំមកនូវបែបផែនដឹកនាំ រួមទាំងការបង្វឹកដល់កូនក្រុមរបស់ខ្លួនដោយអនុវត្តតាមវិធីសាស្ត្រដែលវិស័យបាល់ទាត់កូរ៉េធ្លាប់ធ្វើកន្លងមក។ ផ្តើមចេញពីក្រុមដ៏ខ្សោយមួយក្នុងតំបន់ លោក Lee បានដឹកនាំក្រុមមួយនេះ បោះជំហានទៅមុខជានិច្ច ជាពិសេសនៅពេលនេះសមាជិកក្រុមម្នាក់ៗសុទ្ធតែមានឆន្ទៈរឹងមាំ និងមានភក្តីភាពចំពោះក្រុមហើយព្យាយាមប្រយុទ្ធយ៉ាងស្វិតស្វាញរហូតដល់នាទីចុងក្រោយ។ មួយទៀតនោះគឺលោក Lee បានប្រើនូវទម្រង់ដែលគេមិនសូវជាបានជួបប្រទះនោះឡើយនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះ (ក្បូន ៣-៥-២) ។ លោក លី ក៏បានប្រកាសថា នឹងយកបទពិសោធន៍ដែលលោកធ្លាប់មានមកទាំងអស់ បូកជាមួយនឹងចំណេះដឹងថ្មីៗ ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់របស់ក្រុមកងយោធពលខេមរភូមិន្ទផងដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here