ភាពយន្តជីវិតទាំងខ្នាតតូចនិងធំជាច្រើនរបស់ Sastra Film កំពុងទទួលបានជោគជ័យមិនធម្មតាក្នុងការផលិត និងមានការចាប់អារម្មណ៍ទស្សនាយ៉ាងខ្លាំងពីសំណាក់មហាជន។មកទល់ពេលនេះ មហាជនកាន់តែច្រើន មិនត្រឹមតែអ្នករស់នៅក្នុងប្រទេសនោះទេ សូម្បីតែនៅក្រៅប្រទេស ក៏ភាគច្រើនច្រើនស្គាល់ និងជក់ចិត្តនឹងភាពយន្តជីវិត ដែលផលិតដោយផលិតកម្ម Sastra Film ដោយភាពយន្តទាំងនោះ ក្រោយការបង្ហោះឡើង គឺអាចនិយាយបានថា មិនមានភាពយន្តណា ដែលមានអ្នកទស្សនាតិចជាងលានដងនោះទេ។
សំណួរកំពុងតែចាក់ដោតមួយបានលើកឡើងថា ហេតុអ្វី ភាពយន្តជីវិត របស់ផលិតកម្មមួយនេះ អាចទាញចិត្តអ្នកទស្សនារហូតដល់ខ្ទង់លានដង សឹងតែគ្រប់រឿង ខណៈដែលក្នុងពេលនេះ ផលិតករផ្សេងទៀត ក៏បានរំលេចនូវភាពយន្តអប់រំ និង ភាពយន្តជីវិតបែបនេះដូចគ្នា វាយលុកលើយូធូប? ចម្លើយគឺមិនពិបាករកនោះទេ នោះគឺដោយសារភាពយន្តខ្លីរបស់ផលិតកម្មមួយនេះ សុទ្ធតែមានគុណភាពរូបភាពមិនខុសពីភាពយន្តស្ដង់ដារទូទៅ សាច់រឿងមានខ្លឹមសារ ជ្រើសរើសតួសម្ដែងបានស៊ីនឹងសាច់រឿង និងជាភាពយន្តដែលឆ្លុះបញ្ចាំងពីតថភាពិតក្នុងសង្គមច្រើនជាងប្រឌិតឡើង។
ស្នាដៃទាំងនោះ គឺអាចនិយាយបានថាបានទាក់ទាញអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និងខ្នាតវែង អោយជាប់ចិត្ត ទើបធ្វើអោយមាតិកាស្នាដៃរបស់ សាស្ត្រាហ្វៀម “ភាពយន្តជីវិត” មានតួលេខអ្នកទស្សនាច្រើនលានដង ស្ទើរតែគ្រប់រឿង។
ជោគជ័យដ៏គួរអោយសរសើរនេះ គឺដោយសារតែ“ភាពយន្តជីវិត”បានប្រមូលផ្តុំទៅដោយខ្សែរឿងដែលបានកើតឡើង ឬមានពិត ពាក់ព័ន្ធនឹងសង្គមសព្វថ្ងៃជាក់ស្តែងតែម្តង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រតែងសរសើរមិនដាច់ពីមាត់រាល់ភាពយន្តដែលសាស្រ្តាហ្វៀមបានផលិត។
ភាពយន្តជីវិត គឺជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមកបង្ហាញដល់អ្នកមើល ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិតមកអភិវឌ្ឍខ្លួនបាន។ គោលបំណងនៃភាពយន្តជីវិតនេះ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។
សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្តជីវិត មួយភាពយន្តមួយៗសាច់រឿងមានរយៈពេលប្រមាណ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រមិនដែលរំលងរាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបានផលិតឡើយ៕